ពលរដ្ឋ​នៅ​​ពោធិ៍សាត់​​ខ្លះ​មិន​ពេញ​នឹង​ការ​អភិវឌ្ឍ​ស្ពាន​កសាង​ក្នុង​របប​ប៉ុលពត

ពលរដ្ឋ​រស់​នៅ​ស្រុក​កណ្ដៀង និង​ក្រុង​ពោធិ៍សាត់ ខ្លះ មិន​ពេញ​ចិត្ត​ចំពោះ​សកម្មភាព​វាយ​កម្ទេច​ទំនប់​ស្ទាក់​ទឹក​ក្បាលហុង ដែល​កសាង​ក្នុង​របប ប៉ុល ពត ដើម្បី​អភិវឌ្ឍ។ អាជ្ញាធរ​បញ្ជាក់​ថា ទំនប់​ដែល​បាន​កម្ទេច​នោះ​មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង ហើយ​ការ​អភិវឌ្ឍ​ទំនប់​ថ្មី អាច​ជួយ​លើក​កម្ពស់​សោភ័ណភាព​ក្រុង​ផង និង​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ ព្រមទាំង​រក្សា​ទឹក​ប្រើប្រាស់។

មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់ បាន​ប្រើ​ពេល ៥​ថ្ងៃ ដើម្បី​កម្ទេច​ទំនប់​ស្ទាក់​ទឹក​ក្បាលហុង ហើយ​កំពុង​រៀបចំ​អភិវឌ្ឍន៍​ស្ពានយោល និង​ទំនប់​ស្ទាក់​ទឹក​ថ្មី​មួយ​ជំនួស​វិញ​នៅ​ក្បែរ​នោះ។ ពលរដ្ឋ​ដែល​មិន​ពេញ​ចិត្ត​នឹង​ការ​អភិវឌ្ឍ​នេះ ថា​អាជ្ញាធរ​មិន​បាន​ផ្សព្វផ្សាយ​ទូលំទូលាយ​ដល់​ពលរដ្ឋ​ពី​គម្រោង ខណៈ​ពួកគាត់​បារម្ភ​ប៉ះពាល់​ផ្ទះ​សម្បែង អស់​ដី​ខ្សាច់​បណ្ដុះ​សណ្ដែក និង​ស្ដាយ​ស្ពាន​ចាស់។

ពលរដ្ឋ​ម្នាក់​រស់​នៅ​សង្កាត់​បន្ទាយដី ក្រុង​ពោធិ៍សាត់ គឺ​លោកស្រី នួន ណារី មាន​ប្រសាសន៍​ថា ទំនប់​ក្បាលហុង ចាស់ តែ​អាច​ធ្វើ​ដំណើរ​ថ្មើរ​ជើង ឬ​ជិះ​កង់​ឆ្លងកាត់​បាន និង​អាច​រក្សា​ដី​ខ្សាច់​បាន​ច្រើន​ពី​ការ​ហូរ​ច្រោះ​ទៅ​ក្រោម។ លោកស្រី​ថា អ្នកភូមិ​ប្រមាណ ១០​គ្រួសារ ពឹង​លើ​ខ្សាច់​ពី​ក្បែរ​ទំនប់ ក្នុង​បាត​ស្ទឹង​ពោធិ៍សាត់ ក្នុង​ការ​បណ្ដុះ​សណ្ដែក​យក​ទៅ​លក់​នៅ​លើ​ទីផ្សារ ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ៖ «ម្នាក់ៗ​ស្ដុក​ដី ៤០​គូប​អ៊ីចឹង​ទៅ តាម​អ្នក​ដែល​បណ្ដុះ​តិច ឬ​ច្រើន! ដល់​ស្ពាន​ហ្នឹង​វាយ​ចោល​អ៊ីចឹង​ទៅ មិន​ដឹង​ថា ថ្ងៃ​ក្រោយ​អាច​មាន​ដី​ខ្សាច់​កល់​ម្ដុំ​យើង ឬ​អត់»

ទាក់ទង​បញ្ហា​នេះ មេ​ឃុំ​វាល ស្រុក​កណ្ដៀង លោក ស៊ិន សុផា ដែល​គ្រប់គ្រង​ទឹក​ដី​រដ្ឋបាល​នៅ​ត្រើយ​ខាង​លិច នៃ​ទំនប់​ស្ទាក់​ទឹក​ក្បាលហុង ឲ្យ​ដឹង​ថា ទំនប់​ចាស់​បាន​វាយ​ចោល​រួច​រាល់ ហើយ​កំពុង​រៀបចំ​ធ្វើ​ទំនប់​ស្ទាក់​ទឹក​ថ្មី​ដែល​មាន​កម្ពស់​ប្រមាណ​ជិត ២​ម៉ែត្រ និង​បណ្ដោយ​ជាង ១០០​ម៉ែត្រ។ លោក​ថា អ្នក​ដែល​ជំទាស់​នឹង​គម្រោង​នេះ​មាន​ភាគ​តិច ប៉ុន្តែ​ទំនប់ និង​ស្ពាន​ថ្មី​មាន​អត្ថប្រយោជន៍​ច្រើន​ដល់​ពលរដ្ឋ៖ «ពី​មុន​អា​ក្បាលហុង (ទំនប់​ស្ទាក់​ទឹក) អត់​ប្រយោជន៍​ទេ ពុក​អស់​ហើយ អា​ខឿន​លើ​ហ្នឹង​នោះ។ បើ​ទំនប់​បង្ហៀរ​ទឹក (ទំនប់​ថ្មី) កើត​ឡើង គឺ​បាន​ទប់​ទឹក​នៅ​ខាង​លើ​ដើម្បី​ឲ្យ​ធនធាន​ទឹក មាន​លទ្ធភាព​បូម​សម្រាប់​បម្រើ​ឲ្យ​សេវា (ទឹក​ស្អាត) ទូទាំង​ខេត្ត បើ​កាល​ណា​អត់​មាន​អា​ហ្នឹង​ទេ ទឹក​ទៅ​អស់​រលីង។ រាល់​ថ្ងៃ វា​មាន​តំបន់​នេះ​មាន​ទឹក តំបន់​អត់​ទឹក​ដោយសារ​អត់​ទឹក​បូម»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​ខេត្ត​ពោធិ៍សាត់ លោក កែវ វៃ ដើម្បី​លម្អិត​លើ​គម្រោង​អភិវឌ្ឍន៍​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៩ ខែ​មេសា។ ប៉ុន្តែ​អភិបាល​ខេត្ត​ពោធិ៍សាត់ លោក ម៉ៅ ធនិន បញ្ជាក់​យ៉ាង​ខ្លី​មុន​នឹង​ចុច​ផ្ដាច់​ទូរស័ព្ទ​ថា នេះ​គឺ​ជា​គម្រោង​កែ​លំអ​នៅ​ក្នុង​ក្រុង ហើយ​លោក​មិន​ចង់​និយាយ​ពី​បញ្ហា​កើត​ចេញ​ពី​ការ​អភិវឌ្ឍ ឬ​រឿងរ៉ាវ​កំប៉ិកកំប៉ុក​នេះ​ទេ៖ «ជា​ការ​កែទម្រង់ ការ​អភិវឌ្ឍ កែ​លម្អ​ក្រុង កែ​លម្អ​អី។ របស់​ដែល​យើង​បោះ​ចោល​យើង​យក​មក​កែច្នៃ ធ្វើ​ឲ្យ​មាន​ប្រយោជន៍។ សួរ​ទៅ​ខាង​ធនធាន​ទឹក​ទៅ​បង ខ្ញុំ​គ្មាន​ឆ្លើយ​ជាមួយ​បង​អា​រឿង​កាប៉ិកកាប៉ុក​អ៊ីចឹង​ទេ»

ពលរដ្ឋ​រស់​នៅ​ប្រប​មាត់​ស្ទឹង​ពោធិ៍សាត់ ដែល​មាន​ផ្ទះ​នៅ​ត្រើយ​ខាង​លិច​ប្រហែល ២០​ខ្នង និង​ខាង​កើត​ប្រហែល ៥០​ខ្នង បារម្ភ​ថា គម្រោង​អភិវឌ្ឍ​ក្រុង​ដោយ​ចាប់​ផ្ដើម​ពី​ការ​ធ្វើ​ទំនប់ និង​ស្ពាន​យោល​ថ្មី​នេះ នឹង​ប៉ះពាល់​ដល់​ពួកគាត់ ព្រោះ​អាជ្ញាធរ​​ត្រូវ​ការ​កន្លែង​ដើម្បី​រៀបចំ​សួនច្បារ​ដាំ​ផ្កា និង​ដាក់​ភ្លើង​លំអ​ពេល​យប់។ យ៉ាង​ណា​អភិបាល​ខេត្ត​លោក ម៉ៅ ធនិន ធ្លាប់​បញ្ជាក់​ថា នឹង​ពុំ​មាន​ពលរដ្ឋ​ណា​ម្នាក់​ត្រូវ​បណ្ដេញ​ចេញ​ពី​ផ្ទះ​ដោយ​បង្ខំ​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។