បទល្មើស​ព្រៃឈើ​ក្នុង​ខេត្តព្រះវិហារ សមត្ថកិច្ច​បង្ក្រាប​មិនចេះ​អស់​

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​ឆែប ស្រុក​ជ័យ​សែន និង​ស្រុក​រវៀង ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា សព្វថ្ងៃនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់ នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក ហើយ​សមត្ថកិច្ច​បង្ក្រាប​តែ​ឈ្មួញ​តូចៗ​ប៉ុណ្ណោះ​។ ហេតុនេះហើយ​ទើប​សកម្មភាព​កាប់​ឈើ​នៅ​ក្នុងព្រៃ​ព្រះ​រការ និង​តំបន់​ផ្សេងៗ​ទៀត​នៅតែ​បន្ត​កើតមាន​យ៉ាង​ពេញបន្ទុក ព្រោះ​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តព្រះវិហារ និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ប្រចាំ​ស្រុក​ទាំង​៣​ខាងលើ មិន​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​ឲ្យ​ស្របទៅតាម​តួនាទី​របស់ខ្លួន​នោះទេ​។ ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ គួរពិនិត្យមើល​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុង​ខេត្តព្រះវិហារ ជាបន្ទាន់​។

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៦ មន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ខេត្ត និង​សង្កាត់រដ្ឋបាល​ព្រៃឈើ​ជ័យ​សែន បាន​សហការ​ជាមួយ​យោធា​សឹក​រង​ស្រុក​ជ័យ​សែន ចុះបង្ក្រាប​បទល្មើស​ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​ឡង់ នៅ​ឃុំ​ធ្មា និង​ឃុំ​ខ្យង ស្រុក​ជ័យ​សែន ហើយ​ចាប់​ឃាត់​រថយន្ត​តួ​រី​ស​១​គ្រឿង​ដឹកជញ្ជូន​ឈើ​អារ​លេខ​១​ប្រភេទ​កកោះ​៤៧​សន្លឹក​ស្មើនឹង​១,៥៩៦​ម៉ែត្រគូប និង​ដកហូត​រណារយន្ត​៥​គ្រឿង​នៅ​ឃុំ​ខ្យង ឃុំ​ស្រ​វាល ស្រុក​ជ័យ​សែន​។ ទន្ទឹមនឹងនេះ​នៅ​ចំណុច​ភូមិ​រំចេក ឃុំ​រមណីយ ស្រុក​រវៀង ខេត្តព្រះវិហារ មន្ត្រីរដ្ឋបាល​ព្រៃឈើ​រវៀង បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍នគរបាល​ឃុំ​រមណីយ ចាប់​ឃាត់​រថយន្ត​ប្រភេទ​សណ្ដោង​២​គ្រឿង​ម៉ាក​នីសា​ន់ ពាក់​ស្លាក​លេខ​ភ្នំពេញ​3A-3127 និង​3A-2854 ផ្ទុក​ឈើ​អារ​ប្រភេទ​លេខ​២(​ផ្ដៀក និង​ឈើទាល​) ចំនួន​២២០​សន្លឹក​ស្មើនឹង​៨,៣៣៧​ម៉ែត្រគូប​។

ជុំវិញ​បញ្ហា​ខាងលើនេះ​ប្រជាពលរដ្ឋ​បាន​រិះគន់ថា សមត្ថកិច្ច​បង្ក្រាបបាន​តែ​ឈ្មួញ​តូចតាច​ដឹកឈើ​បន្តិចបន្តួច​ប៉ុណ្ណោះ ចំណែក​ឈ្មួញ​ដឹកឈើ​តាម​រថយន្ត​យី​ឌុប​ធំៗ និង​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ប្រណីត​តាម​រថយន្ត​ទំនើបៗ​យ៉ាង​អនាធិបតេយ្យ​មិនដែល​ឃើញ​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​បង្ក្រាប​ឡើយ​។ មានការ​រិះគន់ថា ទាំង​លោក អ៊ិត ភូមិ​រ៉ា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តព្រះវិហារ និង​លោក អ៊ុំ ម៉ា​រ៉ា អភិបាលខេត្ត​ព្រះវិហារ មិន​ចាត់វិធានការ​ទប់ស្កាត់​បង្ក្រាប​បទល្មើស​ឡើយ ហើយ​គិតគូរ​តែ​រឿង​ផលប្រយោជន៍​ប៉ុណ្ណោះ​។ ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​ឈើ​ក្នុងព្រៃ​ឡង់​នៃ​ស្រុក​ឆែប និង​ស្រុក​ជ័យ​សែន ខេត្តព្រះវិហារ នៅតែ​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​មហន្តរាយ បើទោះបី​រដ្ឋាភិបាល​ចាត់វិធានការ​បង្ក្រាប​ជាថ្មី​កាលពី​អំឡុង​ខែមករា ឆ្នាំ​២០១៦ យ៉ាងណាក៏ដោយ​៕

13102871_706603546148249_116052899796343396_n 13062230_706603629481574_32066687287446440_n 13133382_706603602814910_3559730796194786258_n 13094376_706603639481573_154687699040287959_n