Legrand ​ប្រកាស​បើក​ការិយាល័យ​តំណាង​ជា​ផ្លូវការ​លើកដំបូង​នៅ​កម្ពុជា​

Legrand ​ប្រកាស​បើក​ការិយាល័យ​តំណាង​ជា​ផ្លូវការ​លើកដំបូង​នៅ​កម្ពុជា​



ភ្នំពេញ ៖ Legrand​ ដែល​ជា​ក្រុមហ៊ុន​អន្តរជាតិ មាន​ជំនាញ​ឯកទេស​ឈានមុខ​គេ​លើ​ផ្នែក​ហេដ្ឋា​រចនាសម្ព័ន្ធ​សំណង់​អគ្គិសនី និង​ឌីជីថល​ បាន​បើក​ការិយាល័យ​តំណាង​ជា​ផ្លូវការ​លើកដំបូង និង​បន្ទប់​តាំង​បង្ហាញ​របស់​ខ្លួន​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា នា​ថ្ងៃ​ទី​២៨​ ខែ​មេសា ​ឆ្នាំ​២០១៦ ដែល​មាន​ទីតាំង​ស្ថិតនៅ​ចំ​កណ្តាល​ទីក្រុង​ភ្នំពេញ មាន​អាសយដ្ឋាន​នៅ​ផ្ទះ​លេខ​២០B ​ផ្លូវ​២៨២ សង្កាត់​បឹង​កេងកង​១។

បន្ទាប់ពី​រយៈពេល​ជាង​២០​ឆ្នាំ​ នៃ​ការចែក​ចាយ​ផលិតផល​របស់​ខ្លួន​យ៉ាងសកម្ម​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា ក្រុមហ៊ុន​ផលិត​របស់​ប្រទេស​បារាំង​បាន​សម្រេច​ចិត្ត​ថា ឥឡូវនេះ​ គឺជា​ពេលវេលា​ល្អ​បំផុត​ដើម្បី​បង្កើត​វត្តមាន​ជា​ផ្លូវការ និង​ពង្រឹង​ការ​ឈរ​ជើង​នៅ​លើ​ទីផ្សារ​កម្ពុជា។

ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​អតិថិជន​របស់​ក្រុមហ៊ុន​Legrand​ ដែល​ស្វែងរក​ការ​គាំទ្រ​បន្ថែម​ទៀត​នៅ​ក្នុង​ទីផ្សារ​សម្បូរ​ទៅ​ដោយ​សម្ភារៈ​សំណង់​ ក្រោម​ស្តង់ដារ​តម្រូវការ​ផលិតផល​ដែល​មាន​គុណភាព និង​មាន​សុវត្ថិភាព​មានការ​កើន​ឡើង​យ៉ាង​ខ្លាំង​គួរ​ឲ្យ​កត់សម្គាល់​ រួម​ជា​មួយ​នឹង​ការ​កើន​ឡើង​ឧស្សាហកម្ម​សំណង់ និង​អគារ ដែល​ជួយ​រួមចំណែក​ដល់​កំណើន​GDP​យ៉ាង​ខ្លាំង​ពីមួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​សម្រាប់​ប្រទេស​កម្ពុជា។

លោក​ Charles-Eric Batard ប្រធាន​គ្រប់គ្រង​ទូទៅ​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​ នៃ​ក្រុមហ៊ុន​Legrand​បាន​ពន្យល់​ឲ្យ​ដឹង​ថា ទីផ្សារ​សំណង់​នៅ​កម្ពុជា​បាន​បង្ហាញ​ពី​កំណើន​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ហើយ​ប្រទេស​នេះ​កំពុង​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​។ ​ដូច្នេះ​ហើយ​វា​គឺ​ជា​យុទ្ធសាស្ត្រ​សម្រាប់​យើង​ផ្តល់​ជូន​ដំណោះស្រាយ​របស់​យើង​ប្រកបដោយ​ការ​ច្នៃប្រឌិត​ថ្មី និង​មាន​គុណភាព​ដើម្បី​គាំទ្រ​កិច្ច​អភិវឌ្ឍន៍​នេះ។

លោក​បាន​បន្ថែម​ទៀត​ថា ​”ផលិតផល​របស់​យើង​ត្រូវ​បាន​ចែកចាយ​នៅ​កម្ពុជា​អស់​រយៈពេល​ជាង​២០​ឆ្នាំ​មក​ហើយ ​ថ្ងៃនេះ​យើង​បាន​ឈាន​ជើង​ចូល​ដោយ​ផ្ទាល់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ជា​មួយ​នឹង​ក្រុមការងារ​ក្នុងស្រុក និង​បន្ទប់​តាំង​បង្ហាញ​មួយ​ ដើម្បី​ជំរុញ​បន្ថែម​ទៀត​នូវ​ការ​ផ្តល់​ជូន​ដំណោះ​ស្រាយ​របស់​យើង​ដូចជា ឧបករណ៍​ខ្សែភ្លើង ម៉ាស៊ីន​ទប់​ភ្លើង ខ្សែកាប​ ដែល​បាន​រៀបចំ​ជា​ប្រព័ន្ធ ឧបករណ៍​ផ្តាច់​ចរន្ត​សៀគី្វ​busbar ត្រង់​ស្វ​ម​ម៉ា​ទ័​រ បន្ទះ​បង្កើត​ថាមពល​អគ្គិសនី​ជាដើម”។

ការ​បើក​ការិយាល័យ និង​បន្ទប់​តាំង​បង្ហាញ​ នឹង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​Legrand​ផ្តល់​ការ​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព និង​ដោយ​ផ្ទាល់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ស្រប​ពេល​ដែល​ជា​មួយ​នឹង​ការ​ពង្រឹង​ទំនាក់ទំនង​ជាមួយនឹង​ដៃគូ​ចែកចាយ​របស់​ខ្លួន។​

លោក Wandrille de Pierrefeu ប្រធាន​គ្រប់គ្រង​ប្រចាំ​ប្រទេស ​នៃ​ក្រុមហ៊ុន​Legrand​ បាន​មាន​ប្រសាសន៍​ថា តាំង​ពី​ដើម​មក​ ក្រុមហ៊ុន​Legrand​ត្រូវ​បាន​គេ​ទទួល​ស្គាល់​នៅ​លើ​ទីផ្សារ​កម្ពុជា​ដោយ​សារ​ផលិតផល​របស់​ខ្លួន​មានគុណ​ភាព សុវត្ថិភាព ​និង​ប្រសិទ្ធ​ខ្ពស់ ដូច្នេះ​តម្រូវការ​ផលិតផល​ម៉ាក​Legrand​ការ​លក់​បាន​កើន​ឡើង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ ​ដូច្នេះ​ផលិតផល​ម៉ាក​Legrand​គឺជា​ជម្រើស​ទី​មួយ​សម្រាប់​ក្រុមហ៊ុន​អភិវឌ្ឍន៍​នានា​៕