ACU មិនទាន់​បញ្ជូន​មន្ត្រី​អា​ហុក​និង​មន្ត្រី​គ​.​ជ​.​ប ទៅ​តុលាការ​ទេ​

​រហូតមកដល់​ម៉ោង​ជិត​១២​ថ្ងៃ​ត្រង់នេះ គេ​មិនទាន់​ឃើញ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បញ្ជូន មន្ត្រី​អាដហុក​ទាំង​៤​រូប រួមទាំង​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ១​រូប​ផង​នោះ ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ឡើយ​។ ពួកគេ​ទាំង​៥​នាក់ ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឃាត់ខ្លួន បន្ទាប់ពី​បញ្ចប់​ការសាកសួរ​អស់​រយៈពេល​២​ថ្ងៃ​កន្លងមក​។

​អង្គភាព​ប្រឆាំង​អំពើពុករលួយ នៅតែ​រក្សាខ្លួន លោក នី ចរិយា អគ្គលេខាធិការរងរ​បស់ គ​.​ជ​.​ប និង​មន្ត្រី​អាដហុក​ទាំង​៤​នាក់​ទៀត នៅក្នុង​ស្ថាប័ន​របស់ខ្លួន​នៅ​ឡើង​ទេ រហូតមកដល់​ពេលនេះ​។ មន្ត្រី​អាដហុក​ទាំង​៤​នោះ គឺ លោក នី សុខា​, លោក យី សុខសាន្ត​, លោក ណៃ វង់​ដា និង​លោកស្រី លឹម មុនី​។ 

​រីឯ ក្រុមគ្រួសារ​និងសាច់ញាតិរបស់​មន្ត្រី​សង្គម​ស៊ីវិល​ទាំងនោះ នៅតែ​បន្ត​រងចាំ​ជួប​ពួកគេ​នៅមុខ​អង្គភាព​ប្រឆាំង​អំពើពុករលួយ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែមេសា​នេះ​។

ACU មិនទាន់​បញ្ជូន​មន្ត្រី​អា​ហុក​និង​មន្ត្រី​គ​.​ជ​.​ប ទៅ​តុលាការ​ទេ​

​យ៉ាងណាក៏ដោយ មិនទាន់មាន​ភាគី​ណាមួយ អាច​បញ្ជាក់​ឲ្យ​ច្បាស់​ថា មន្ត្រី​អាដហុក​និង​មន្ត្រី​គ​.​ជ​.​ប នឹងត្រូវ​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅពេលណា​នោះទេ​។ ជុំវិញ​បញ្ហា​នេះ សារព័ត៌មាន​ថ្មីៗ មិនអាច​សុំ​ការបំភ្លឺ​ពី​លោក ធន់ សារាយ ប្រធាន​សមាគម​អាដហុក បានទេ ដោយសារតែ​ហៅ​ទូរ​សព្ទ​ចូល​ដែរ តែ​លោក មិនបាន​ទទួល​។ 

​សូមបញ្ជាក់ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ឃាត់ខ្លួន​ជន​ទាំង​៥​រូប​ខាងលើ កាលពី​ថ្ងៃទី​២៩ ខែមេសា បន្ទាប់ពី​ស្ថាប័ន​មួយ​នេះ​បញ្ចប់​ការសាកសួរ​ពួកគេ​អស់​រយៈពេល​២​ថ្ងៃ​កន្លងមក​។ ការសាកសួរ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ធ្វើឡើង​ក្រោយពី​កញ្ញា ខុម ចាន់​តារា​ទី ហៅ​ស្រីមុំ លាតត្រដាង​លិខិត​ចំនួន​៤​ទំព័រ ដែល​សរសេរ​ដៃ​ផ្ទាល់​។ ក្នុង​លិខិត​បើ​ចំហ​នោះ កញ្ញា ខុម ចាន់​តារា​ទី បាន​ចោទ​មន្ត្រី​ខាងលើ ថា​បាន​បញ្ចុះបញ្ចូល​នាង​ឲ្យ​និយាយ​កុហក​មហាជន​និង​សមត្ថកិច្ច ជុំវិញ​ទំនាក់ទំនង​ស្នេហា​របស់ខ្លួន ជាមួយ​ឯកឧត្តម កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​។​

​អង្គការក្រៅរដ្ឋាភិបាល​ចំនួន​២៧ បានចេញ​សេចក្តីថ្លែងការណ៍​រួមមួយ ដើម្បី​ថ្កោលទោស​ចំពោះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​បាន​កោះហៅ​និង​សាកសួរ​មន្ត្រី​សង្គម​ស៊ីវិល ខណៈដែល​ពួក​បាន​បំពេញបេសកកម្ម​របស់​ខ្លួន​ដោយ​ស្របច្បាប់​កន្លងមក​។ ក្រុម​សង្គម​ស៊ីវិល​ទាំងនោះ បានចាត់ទុក​ការស៊ើបអង្កេត​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មកលើ​ស​កម្ម​ភាពស្របច្បាប់​រប​ស់​មន្ត្រី​អាដហុក និង​អ្នក​ផ្សេងទៀត ថា​ប្រាសចាក​ពី​ដែន​សមត្ថកិច្ច​របស់ខ្លួន​។ ពួកគេ បាន​អះអាង​ក្នុង​សេចក្តីថ្លែងការណ៍​នោះ​ថា ការចាត់វិធានការ​ម​កលើ​មន្ត្រី​នៃ​អង្គការក្រៅរដ្ឋាភិបាល​ដូច្នេះ មិនមែនជា​បំណង​ក្នុងការ​កម្ចាត់​អំពើពុករលួយ​នោះទេ ប៉ុន្តែ​វា​ចេតនា​ក្នុងការ​បន្ទច់បង្អាក់​និង​ការយាយី​ដល់​សកម្មភាព​ការពារ​សិទ្ធិមនុស្ស​របស់​របស​ក្រុម​សង្គម​ស៊ីវិល ទៅវិញ​៕