​លោក សម រង្ស៊ី អំពាវនាវ​ឲ្យ​ខ្មែរ​ក្នុងប្រទេស និង​ក្រៅប្រទេស​ចូលរួម​សង្គ្រោះ​ជាតិ​ជាតិ​ជាមួយគ្នា​

​ជាថ្មី​ម្តងទៀត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅ​ចុង​សប្តាហ៍​នេះ​បាន​អំពាវនាវ​ឲ្យ​ខ្មែរ​នៅក្រៅ​ប្រទេស និង​ក្នុងប្រទេស​រួបរួមគ្នា​ក្នុង​បេសកកម្ម​សង្គ្រោះ​ជាតិ​ជាមួយគ្នា ហើយ​ថាបើ​ខ្មែរ​រួបរួមគ្នា នោះ​អ្នក​បំផ្លាញ​ជាតិ​នឹង​បរាជ័យ​មិន​ខាន​។ លោក សម រង្ស៊ី បាន​បញ្ជាក់ថា​នៅពេលដែល​គេ​ព្យាយាម​បំបែកបំបាក់​គណបក្ស​ស​ង្គ្រោះ​ជាតិ​តាម​គ្រប់​រូបភាព នោះ​បង្ហាញថា​មានតែ​គណបក្ស​សង្គ្រោះ​ជាតិ​មួយគត់​ដែលមាន​សមត្ថភាព​សង្គ្រោះ​ជាតិ​បាន​ជោគជ័យ​។​

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​សង្កត់ធ្ងន់ថា ដោយសារតែ​គេ​ឃើញថា​គណបក្ស​សង្គ្រោះ​ជាតិ​មានការ​គាំទ្រ​កាន់តែ​ច្រើនឡើងៗ ហើយនឹង​ទទួលជោគជ័យ​ដោយ​ចៀស​មិន​រួច​នៅពេល​ខាងមុខ ទើប​ពួកគេ​ប្រើប្រាស់​មធ្យោបាយ​មិន​ថ្លៃថ្នូរ​ដើម្បី​បំផ្លាញ​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក សម រង្ស៊ី បាន​បញ្ជាក់ថា បញ្ហា​អំពើពុករលួយ តុលាការ​អយុត្តិធម៌ បញ្ហា​ព្រំដែន និង​បញ្ហា​សេដ្ឋកិច្ច​ជាដើម បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​យល់ឃើញថា ត្រូវតែមាន​ការផ្លាស់ប្តូ​រ ដើម្បី​ធ្វើការ​ស្រោចស្រង់​ប្រទេសជាតិ សង្គ្រោះ​ប្រទេសជាតិ​ឲ្យ​បាន​ឆាប់​បំផុត​។​

លោក សម រង្ស៊ី បាន​បញ្ជាក់ថា​នៅពេលដែល​អ្នកកាន់អំណាច​ព្យាយាម​ធ្វើអំពើ​មិនល្អ​កាន់តែច្រើន នោះ​ទំនុកចិត្ត​របស់​ប្រជាពលរដ្ឋ​លើ​អ្នកកាន់អំណាច​កាន់តែ​ធ្លាក់ចុះ​។ លោក សម រង្ស៊ី បាន​សង្កត់ធ្ងន់ថា ពលរដ្ឋ​កម្ពុជា​បច្ចុប្បន្ន​ដែល​ភាគច្រើន​សុទ្ធសឹងតែ​ជា​យុវជន​មានការ​យល់ដឹងបាន​ច្រើន​ពី​បញ្ហា​សេដ្ឋកិច្ច នយោបាយ និង​សង្គម ហើយ​មានការ​ឈឺចាប់​ចំពោះ​ការដឹកនាំ​ក្នុងពេល​បច្ចុប្បន្ន ដូច្នេះ​ពួកគាត់​ចាប់ផ្តើម​ខ្វាយខ្វល់​ពី​វាសនា​អនាគត​របស់​ពួកគាត់ និង​វាសនា​អនាគត​ប្រទេសជាតិ ដូច្នេះ​ពួកគាត់​ចង់​ឲ្យ​មានការ​ផ្លាស់ប្តូរ​តាមបែប​ប្រជាធិបតេយ្យ​។​

ជុំវិញ​បញ្ហា​ខាងលើនេះ លោក សម រង្ស៊ី ថ្មីៗ​នេះ​ក៏បាន​អំពាវនាវ​ថា សូម​បងប្អូន​ជនរួមជាតិ ដែល​ធ្វើជា​ពលករ​នៅ​ប្រទេស​ថៃ មាន​ចំនួន​ប្រមាណ ១ លាន​នាក់ ចូលរួម​ក្នុង​បេសកកម្ម​សង្គ្រោះ​ជាតិ​ទាំងអស់គ្នា ដើម្បី​អាច​ឲ្យ​ពួកគាត់​ត្រឡប់មក​រស់នៅ​ទី​ដី​កំណើត​វិញ​បាន​សមរម្យ​។ លោក សម រង្ស៊ី បាន​សង្កត់ធ្ងន់ថា បេសកកម្ម​សង្គ្រោះ​ជាតិ មិនមែនជា​កម្មសិទ្ធិ​ផ្តាច់មុខ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ តែ​ជា​កម្មសិទ្ធិរួម​របស់​ព​ល​រដ្ឋ​ខ្មែរ​គ្រប់រូប​ដែលមាន​កាតព្វកិច្ច​រួមគ្នា​ក្នុងការ​សង្គ្រោះ​ជាតិ ដើម្បី​ធ្វើ​ឲ្យ​ជីវភាព​របស់​ពលរដ្ឋ និង​ប្រទេសជាតិ​មាន​ភាពប្រសើរឡើង​៕

13124454_1095664993823566_5261716487363368427_n​    ​