កម្លាំង​សមត្ថកិច្ច​៣​ស្ថាប័ន​ ចុះ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន ក្នុងស្រុក​សំរោង​

កម្លាំង​សមត្ថកិច្ច​៣​ស្ថាប័ន​ ចុះ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន ក្នុងស្រុក​សំរោង​



តាកែវ ៖ កាលពី​ល្ងាច​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៦ ចន្លោះ​ពី​ម៉ោង​១៦​និង​២០​នាទី​ ដល់​ម៉ោង​១៨​និង​៣០​នាទី កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​តាកែវ សហការ​ជា​មួយ​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង ក្រោម​ការដឹកនាំ​បញ្ជា​របស់​លោក ជ័យ រិទ្ធី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​តាកែវ បាន​ចុះទៅ​បង្ក្រាប​ករណី​ជួញដូរ​ និង​ចែកចាយ​គ្រឿងញៀន​មួយ​ករណី​ នៅ​ចំណុច​ភូមិ​រ​មន់ ឃុំ​បឹង​ត្រាញ់​ខាង​ជើង ស្រុក​សំរោង និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​ចំនួន​០៣​នាក់។​

បើ​តាម​សមត្ថកិច្ច​ដែល​ចុះទៅ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​បាន​ប្រាប់​ឲ្យ​ដឹង​ថា ជន​សង្ស័យ​ទាំង​បី​នាក់​នោះ​មាន ១-​ឈ្មោះ ប៉ែត វិ​រៈ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់​នៅ​ភូមិ​សមរ​ខ្មែរ ឃុំ​ពោធិ​រំចាក ស្រុក​ព្រៃកប្បាស។ ២-​ឈ្មោះ គួ​យ ផាន់​និ​ត ភេទ​ស្រី អាយុ​៣៣​ឆ្នាំ មុខរបរ​លក់​ចាប់ហួយ រស់នៅ​ភូមិ​រ​មន់ ឃុំ​បឹង​ត្រាញ់​ខាងជើង ស្រុក​សំរោង។ ៣-​ឈ្មោះ ឆោម ភា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​ជាង​សំណង់ រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​ឈ្មោះ គួ​យ ផាន់​និ​ត។

ក្នុង​កិច្ចប្រតិបត្តិការ​បង្ក្រាប​នោះ​ដែរ កម្លាំង​សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​រួមមាន ថ្នាំញៀន​២២​កញ្ចប់​តូច​ និង​១​កញ្ចប់​ធំ អាវុធ​កែច្នៃ​១​ដើម ខ្សែក​២​ខ្សែ កងដៃ​១​គូ ខ្សែដៃ​១ ទូរស័ព្ទ​ដៃ​១​គ្រឿង ម៉ូតូ​សេ​១២៥ មួយ​គ្រឿង និង​សម្ភារៈ​សម្រាប់​ជក់​គ្រឿងញៀន​មួយចំនួនទៀត​ផងដែរ។​

ពេលនេះ​ ជនសង្ស័យ​ទាំង​០៣​នាក់​ រួម​នឹង​វត្ថុតាង​ ព្រមទាំង​សម្ភារៈ​មួយចំនួន​ ត្រូវបាន​កម្លាំង​ជំនាញ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​តាកែវ​កំពុង​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕