អា​ល្លឺ​ម៉​ង់​និង​អា​ហ្ស​ង់​ទី​ន​ដណ្តើម​ជើងឯក​ World​ Cup​ 2014​ ខណៈ​ប្រេ​ស៊ី​ល​និង​ហូល្ល​ង់​ប្រជែង​យក​លេខ​៣

​ព្រឹត្តិការណ៍​ប្រកួត​កីឡាបាល់ទាត់​ពានរង្វាន់​ពិភពលោក​ឆ្នាំ​២០១៤​ (World​ Cup​ 2014)​ លើក​ទី​២០​នៅ​ប្រេ​ស៊ី​ល​ គឺ​ក្រុម​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់​ និង​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​ បាន​បោះ​ជំហាន​ឈាន​ទៅ​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ដណ្តើម​ជើងឯក​ បន្ទាប់​ពី​ក្រុម​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់​បាន​បំបាក់​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​ជា​ម្ចាស់ផ្ទះ​ក្នុង​លទ្ធផល​ (៧-១)​ ឲ្យ​ក្លាយជា​ប្រវត្តិសាស្ត្រ​អាក្រក់​របស់​កីឡាករ​បាល់ទាត់​ប្រេ​ស៊ី​ល​ និង​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​ផ្តួល​ក្រុម​ជម្រើសជាតិ​ហូល្ល​ង់​ក្នុង​លទ្ធផល​(៤-២)​ ដោយ​ប៉េ​ណា​ល់​ទី​ ក្រោយ​បញ្ចប់​ម៉ោង​បន្ថែម​ ខណៈ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​ និង​ក្រុម​ជម្រើសជាតិ​ហូល្ល​ង់​ត្រូវ​ប្រជែង​គ្នា​យក​លេខ​៣​ ។​

​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​ជា​ម្ចាស់ផ្ទះ​ និង​ក្រុម​ជម្រើសជាតិ​ហូល្ល​ង់​ដែល​ត្រូវ​ប្រជែង​គ្នា​យក​លេខ​៣​នោះ​ នឹង​ប្រកួត​នៅ​ថ្ងៃ​ទី​១២​ ខែកក្កដា​ ឆ្នាំ​២០១៤​ (​ត្រូវ​នឹង​ម៉ោង​០៣​ព្រឹក​នា​ថ្ងៃ​ទី​១៣​ ខែកក្កដា​ ឆ្នាំ​២០១៤​ ម៉ោង​នៅ​កម្ពុជា​)​ ។​

​ដោយឡែក​ ក្រុម​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់​ជា​ជើង​ខ្លាំង​មក​ពី​ទ្វីបអឺរ៉ុប​ និង​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​ជា​ជើង​ខ្លាំង​មក​ពី​ទ្វីបអាមេរិក​(​អា​មេ​រិ​ក​ខាងត្បូង​)​ ដែល​ត្រូវ​ដណ្តើម​យក​ជើងឯក​ពានរង្វាន់​បាល់ទាត់​ពិភពលោក​ឆ្នាំ​២០១៤​នោះ​ នឹង​ត្រូវ​ប្រកួត​នៅ​ថ្ងៃ​ទី​១៣​ ខែកក្កដា​ ឆ្នាំ​២០១៤​ (​ត្រូវ​នឹង​ម៉ោង​០២​ព្រឹក​ នា​ថ្ងៃ​ទី​១៤​ ខែកក្កដា​ ឆ្នាំ​២០១៤​ ម៉ោង​នៅ​កម្ពុជា​)​ ហើយ​ក៏​ជា​ថ្ងៃ​ដែល​ត្រូវ​បិទ​បញ្ចប់​ព្រឹត្តិការណ៍​ប្រកួត​កីឡាបាល់ទាត់​ពានរង្វាន់​ពិភពលោក​ឆ្នាំ​២០១៤​លើក​ទី​២០​ នៅ​ប្រទេស​ប្រេ​ស៊ី​ល​ផង​ដែរ​ ។​

​ក្នុង​ករណី​ក្រុម​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់​ឈ្នះ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​សម្រាប់​ World​ Cup​ 2014​នេះ​ គឺ​អា​ល្លឺ​ម៉​ង់​នឹង​ក្លាយជា​ជើងឯក​លើក​ទី​៤(​ឆ្នាំ​១៩៥៤,​ ១៩៧៤,១៩៩០​ និង​ឆ្នាំ​២០១៤)​ រីឯ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​ បើ​ឈ្នះ​ក្រុម​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់​ គឺ​អា​ហ្ស​ង់​ទី​ន​នឹង​ក្លាយជា​ជើងឯក​លើក​ទី​៣(​ឆ្នាំ​១៩៧៨,​ ១៩៨៦​ និង​ឆ្នាំ​២០១៤)​ ។​ ចំពោះ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​ ប្រសិនបើ​ឈ្នះ​លើ​ក្រុម​ជម្រើសជាតិ​ហូល្ល​ង់​ គឺ​ប្រេ​ស៊ី​ល​នឹង​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៣​លើក​ទី​៣(​ឆ្នាំ​១៩៣៨,​ ១៩៧៨​ និង​ឆ្នាំ​២០១៤)​ ផ្ទុយ​ទៅ​វិញ​ បើ​ក្រុម​ជម្រើសជាតិ​ហូល្ល​ង់​ឈ្នះ​លើ​ការ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​ គឺ​ហូល្ល​ង់​នឹង​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៣​ជា​លើក​ទី​១​របស់​ខ្លួន​(​ឆ្នាំ​២០១៤)​ ៕​

អា​ល្លឺ​ម៉​ង់​និង​អា​ហ្ស​ង់​ទី​ន​ដណ្តើម​ជើងឯក​ World​ Cup​ 2014​ ខណៈ​ប្រេ​ស៊ី​ល​និង​ហូល្ល​ង់​ប្រជែង​យក​លេខ​៣ អា​ល្លឺ​ម៉​ង់​និង​អា​ហ្ស​ង់​ទី​ន​ដណ្តើម​ជើងឯក​ World​ Cup​ 2014​ ខណៈ​ប្រេ​ស៊ី​ល​និង​ហូល្ល​ង់​ប្រជែង​យក​លេខ​៣

Related