រាជរដ្ឋាភិបាល សម្រេច​អនុញ្ញាត​ឲ្យ​ចិញ្ចឹម​ត្រី​រ៉ស់ និង​ត្រីឆ្តោ​ ឡើងវិញ​

រាជរដ្ឋាភិបាល សម្រេច​អនុញ្ញាត​ឲ្យ​ចិញ្ចឹម​ត្រី​រ៉ស់ និង​ត្រីឆ្តោ​ ឡើងវិញ​



ភ្នំពេញ ​៖ រាជរដ្ឋាភិបាល​កម្ពុជា បាន​អនុញ្ញាត​ឲ្យ​ចិញ្ចឹម​ត្រី​រ៉ស់ និង​ត្រីឆ្តោ ទាំង​ជា​លក្ខណៈ​គ្រួសារ និង​ពាណិជ្ជកម្ម​ឡើងវិញ​ហើយ បន្ទាប់ពី​បាន​បិទ​អស់​ជាច្រើន​ឆ្នាំ​។​

យោង​តាម លិខិត​លេខ ៤៣៥ សជណ របស់​ទីស្ដីការគណៈរដ្ឋមន្ត្រី​ផ្ញើ​ជូន​ លោក វេ​ង សាខុន រដ្ឋ​ម​ន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​ថ្ងៃទី​២៨ ខែមេសា​នេះ បាន​ឲ្យ​ដឹង​ថា សម្ដេច​អគ្គ​ម​ហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​​បានសម្រេច ការអនុញ្ញាត​ឲ្យ​ចិញ្ចឹម​ត្រី​រ៉ស់ និង​ត្រីឆ្តោ​ឡើងវិញ​ ក្នុង​គោលបំណង​ដើម្បី​បង្កើន​ប្រាក់ចំណូល និង​ការងារ​ជូន​ប្រជាពលរដ្ឋ​។ តែ​ទោះបី​អនុញ្ញា​ត​ឲ្យ​មានការ​ចិញ្ចឹម​ត្រី​រ៉ស់ និង​ត្រីឆ្តោ​ឡើងវិញ​ក៏ដោយ តែ​អ្នក​ចិញ្ចឹម​ត្រូវ​គោរព​តាម​លក្ខខណ្ឌ​មួយ​ចំ​នួន ដើម្បី​ងាយ​ស្រួល​គ្រប់គ្រង និង​ផ្តល់​បច្ចេកទេស ព្រមទាំង​ការ​ព្យាបាល​ជំងឺ​។ លក្ខខណ្ឌ​នៃ​ការ​ចិ​ញ្ចឹម​ត្រី​នេះ ត្រូវ​ចេញ​ដោយ​ប្រកាស​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្នុង​គោល​បំណង​ធានា​ឲ្យ​បាន​នូវ​បទដ្ឋាន បច្ចេកទេស​សមស្រប និរន្តរភាព​ធនធាន​ធម្មជាតិ ប្រព័ន្ធ​អេកូឡូស៊ី និង​បរិ​ស្ថាន​។

គួរ​បញ្ជាក់​ថា ការ​ចិញ្ចឹម​ត្រី​រ៉ស់​ និង​ត្រីឆ្តោ ត្រូវ​បាន​រាជរដ្ឋាភិបាល​ហាម​មិន​ឲ្យ​ចិញ្ចឹម​អស់​ជាច្រើន​ឆ្នាំ​មក​ហើយ ដោយ​ខ្លាច​ប៉ះពាល់​ដល់​ការ​បំផ្លាញ​កូន​ត្រី ​ក្នុង​ទឹកសាប​។ ការ​បិទ​មិន​ឲ្យ​ចិញ្ចឹម ត្រី​រ៉ស់ ​និង​ត្រីឆ្តោ​នេះ នាំ​ឲ្យ​កម្ពុជា​នាំចូល​ត្រី​ប្រភេទ​នេះ ពី​ប្រទេសជិតខាង​រាប់​ម៉ឺន​តោន​ក្នុង​មួយថ្ងៃៗ ដើម្បី​ផ្គត់​ផ្គង់​ទីផ្សារ​។​

លោក វេ​ង សាខុន លើក​ឡើង​ថា ប្រទេសជិតខាង​ចិញ្ចឹម​ត្រី​ទាំងនេះ​បាន​ចុះ​ហេតុ​អ្វី​ក៏​កម្ពុជា​មិនអាច​ចិញ្ចឹម ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ដោយ​ខ្លួនឯង​? ក្រោយពី​សុំ​ការអនុញ្ញាត​ចិញ្ចឹម​ត្រី​រ៉ស់ និង​ត្រីឆ្តោ​ឡើងវិញ កាលពី​សប្ដាហ៍​កន្លងទៅ​នេះ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បញ្ជាក់​ថា ការ​ចិញ្ចឹម​ត្រី​រ៉ស់ និង​ត្រីឆ្តោ មិន​តម្រូវ​ឲ្យ​យក​កូន​ត្រី​ធ្វើជា​នុយ​មុខ​នោះ​ទេ គឺ​អាច​ផលិត​ចំណី​ឲ្យ​វា​ស៊ី​ក៏បាន​។ លោក​សង្កេត​ឃើញ​ថា តាម​ការស្រាវជ្រាវ​ពី​ប្រទេស​ជិត​ខាង​កន្លងមក ដែល​ប្រទេស​កម្ពុជា​ក៏​បាន​ចូលរួម​សហការ​ផង​ដែរ​នោះ បាន​បង្ហាញ​ឲ្យ​ឃើញថា គេ​ចិញ្ចឹម​ត្រី​រ៉ស់​តាម​រយៈ​ការ​ផ្តល់ ដោយ​ប្រើ​ចំណី​សិប្បនិម្មិត (​ចំណី​គ្រាប់​) ហើយ​មានការ​លូតលាស់​លឿន​ជាង​ការ​ផ្តល់​ចំណី​ប្រភេទ​កូន​ត្រី​ទៅទៀត​។ ដូច្នេះ​ការ​ចិញ្ចឹម​ត្រី​រ៉ស់​លែង​ជា​បញ្ហា​ទៀត​ហើយ ពោល​គឺ​ត្រី​រ៉ស់​អាច​អនុញ្ញាត​ឲ្យ​ចិញ្ចឹម​ជាទូទៅ​បាន ក្នុង​ការ​ផលិត​ចំណី​សិប្បនិម្មិត ដែល​អាច​នាំចូល​ពី​ប្រទេស​ថៃ ប្រទេស​វៀតណាម​បាន​យ៉ាង​គ្រប់គ្រាន់​។

ចំពោះ​ត្រីឆ្តោ ពុំ​មាន​ការស្រាវជ្រាវ​ណា​មួយ​បញ្ជាក់​ថា ត្រី​នេះ​អាច​ចិញ្ចឹម​ដោយ​ប្រើ​ចំណី​សិប្បនិម្មិត​ជំនួស​ត្រី​ល្អិត​បាន​នៅឡើយ​។ ប៉ុន្តែ​ស្ថានភាព​នៅ​កម្ពុជា លទ្ធភាព​នៃ​ការ​ចិញ្ចឹម​ត្រីឆ្តោ​នៅ​តែ​អាច​ធ្វើ​ទៅ​បាន​ដោយ​កត្តា​មួយចំនួន ដូចជា មាន​ប្រភេទ​ត្រី​ល្អិត ​ដែល​គេ​យក​ធ្វើ​ជី កិន​ជា​ចំណី​សត្វ និង​មាន​ចំណី​ផ្សងៗ​ទៀត​ ដែល​អាច​ចិញ្ចឹម​ត្រីឆ្តោ​បាន ដូចជា សាច់​ខ្យង​មាស​ ដែល​បំផ្លាញ​ដំណាំ​ស្រូវ សាច់​ពន្តុរ​ ដែល​អាច​ប្រមូល​បាន​រាប់​តោន ក្នុង​១​ថ្ងៃៗ និង​កាកសំណល់ ផ្សេងៗ​ជាច្រើន​ទៀត​ ដោយ​យល់ឃើញ​ពី​សារៈ​សំខាន់​នៃ​វិស័យ​ជលផល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នឹង​ខិតខំ​បន្ត​សហការ​ជាមួយ​បណ្ដា​ប្រទេសជិតខាង និង​អង្គការ​នានា​ក្នុង​ការសិក្សា​ស្រាវជ្រាវ​បន្ថែម លើ​បច្ចេក​ទេ​ស ចិញ្ចឹម​ត្រីឆ្តោ ដើម្បី​ជំរុញ​ឲ្យ​វិស័យ​នេះ ឲ្យ​មាន​ការ​រីកចម្រើន​ក្នុង​ទិសដៅ ផ្គត់ផ្គង់​តម្រូវការ​ឲ្យ​បាន​គ្រប់គ្រាន់​៕

រាជរដ្ឋាភិបាល សម្រេច​អនុញ្ញាត​ឲ្យ​ចិញ្ចឹម​ត្រី​រ៉ស់ និង​ត្រីឆ្តោ​ ឡើងវិញ​