ព័ត៌មាន​កីឡា​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​គប្បី​បន្ត​បិទ​បាំង​ឬ​បង្ហាញ​ដោយ​តម្លាភាព​ ?

​របៀបរបប​ដឹកនាំ​របស់​ស្ថាប័ន​កីឡា​ជាតិ​ដែល​គេ​ស្គាល់​ថា​ មាន​អគ្គនាយកដ្ឋាន​កីឡា​ជា​អង្គភាព​ជំនាញ​ ឬ​ជា​ភ្នែក​ច្រមុះ​ឲ្យ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ រហូត​មក​ដល់​ម៉ោង​នេះ​ ថ្ងៃនេះ​ ខែ​នេះ​ និង​ឆ្នាំ​២០១៤​នេះ​ គ្មាន​អ្វី​ប្រែប្រួល​គួរ​ឲ្យ​កត់សម្គាល់​សោះ​ គឺ​នៅ​តែ​ប្រកាន់​ទម្លាប់​ចាស់​គំរឹល​សំងំ​កើប​លុយ​ពុក​រលួយ​ពី​អត្ថប្រយោជន៍​របស់​ពហុ​កីឡដ្ឋាន​ជាតិ​(​ស្តា​ដ​)​អូ​ឡា​ពិ​ក​ សម្រាប់​ដាក់​ហោប៉ៅ​ចែក​គ្នា​ចាយ​ដដែល​ ។​ អតីត​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា​ចាស់​ ដែល​បាន​ដាក់​ចូល​និវត្តន៍៍​ កាលពី​ថ្ងៃ​ទី​០១​ ខែឧសភា​ ឆ្នាំ​២០១៣​កន្លង​ទៅ​ គឺ​ឯកឧត្តម​ ឡាក់​ សំអាត​នោះ​ធ្លាប់​មាន​ត្រណម​មិន​និយាយ​ជាមួយ​អ្នក​សារព័ត៌មាន​ សូ​ម្បី​ទស្សនៈ​តែ​បន្តិច​ជា​ដាច់ខាត​ ។​ លុះ​មក​ដល់​វេន​ឯកឧត្តម​ អ៊ុ​ក​ សិទ្ធិ​ជាតិ​ អតីត​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​ បាន​ឡើង​កាន់​តំណែង​ថ្មី​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា​ ជំនួស​ឯកឧត្តម​ ឡាក់​ សំអាត​ (​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៤១៣/៣៩៧​ ចុះ​ថ្ងៃ​ទី​២២​ ខែមេសា​ ឆ្នាំ​២០១៣)​ បាន​ដើរ​ចូល​ក្នុង​គន្លង​ចាស់​ដែល​មាន​រយៈពេល​ជាង​ ២០​ឆ្នាំ​មក​ហើយ​ដដែល​ ទាំង​របៀបរបប​គ្រប់គ្រង​ស្តា​ដ​អូ​ឡាំ​ពិ​ក​ក្តី​ ទាំង​ការ​រៀបចំ​សកម្មភាព​ប្រកួត​កីឡា​ថ្នាក់​ជាតិ​ក្តី​ ទាំង​ការ​ហ្វឹកហ្វឺន​កីឡា​ក្តី​ ទាំង​ការ​លាក់បាំង​ព័ត៌មាន​ទាក់ទង​នឹង​វិស័យ​កីឡា​ក្តី​ ។​

​មាន​ចំណុច​គូរ​ឲ្យ​ចាប់អារម្មណ៍​យ៉ាងច្រើន​ទាក់ទង​នឹង​ការ​ប្រតិបត្តិ​ របស់​អង្គភាព​ទាំង​៤​ ចំណុះ​ឲ្យ​អគ្គនាយកដ្ឋាន​កីឡា​នៃ​ក្រសួង​អប់់រំ​ យុវជន​ និង​កីឡា​ ដែល​មាន​ឯកឧត្តម​ អ៊ុ​ក​ សិទ្ធិ​ជាតិ​ ជា​អគ្គនាយក​ គឺ​ ៖​ ១-​នាយកដ្ឋាន​អប់រំ​កាយ​និង​កីឡា​ ដែល​ជា​អង្គភាព​អនុវត្តន៍​គម្រោង​ប្រកួត​កីឡា​ធំ​ជាងគេ​ និង​គ្រប់គ្រង​ស្តា​ដ​អូ​ឡាំ​ពិ​ក​ផ្ទាល់​ គឺ​នៅ​បន្ត​រក្សា​ទម្លាប់​ចាស់​ដដែល​ ។​ ២-​នាយកដ្ឋាន​កីឡា​ សិស្ស​ និង​និស្សិត​ក៏​គ្មាន​អ្វី​ប្លែក​ដែរ​ ។​ ៣-​វិទ្យាស្ថាន​អប់រំ​កាយ​និង​កីឡា​ បន្ត​បន្សល់​នូវ​ក្តី​ម​ន្ឌិ​ល​សង្ស័យ​ដល់​មជ្ឈដ្ឋាន​នានា​ថា​ សិស្ស​ប្រឡង​ជាប់​មានការ​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ និង​បក្ខពួក​និយម​ និង​៤-​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​ ដែល​ជា​អង្គភាព​គ្រប់គ្រង​ការ​ប្រមូលផ្តុំ​ក្រុម​ជម្រើសជាតិ​ក៏​ធ្លាប់​ល្បីល្បាញ​ខាង​កិបកេង​ប្រាក់​ពី​ការ​ទិញ​សម្ភារៈ​កីឡា​ និង​របប​ហូប​ចុក​ប្រចាំ​ថ្ងៃ​របស់​អត្ត​ព​លិ​ក​ជម្រើសជាតិ​ដែល​អវត្តមាន​ ។​

​បញ្ហា​១០០​ជំពូក​ដែល​បាន​កើតឡើង​នៅ​ក្នុង​ស្ថាប័ន​កីឡា​របស់​ជាតិ​នេះ​ គឺ​ឯកឧត្តម​ អ៊ុ​ក​ សិទ្ធិ​ជាតិ​ បាន​ដាក់​ចេញ​នូវ​ទស្សនៈ​ចង្អៀតចង្អល់​មួយ​ គឺ​មិន​ឲ្យ​អ្នក​សារព័ត៌មាន​ណា​ ក្រៅពី​បក្ខពួក​របស់​ខ្លួន​ ឬ​សរសេរ​លើកជើង​ សរសើរ​ខ្លួន​អាច​ទទួល​ព័ត៌មាន​បាន​ឡើយ​ តែបើ​ចង់បាន​ទទួល​ព័ត៌មាន​ លុះត្រាតែ​ទៅ​សុំ​ហត្ថលេខា​ពី​ឯកឧត្តម​បណ្ឌិត​ ហង់​ជួន​ ណា​រ៉ុ​ន​ ជា​រដ្ឋមន្ត្រីក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ (Sic!)​ ។​

​ប្រភព​ព័ត៌មាន​ពី​មនុស្ស​ស្និទ្ធ​ដែល​មាន​ជំនាញ​ខាងលើ​កជើង​ឯកឧត្តម​ អ៊ុ​ក​ សិទ្ធិ​ជាតិ​ បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា​ នា​ពេល​កន្លង​មក​ ឯកឧត្តម​ អ៊ុ​ក​ សិទ្ធិ​ជាតិ​ ធ្លាប់​បាន​ប្រមាថ​ និង​គំរាម​ប្តឹង​ទៅ​លើ​អ្នក​សារព័ត៌មាន​មួយ​ចំនួន​រួច​ហើយ​ ដែល​សរសេរ​ចុះ​ផ្សាយ​អំពី​រឿងអាស្រូវ​ពុក​រលួយ​នៅ​ក្នុង​ការ​គ្រប់គ្រង​អាជីវកម្ម​លើ​ស្តា​ដ​ឡាំ​ពិ​ក​ ដែល​បាន​ផ្តល់​ចំណូល​ដល់​មន្ត្រី​ពាក់ព័ន្ធ​ចំនួន​ប្រមាណ​ជាង​១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ខែ​

​មជ្ឈដ្ឋាន​អ្នក​តាមដាន​វិស័យ​កីឡា​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ស្ថានភាព​ស្តា​ដ​អូ​ឡាំ​ពិ​ក​បច្ចុប្បន្ន​ បាន​បាត់បង់​ពី​ស្ថានភាព​ដើម​របស់​ខ្លួន​ហើយៗ​ការ​គ្រប់គ្រង​ស្តា​ដ​អូ​ឡាំ​ពិ​ក​ ក៏​សំដៅ​ទៅ​លើ​ផលប្រយោជន៍​ដាក់​ហោប៉ៅ​របស់​មន្ត្រី​ជា​ធំ​ដែរ​ ជា​អាទិ៍​ ការ​ពុះ​ច្រៀក​ដី​ស្តា​ដ​កាត់​អង្កន់​ដាក់​ជួល​ ឬ​វិនិយោគ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ធ្វើ​អាជីវកម្ម​តាំងពី​ខ្នាត​តូច​រហូត​ដល់​ខ្នាត​ធំ​ ការ​យក​ទីតាំង​ស្តា​ដ​ជួល​ធ្វើ​អាជីវកម្ម​ផ្ញើ​ទោចក្រយានយន្ត​ និង​រថយន្ត​ ប្រមូល​បាន​លុយកាក់​យ៉ាង​ក្រាស់ក្រែល​…​ខណៈ​ដែល​ករណី​នេះ​ ឯកឧត្តម​ ស៊ា​ន​ បូ​រ៉ាត​ មើល​មិនឃើញ​ឡើយ​ ដ្បិត​ឯកឧត្តម​រូប​នេះ​កាន់កាប់​តំណែង​ជា​រដ្ឋលេខាធិការ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ទទួល​បន្ទុក​ផ្នែក​កីឡា​ផង​ និង​ជា​អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​(ACU)​ផង​ (Resic!)​  ៕​

ព័ត៌មាន​កីឡា​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​គប្បី​បន្ត​បិទ​បាំង​ឬ​បង្ហាញ​ដោយ​តម្លាភាព​ ? ព័ត៌មាន​កីឡា​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​គប្បី​បន្ត​បិទ​បាំង​ឬ​បង្ហាញ​ដោយ​តម្លាភាព​ ? ព័ត៌មាន​កីឡា​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​គប្បី​បន្ត​បិទ​បាំង​ឬ​បង្ហាញ​ដោយ​តម្លាភាព​ ?

Related