ប្រ៊ែដ អាដាម៖ ហ៊ុន សែន គ្រោង​កំទេច​អាដហុក

ប្រតិកម្មភ្លាមៗ ទៅនឹងការចាប់ខ្លួនមន្ត្រីសិទ្ធិមនុស្ស បួនរូប និងមន្ត្រីឯករាជ្យរបស់គ.ជ.ប. មួយរូប ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ កាលពីយប់ថ្ងៃព្រហស្បត្តិ៍នោះ នាយកប្រតិបត្តិ​ទទួល​បន្ទុក​​កិច្ចការ​តំបន់​អាស៊ី នៃអង្គការ​ឃ្លាំមើល​​សិទ្ធិ​​មនុស្ស ហៅជាភាសា​អង់គ្លេស​ថា «Human Rights Watch» បាន​លើក​ឡើង​ថា នេះជា​យុទ្ធនាការ​មួយ​ទៀត របស់​លោក ហ៊ុន សែន ក្នុង​ការកំទេច​​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក ដ៏​ល្បី​ឈ្មោះ ដែល​តែងតែ​រិះគន់ ពីភាព​ខ្វះ​ចន្លោះ​របស់​រដ្ឋាភិបាល។
ប្រ៊ែដ អាដាម៖ ហ៊ុន សែន គ្រោង​កំទេច​អាដហុក

ពីឆ្វេងមកស្ដាំ៖ លោក ហ៊ុន សែន និងលោក ធន សារាយ។ (រូបថតសហការី)

វាមិនមែន​ជារឿងមួយ​ចៃដន្យ​នោះ​ទេ។ នេះបើតាមលោក ប្រ៊ែដ អាដាម (Brad Adams) នាយក​ប្រតិបត្តិ​ទទួល​បន្ទុកកិច្ចការតំបន់អាស៊ី នៃអង្គការឃ្លាំមើល​សិទ្ធិ​មនុស្ស ហៅជាភាសាអង់គ្លេសថា «Human Rights Watch» នៅក្នុងការថ្លែងប្រតិកម្ម ទៅនឹងការចាប់ខ្លួន មន្ត្រីសិទ្ធិមនុស្សបួនរូប​​របស់សមាគម អាដហុក (ADHOC) និង​មន្ត្រី​ជាន់​ខ្ពស់​មួយរូប របស់គណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត (គ.ជ.ប.) ពីសំណាក់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ កាលពីយប់ថ្ងៃព្រហស្បត្តិ៍ ទី២៨ ខែមេសា ឆ្នាំ២០១៦។

មន្ត្រី​សិទ្ធិមនុស្សបួននាក់ មកពីសមាគម​អាដហុក មាន​លោក នី សុខា - លោក យី សុខសាន្ត - លោក ណៃ វ៉ង់ដា និងអ្នកស្រី លឹម មុន្នី។ រីឯមន្ត្រីជាន់ខ្ពស់ ដែលមានថានៈ ជា​អគ្គលេខាធិការ​រងរបស់ ​គ.ជ.ប. គឺលោក នី ចរិយា។ អ្នកទាំងប្រាំរូប ត្រូវបានឃាត់​ខ្លួន នៅវេលាយប់ម៉ោង២០ បន្ទាប់ពីពួកគេត្រូវបានកោះហៅ ឲ្យ​ចូល​ខ្លួន​ទៅ​ផ្ដល់ចម្លើយ តាំងពីព្រឹកថ្ងៃព្រហស្បត្តិ៍ ដោយអង្គភាពប្រឆាំងអំពើពុករលួយ នៅក្នុងសំនុំរឿងលិខិតចំហរ របស់​ស្ត្រី​ជាង​ធ្វើសក់ម្នាក់ ទាក់ទងនឹងរឿងអាស្រូវស្នេហាមួយ ដ៏ប្រទាំងប្រទើស។

ថ្លែងក្នុងកិច្ចសម្ភាសមួយ ជាមួយវិទ្យុអាស៊ីសេរីក្នុងថ្ងៃសុក្រ លោក ប្រ៊ែដ អាដាម បានលើកឡើងថា លោក ហ៊ុន សែន បានរងចាំអស់រយៈពេលជាយូរ ដើម្បីចាត់ការលោក ធន សារាយ ដែលជាប្រធានសមាគមការពារសិទ្ធិ អាដហុក មួយនេះ។ នាយកផ្នែក នៃអង្គការអន្តរជាតិដ៏ធំ ដែលមានទីតាំងកណ្ដាល នៅសហរដ្ឋអាមេរិករូបនេះ បានលើកយកមូលហេតុចំនួនពីរ មកពន្យល់ថា៖

ទីមួយ គឺលោក ហ៊ុន សែន ស្អប់លោក ធន សារាយ ជាទីបំផុត ដោយសារតែលោក ធន សារាយ បាន​ចាក​ចេញ​ពីគណបក្សប្រជាជនកម្ពុជា កាលពីចុងទសវត្សឆ្នាំ៨០ មកធ្វើជាបុគ្គលឯករាជ្យ។ លោក ធន សារាយ បាន​បង្កើត​សមាគមអាដហុក ក្នុងសម័យអ៊ុនតាក (UNTAC) ដើម្បីតាមដានស្ថានការណ៍សិទ្ធិមនុស្ស នៅ​ប្រទេស​កម្ពុជា និងបានធ្វើការងារនេះ​បានយ៉ាងល្អ ដូចក្រុមការងាររបស់គាត់ដែរ។

ទីពីរ គឺដោយសារតែសមាគមអាដហុក ជាសមាគមការពារសិទ្ធិមនុស្ស​ដ៏ល្បីឈ្មោះ នៅលើឆាកអន្តរជាតិ ដែល​តែងតែរិះគន់រដ្ឋាភិបាលលោក ហ៊ុន សែន អស់ជាច្រើនឆ្នាំមកហើយ។

ប្រ៊ែដ អាដាម៖ ហ៊ុន សែន គ្រោង​កំទេច​អាដហុក

លោក អាដាម បានបន្ថែមយកករណីរបស់លោក នី ចរិយា ដែលជាអតីតមន្ត្រី​របស់សមាគមអាដហុក មក​ពន្យល់​ដែរថា វាជាយុទ្ធសាស្ត្រមួយទៀត របស់គណបក្សប្រជាជនកម្ពុជា ដើម្បីកំចាត់លោក នី ចរិយា ចេញ ហើយ​ឈាន​ទៅ​គ្រប់គ្រងគ.ជ.ប.។ លោកបាននិយាយថា៖ «គណបក្សប្រជាជនកម្ពុជា ខ្លាចចាញ់ឆ្នោត នៅ​ក្នុង​ការ​បោះ​ឆ្នោត លើក(ក្រោយ)នេះ។ ដូច្នេះពួកគេត្រូវកម្ចាត់បញ្ហានេះ។ ហើយពួកគេកំពុងប្រើប្រាស់រឿងនេះ មក​ធ្វើ​ជា​លេស (...) ដើម្បីអាចឲ្យពួកគេអាចគ្រប់គ្រង គ.ជ.ប.។»

មិនមានមន្ត្រីរដ្ឋាភិបាលណាមួយ បានប្រតិកម្មដោយផ្ទាល់ តបទៅនឹងការលើកឡើង របស់លោក ប្រ៊ែត អាដាម ខាងលើនេះនៅឡើយ។ ប៉ុន្តែសម្រាប់រាល់ចំណាត់ការ តាមផ្លូវច្បាប់ ទៅលើមន្ត្រី ឬបុគ្គលជាច្រើន​ នា​ពេល​​កន្លង​មក ត្រូវបានលោក សុខ ឥសាន ចាត់ទុកថាជាការប្រព្រឹត្តិកំហុស របស់មន្ត្រីទាំងនោះខ្លួនឯង ហើយ​មិន​​ជាប់​​ពាក់​ព័ន្ធ​នឹងគណបក្សប្រជាជនកម្ពុជា ឬប្រធានគណបក្ស (លោក ហ៊ុន សែន) នេះឡើយ។ រីឯ​មន្ត្រី​រដ្ឋាភិបាល​​មួយ​​ចំនួន​ទៀត តែងផ្ដល់កិច្ចសម្ភាសទៅឲ្យប្រព័ន្ធសារព័ត៌មាន ហៅលោក ប្រ៊ែត អាដាម ថា​បាន​ធ្វើការ​ដោយ​​លំអៀង ងាកទៅរកគណបក្សប្រឆាំង៕