ប៊ិះ​ស្លាប់​ប៉ិអើយ! ព្រោះលួចចំប្រព័ន្ធ GPS

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់ក្នុង​ចំណោម​២​នាក់ ត្រូវ​បាន​ម្ចាស់ផ្ទះ​ស្រាវជ្រាវ​តាម​រយៈ ប្រព័ន្ធ GPS ក្នុង​ទូរស័ព្ទ​ដៃ ក៏​ធ្វើការ​ឃាត់ខ្លួន​បាន​វាយ​យ៉ាង​ដំណំ និង​ចាប់​ប្រគល់​ឱ្យ​ប៉ូលិស ដែលហេតុការណ៍នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​០៦ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ មេ​សា ២០១៦ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ បន្ទាប់​ពី​​ធ្វើ​សកម្មភាព​គាស់​ដំបូលផ្ទះ​ចូល​ទ្រព្យសម្បត្តិជាច្រើន ។

ប្រភព​ឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​ឃុំ ថាវ ហៅ​ពៅ អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​មិន​ពិតប្រាកដ ។ ចំណែកឯ​ម្ចាស់ផ្ទះ​ត្រូវ​គេ​ស្គាល់​ឈ្មោះ​ឌី ឃ្លាំង មាន​ទី​លំនៅ​​ក្បែរ​កន្លែង​ខាងលើ ។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ នៅ​វេលា​ម៉ោង​០១ និង​៥០​នាទី​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​៣០ មេ​សា ២០១៦ ជនសង្ស័យ​២​នាក់​ចូល​ធ្វើ​សកម្មភាព​ ដោយ​ឡើង​តាម​របង​ផ្ទះ​គេ​ ចូល​ទៅ​លួច​នៅផ្ទះ​លេខ​៤៣ (​ផ្ទះ​កើតហេតុ​) ដោយ​យក​បាន​ទូរស័ព្ទ​ស៊េរី​ទំនើប​៣​គ្រឿង និង​បន្តោង​មាន​តម្លៃ​ដាំ​ត្បូង​រូប​​សត្វ រួច​​​នាំ​គ្នា​គេចខ្លួន​អស់ ។ បន្ទាប់​មកក៏​មាន​ភ្ញាក់ផ្អើល​ដល់​ម្ចាស់ផ្ទះ ធ្វើការ​ស្រាវជ្រាវរ​កតាម​រយៈ​ប្រព័ន្ធ GPS ដាក់​ក្នុង​ទូរស័ព្ទ​ដែល​បាត់​នោះ ទើប​ចាប់​ជនសង្ស័យ​បាន​នៅ​ចំណុច​ខាងលើ ហើយ​ត្រូវ​ប្រជាពលរដ្ឋ​ព្រួត​វាយ​ស្ទើរ​ស្លាប់​ស្ទើរ​រស់​តែ​ម្តង ។