ពលរដ្ឋ​នៅ​ស្រុក​ថាឡាបរិវ៉ាត់​ជីក​អណ្ដូង​ច្រោះ​យក​ទឹក​តាម​អូរ​ដើម្បី​ប្រើប្រាស់​ប្រចាំថ្ងៃ

ពលរដ្ឋ​រស់​នៅ​ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង ដែល​ជួប​គ្រោះ​រាំងស្ងួត បាន​ជីក​អណ្ដូង​ចម្រោះ​យក​ទឹក​តាម​អូរ ដើម្បី​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ បន្ទាប់​ពី​ទឹក​អណ្ដូង​ភាគ​ច្រើន​រីងខះ ពុំ​មាន​ទឹក។ អ្នក​ភូមិ​ថា ការ​ជីក​អណ្ដូង​តាម​អូរ​ច្រោះ​យក​ទឹក អាច​ប្រើប្រាស់​បាន​មួយ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ។

ពលរដ្ឋ​រស់នៅ​ឃុំ​ចម្ការលើ និង​ឃុំ​អន្លង់ភេ ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង បារម្ភ​ពី​ការ​ខ្វះខាត​ទឹក​ប្រើប្រាស់​សម្រាប់​ទ្រទ្រង់​ជីវភាព​ប្រចាំថ្ងៃ បន្ទាប់ពី​ប្រភព​ទឹក​សំខាន់ៗ​នៅ​មូលដ្ឋាន​ដែល​ធ្លាប់​ទ្រទ្រង់​ជីវភាព​អ្នក​ភូមិ​បាន​រីង​ហួតហែង​ជា​បណ្ដើរៗ។

អ្នក​ភូមិ​អះអាង​ថា ការ​ជីក​រណ្ដៅ​ចម្រោះ​ទឹក​កណ្ដាល​អូរ ដើម្បី​ទាញ​យក​ទឹក​ប្រើប្រាស់​បណ្ដោះអាសន្ន គឺ​ជា​ជម្រើស​ចុង​ក្រោយ​របស់​ពួក​គេ។

ពលរដ្ឋ​រស់​នៅ​ឃុំ​ចម្ការលើ ស្រុក​ថាឡាបរិវ៉ាត់ លោកស្រី កើត សារ៉េន និយាយ​ថា កង្វះ​ទឹក​ប្រើប្រាស់​បង្ក​ការ​លំបាក​ធ្ងន់ធ្ងរ​ដល់​ការ​រស់​នៅ​របស់​ពួកគាត់ បន្ទាប់​ពី​គាត់​បាន​ធ្វើ​ដំណើរ​ជិត ២​គីឡូម៉ែត្រ​រៀងរាល់​ថ្ងៃ ដើម្បី​ដង​ទឹក​នៅ​អូរ។ លោកស្រី​ថា ទឹកអូរ​ដែល​ពួកគាត់​ច្រើន​ដង​ឆ្ងាយ​ពី​ភូមិ​កន្លង​មក ក៏​កំពុង​រីង​ខះ​បណ្ដើរៗ​ដែរ៖ «២​គីឡូម៉ែត្រ ទៅ ៣​គីឡូម៉ែត្រ​ពី​ឆ្ងាយ​ណាស់ ប្រុសៗ​រែក ប្រពន្ធ​ទូល​ទៅ។ លំបាក​ណាស់​ពូ លំបាក​នឹង​ឆ្លង​កាត់​ទៅ​ដង​ទឹក វា​ព្រៃ។ កាត់​ព្រៃ​កាត់​ថ្ងៃ​វាល។ ជួនណា​ខ្ញុំ​ម៉ោង ១០ ទៅ ១១ ទៅ​ដង​ទឹក​ខ្លាច​មិន​ទាន់​គេ»

ពលរដ្ឋ​ម្នាក់​ទៀត​រស់​នៅ​ភូមិ​វាលពោធិ៍ ឃុំ​អន្លង់ភេ ស្រុក​ថាឡាបរិវ៉ាត់ លោក ឈុន ប៊ុនកាន់ បារម្ភ​ថា សព្វថ្ងៃ​អ្នក​ភូមិ​កំពុង​ដណ្ដើម​គ្នា​ដងទឹក​ពី​រណ្ដៅ​តាម​អូរ ដែល​ពួកគេ​ស្ដារ​កន្លង​មក​ដើម្បី​យក​ប្រើប្រាស់។ លោក​ថា អ្នក​ភូមិ​ខ្លះ​បាន​ទួល​រែក​ធុង​ជញ្ជូន​ទឹក​យក​មក​ប្រើប្រាស់​ដោយ​ធ្វើ​ដំណើរ​ច្រើន​គីឡូម៉ែត្រ ដើម្បី​ស្វែង​រក​ទឹក​តាម​អូរ។ ជាង​នេះ​ទៀត មាន​អ្នក​ភូមិ​មួយ​ចំនួន​ត្រូវ​បង្ខំ​ចិត្ត​ប្រើប្រាស់​ទឹក​ល្អក់​មិន​ស្អាត​ដែល​ដង​ពី​បាត​អូរ និង​ស្រះ៖ «ខ្វះ​ទឹក​លំបាក​មួយ​អត់​ទឹក​ហូប អត់​ទឹក​ដាំ​បាយ​ហូប អត់​ទឹក​មុជ។ ទឹក​ប៉ះ​វាល​ថ្លា​ជូន​កាល​ក៏​ល្អក់​ទៅ»

ឃុំ​អន្លង់ភេ មាន​ពលរដ្ឋ​រស់​នៅ​ចំនួន ៨៣៣​គ្រួសារ ក្នុង​នោះ​ពលរដ្ឋ​ជាង ៨០​ភាគរយ​កំពុង​ខ្វះខាត​ទឹក​ប្រើប្រាស់។ ស្រុក​ថាឡាបរិវ៉ាត់ មាន​ឃុំ​ចំនួន ៥ ដែល​ប្រឈម​ខ្វះខាត​ទឹក​ប្រើប្រាស់​ខ្លាំង គឺ​ឃុំ​អន្លង់ភេ ឃុំ​ស្រែឫស្សី ឃុំ​ចម្ការលើ ឃុំ​អន្លង់ជ្រៃ និង​ឃុំ​ថាឡាបរិវ៉ាត់។

អភិបាល​រង​ស្រុក​ថាឡាបរិវ៉ាត់ លោក កុច ភារៈ មាន​ប្រសាសន៍​ថា អាជ្ញាធរ​ស្រុក​កំពុង​ដឹក​ជញ្ជូន​ទឹក​ចែក​ជូន​ពលរដ្ឋ​គ្រប់​ឃុំ​ទាំង​អស់​ទូទាំង​ស្រុក​ថាឡាបរិវ៉ាត់។ លោក​ថា វិធានការ​ដំបូង​អាជ្ញាធរ​បាន​ស្រាវជ្រាវ​ជីក​រក​ប្រភព​ទឹក​ជូន​ពលរដ្ឋ និង​ជួសជុល​អណ្ដូងស្នប់​ដែល​ខូច​ដើម្បី​សង្គ្រោះ​ជា​បន្ទាន់៖ «រៀបចំ​យន្តការ​អន្តរាគមន៍​ជា​បន្ទាន់​ចំពោះ​ការ​ខ្វះខាត​ទឹក​របស់​ពលរដ្ឋ ដែល​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នេះ។ ក្នុង​នោះ​យើង​ស្រាវជ្រាវ​យក​ប្រភព​ទឹក​អាច​នឹង​ជីក»

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា ហៅ​កាត់​ថា (ANSA) លោក សន ជ័យ ឲ្យ​ដឹង​ថា គ្រោះ​រាំង​ស្ងួត និង​បាតុភូត​គ្រោះធម្មជាតិ​ក្នុង​ឆ្នាំ​២០១៦ នេះ គឺ​ជា​សញ្ញា​បង្ហាញ​ពី​ភាព​ងាយ​រង​គ្រោះ​ខ្លាំង​សម្រាប់​ពលរដ្ឋ​នៅ​មូលដ្ឋាន។ ពួកគាត់​ត្រូវ​ខាតបង់​ទ្រព្យ​សម្បត្តិ និង​សត្វ​ពាហនៈ និង​ការ​ខ្វះខាត​ទឹក​ប្រើប្រាស់​ជាដើម ដែល​ជា​ឧបសគ្គ​ចម្បង​រុញច្រាន​ឲ្យ​ជីវភាព​ពួកគេ​ធ្លាក់​ចុះ៖ «ការ​ដោះស្រាយ​ដើម្បី​ដោះស្រាយ​រយៈពេល​វែង​ដូចជា ជីក​ប្រឡាយ​ធ្វើ​ឲ្យ​សហគមន៍​ស្តុក​ទឹក​ទុក»

គ្រោះ​រាំង​ស្ងួត​នៅ​ខែត្រ​ស្ទឹងត្រែង បាន​កើត​ឡើង​ស្ទើរ​គ្រប់​ស្រុក​នៃ​ខែត្រ​ស្ទឹងត្រែង ក្នុង​នោះ​ស្រុក​ដែល​រង​គ្រោះ​ធ្ងន់ធ្ងរ​ជាង​គេ គឺ​ស្រុក​សៀមប៉ាង និង​ស្រុក​ថាឡាបរិវ៉ាត់។ ដោយ​ឡែក​ស្រុក​សៀមប៉ាង អាជ្ញាធរ​ស្រុក​សៀមប៉ាង ឲ្យ​ដឹង​ថា នៅ​ឃុំ​ចំនួន ៣ គឺ​ឃុំ​ស្រែសំបូរ ឃុំ​ព្រែកមាស និង​ឃុំ​សេកុង មាន​គោក្របី​រាប់​រយ​ក្បាល​ងាប់ នៅ​ពេល​អ្នក​ភូមិ​លែង​សត្វ​ទាំង​នោះ​អោយ​ចូល​ព្រៃ​តាម​ទម្លាប់។

ទន្ទឹម​នឹង​នេះ អ្នក​ភូមិ​ភាគ​ច្រើន បាន​ស្វែង​រក​ចំណី​ឲ្យ​គោក្របី នៅ​ឆ្ងាយៗ​ជា​រៀងរាល់​ថ្ងៃ ដោយ​ធ្វើ​ដំណើរ​តាម​គោយន្ត និង​ម៉ូតូ ខ្លះ​ក៏​ដើរ បន្ទាប់​ពី​ពួកគេ​បាន​ចាប់​គោ​ក្របី​ពី​ព្រៃ​មក​ចង​នៅ​ផ្ទះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។