វិទ្យាស្ថាន​សារ​គមនាគមន៍​កម្ពុជា នឹង​ប្រារព្ធ​ទិវា​សារព័ត៌មាន​ពិភពលោក​

វិទ្យាស្ថាន​សារ​គមនាគមន៍​កម្ពុជា នឹង​ប្រារព្ធ​ទិវា​សារព័ត៌មាន​ពិភពលោក​



ភ្នំពេញ ​៖ ដើម្បី​ពិភាក្សា​ពី​បញ្ហា​នានា​ពាក់ព័ន្ធ​ជាមួយ​នឹង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ និង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន និង​ដើម្បី​រំលឹក​ទៅដល់​អ្នកសារព័ត៌មាន ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​ក្នុង​បុព្វហេតុ​អាជីព​រប​ស់​ខ្លួន​ផង វិទ្យាស្ថាន​សារ​គមនាគមន៍​កម្ពុជា​នឹង​ប្រារព្ធ​ពិធី ទិវា​សារព័ត៌មាន​ពិភពលោក ក្រោម​ប្រធា​នបទ “ សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ ជា​សិទ្ធិ​របស់​អ្នក​” នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​អង្គារ៍​ ទី​០៣ ខែឧសភា ឆ្នាំ​២០១៦ នៅ​សណ្ឋាគា​កាំបូឌីយ៉ាណា ចាប់ពី​ម៉ោង​៨​ព្រឹក រហូតដល់​ម៉ោង​១២​ថ្ងៃ​ត្រង់។​

​យោង​តាម​សេចក្ដីជូនដំណឹង​ចុះ​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០១៦ របស់​វិទ្យាស្ថាន​សារ​គមនាគមន៍​កម្ពុ​ជា​បាន​ប្រកាស​ថា នឹង​រៀបចំ​ប្រារព្ធ​ទិវា​សារព័ត៌មាន​ពិភពលោក ដែល​មាន​ការចូលរួម​ពី​សំណាក់​អង្គការ UNESCO ប្រចាំ​កម្ពុជា និង​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការសហប្រជាជាតិ​ ទទួលបន្ទុក​សិ​ទ្ធិ​មនុស្ស UNOHCHR ដោយមាន​កិច្ច​សហប្រតិបត្តិការ​ជាមួយនឹង​វិទ្យាស្ថាន​សារ​គមនាគមន៍​កម្ពុជា (CCI) ដេ​ប៉ា​តឺម៉​ង់ ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារ​គមនាគមន៍ (DMC) ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ក្លិប​អ្នកកាសែត​កម្ពុជា (CCJ) មជ្ឈមណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា (WMC) និង​ស្ថានទូត​ស៊ុយ​អ៊ែត​។ កម្ម​វិធី​នេះ​ប្រារព្ធ​ឡើង នៅ​ជុំវិញ​ពិភពលោក​ជា​រៀងរាល់​ខែឧសភា ដែល​ទិវា​នេះ​បាន​ក្លាយទៅជា​ឱកាស​ដ៏​​សំខាន់​មួយ​ក្នុង​ការ​លើក​ស្ទួយ​សេរីភាព​សារព័ត៌មាន វាយតម្លៃ​នូវ​កម្រិត​សេរីភាព ការពារ​ស្ថាប័ន​ព័ត៌មាន​ពី​ការ​វាយ​ប្រហារ និង​ក៏​ជា​ឱកាស​រំលឹក​ទៅដល់​អ្នកសារព័ត៌មាន ​ដែល​បាន​ស្លាប់​បាត់​បង់​ជី​វិត​ក្នុង​បុព្វហេតុ​អាជីព​របស់​ខ្លួន។

​ក្នុង​ឆ្នាំ​២០១៦​នេះ​ផង​ដែរ ទិវា​សេរីភាព​សារព័ត៌មាន ត្រូវ​បាន​ធ្វើឡើង​ ដើម្បី​ផ្តល់​ជា​វេទិកា​ពិភាក្សា​រវាង​អ្នកតំណាង​ស្ថាប័ន​ព័ត៌មាន អ្នកសារព័ត៌មាន អង្គការ​សង្គម​ស៊ីវិល ដើម្បី​ឲ្យ​បាន​ពិភាក្សា​គ្នា ពី​បញ្ហា​ប្រឈម ​ដែល​កំពុង​តែ​ជួបប្រទះ​ និង​បញ្ហា​នានា​ពាក់ព័ន្ធ​ជាមួយ​នឹង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន និង​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ ដែល​មាន​អ្នកសារព័ត៌មាន​ល្បីៗ និង​អ្នកជំនាញ​ផ្នែក​ប្រព័ន្ធ​ផ្សព្វ​ផ្សា​យ​ជាតិ និង​អន្តរជាតិ ចូលរួម​ចែករំលែក​នូវ​ការយល់ឃើញ និង​ទស្សនៈ​វិស័យ​របស់​ពួកគេ​ទាក់ទង នឹង​ស្ថានភាព​នៃ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​លើ​សេរីភាព​សារព័ត៌មាន និង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ក៏​ដូចជា​ដើម្បី​ផ្តល់​អនុសាសន៍ ដើម្បី​កែប្រែ​ស្ថានភាព​នេះ​ឲ្យ​កាន់តែ​ប្រសើរ​៕

វិទ្យាស្ថាន​សារ​គមនាគមន៍​កម្ពុជា នឹង​ប្រារព្ធ​ទិវា​សារព័ត៌មាន​ពិភពលោក​

វិទ្យាស្ថាន​សារ​គមនាគមន៍​កម្ពុជា នឹង​ប្រារព្ធ​ទិវា​សារព័ត៌មាន​ពិភពលោក​