មន្ត្រី​គយ​ខេត្តបន្ទាយមានជ័យ ក្រោម​ការគ្រប់គ្រង​រប​ស់លោក ឆែ សុធា ប្រឈម​នឹង​ការរិះគន់​កាន់តែខ្លាំង​

ក្រុមអាជីវករ​និង​អ្នករត់​តាក់ស៊ី​ដឹកជញ្ជូន​ទំនិញ​បន្តិចបន្តួច​ពី​ច្រក​ប៉ោយប៉ែត បាន​រិះគន់ថា ក្រោយពេល​លោក ឆែ សុធា មក​ធ្វើជា​ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ ជំនួស​លោក ថោង សុខាំ​ភូ រួចមក​បាន​ប្រព្រឹត្ត​អំពើអាក្រក់​ខ្លាំង​ជាង​លោក ថោង សុខាំ​ភូ ទៅទៀត​។ ជាក់ស្តែង​លោក ឆែ សុធា បណ្ដោយ​ឲ្យ​កូនចៅ​ក្រោម​ឱវាទ​បង្កើត​ប៉ុស្ដិ៍​ជជុះ​ជាច្រើន​កន្លែង​ដើម្បី​ជំរិត​យកលុយ​ពី​ក្រុមអាជីវករ​និង​អ្នករត់​តាក់ស៊ី​ដឹកជញ្ជូន​ទំនិញ​ដោយ​ពុំមាន​ការយោគយល់​ឡើយ ហើយ​គេ​បែរជា​បើកដៃ​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​តាម​អំពើ​ចិត្ត​។ ដូច្នេះ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ គួរពិនិត្យមើល​ទង្វើ​មិន​ប្រក្រតី​របស់​មន្ត្រី​គយ​ក្នុង​ខេត្តបន្ទាយមានជ័យ​ខ្លះ​ផង ព្រោះ​ទង្វើ​របស់​ពួកគេ​កំពុង​ប្រឈម​នឹង​ការរិះគន់​យ៉ាង​ពេញបន្ទុក​។

ថ្មីៗ​នេះ​ក្រុម​អ្នករត់​តាក់ស៊ី​ដឹកជញ្ជូន​ទំនិញ​បន្តិចបន្តួច​ដើម្បី​បាន​ប្រាក់ចំណូល​ចិញ្ចឹមជីវិត​បាននាំគ្នា​យករ​ថ​យន្ត​តាក់ស៊ី​បិទផ្លូវ​ជាតិ​លេខ​៥ នៅ​ចំណុច​កូនដំរី សង្កាត់​និមិត្ត ដើម្បី​ប្រឆាំង​មន្ត្រី​គយ​ដែល​ចាប់​រថយន្ត​តាក់ស៊ី​១​គ្រឿង​ដោយ​ចោទថា រថយន្ត​តាក់ស៊ី​នោះ​ដឹកទំនិញ​គេចពន្ធ​។ ទាក់ទង​នឹង​បញ្ហា​នេះ​ក្រុម​អ្នករត់​តាក់ស៊ី​បាន​បញ្ជាក់ថា ពួកគាត់​ដឹកទំនិញ​ស្របច្បាប់ ហើយ​រឿង​ទំនិញគេចពន្ធ​ឬ​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ជាការ​ទទួលខុសត្រូវ​របស់​សមត្ថកិច្ច​ច្រកព្រំដែន និង​ច្រករបៀង​ដោយ​មិនត្រូវ​មក​ធ្វើបាប​ពួកគាត់​ឡើយ​។ បញ្ហា​នេះ​លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ គួរពិនិត្យមើល​ទង្វើ​មិន​ប្រក្រតី​របស់​សមត្ថកិច្ច​គយ​ខេត្តបន្ទាយមានជ័យ​ខ្លះ​ផង ដើម្បី​កុំ​ឲ្យ​ពួកគេ​ប្រើ​អំណាច​ធ្វើបាប​ប្រជាពលរដ្ឋ​តាម​អំពើ​ចិត្ត​ទៀត​។

មន្ត្រីរាជការ​ក្នុង​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹងថា សព្វថ្ងៃនេះ​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់ ទំនិញ​បង់ពន្ធ​មិន​គ្រប់ នៅតែ​ហូរ​ចូល​តាម​ច្រកព្រំដែន​និង​ច្រករបៀង​ក្នុង​ខេត្ត​នេះ ហើយ​ក្នុងនោះ​មាន​ម៉ូតូ​ទំនើបៗ រថយន្ត​ចង្កូត​ស្ដាំ និង​ទំនិញ​ជាច្រើន​ប្រភេទ​ទៀត ដែល​ត្រូវ​បង់ពន្ធ​ក្នុង​កម្រិត​ខ្ពស់​។ ការដែល​ឈ្មួញ​អាច​នាំ​ទំនិញគេចពន្ធ​ឬ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ឆ្លងកាត់​ខេត្តបន្ទាយមានជ័យ គឺអាច​មានការ​ឃុបឃិត​ជាមួយ​លោក ឆែ សុធា និង​មន្ត្រី​គយ​ចល័ត​ផងដែរ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន ហើយ​ករណី​ឈ្មួញ​បង្កប់​ទំនិញគេចពន្ធ​តាម​រថយន្តក្រុង​ដឹកជញ្ជូន​អ្នកដំណើរ​នៅតែ​កើតឡើង​ឥតឈប់ឈរ​។ ក្នុងខណៈដែល​ទំនិញគេចពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​នៅតែ​ហូរ​ចូល​តាម​ព្រំដែន​ក្នុង​ខេត្តបន្ទាយមានជ័យ បែរជា​សមត្ថកិច្ច​គយ​ក្រោម​ការគ្រប់គ្រង​របស់លោក ឆែ សុធា គាបសង្កត់​ធ្វើបាប​ឈ្មួញ​និង​ក្រុម​អ្នករត់​តាក់ស៊ី​ដឹកជញ្ជូន​ទំនិញ​តាម​តាក់ស៊ី​យ៉ាង​កំរោល​ទៅវិញ​៕

KA-23-03-2016-14-3-550x288លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយករដ្ឋានគយនិងរដ្ឋាករ  Hong-0689លោក ឆែ សុធា ប្រធានសាខាគយខេត្តបន្ទាយមានជ័យ