ខ្ញុំអាចលេបថ្នាំពន្យារ កំណើតបានទេ ក្នុងពេលបំបៅដោះកូន?

សុខភាព៖ តាមការស្រាវជ្រាវ បានឲ្យដឹងថា នៅពេលអ្នកចាប់ផ្តើម ប្រើថ្នាំពន្យារកំណើត ក្នុងពេលបំបៅដោះកូន ពេលនោះការផលិតទឹកដោះ ក៏ត្រូវថយចុះដែរ។ នេះហើយ គឺជាហេតុផលដែលនិយាយថា ស្ត្រីដែលបំបៅដោះកូន ត្រូវចៀសវាងការប្រើ ថ្នាំពន្យារកំណើត។ លើសពីនេះទៅទៀត ការបំបៅដោះកូន ដើរតួនាទីជាការពន្យារកំណើត បែបធម្មជាតិខ្លះទៅហើយ។

ស្ត្រីដែលកំពុងតែបំបៅដោះកូន ហើយកូននោះអាយុក្រោម ៦ ឆ្នាំ ហើយរដូវនៅតែមិនមានទៀតនោះ ដូច្នេះ គេមិនត្រូវការប្រើថ្នាំពន្យារ កំណើតអ្វីទៀតឡើយ។

យ៉ាងណាមិញ បើសិនជាអ្នកនៅតែមាន គម្រោងប្រើថ្នាំពន្យារកំណើតទៀត យកល្អ គួរតែពិគ្រោះជាមួយអ្នកជំនាញខាងរោគស្ត្រី ដែលអាចចេញជាថ្នាំពន្យារ កំណើតដ៏សាកសមមួយ សម្រាប់អ្នកក្នុងពេលបំបៅដោះកូនបែបនេះ។ ដោយសារតែថ្នាំពន្យារកំណើត ផ្ទុកទៅដោយជាតិអ័រម៉ូន ដូច្នេះ វាអាចនឹងធ្វើឲ្យអ្នក ប្រឈមកាន់តែខ្លាំង នឹងវិបត្តិអ័រម៉ូន និងកាត់បន្ថយការផលិតទឹកដោះទៀត។

ដូច្នេះហើយ ការពិគ្រោះជាមួយគ្រូពេទ្យ មុនពេលសម្រេចចិត្ត អាចជួយអ្នកឲ្យប្រាកដថា ការផលិតទឹកដោះរបស់អ្នក មិនមានការថយចុះឡើយ។

ខាងក្រោមនេះ គឺជាគន្លឹះមួយចំនួន ដែលអ្នកគួរតែចាំ បើសិនជាអ្នកកំពុងតែមានគម្រោង ប្រើថ្នាំពន្យារកំណើត ក្នុងពេលបំបៅដោះកូន។

-សួរគ្រូពេទ្យសិន មុនពេលប្រើថ្នាំពន្យារកំណើត ទោះបីជាអ្នកធ្លាប់ប្រើថ្នាំនេះ ពីមុនហើយក៏ដោយ។
-បើសិនជាអ្នកធ្លាប់តែប្រើ ថ្នាំពន្យារកំណើតដដែល រយៈពេលវែង មិនត្រូវប្រើថ្នាំនេះទៀត ដោយគ្មានការពិគ្រោះ ជាមួយគ្រូពេទ្យឡើយ។
-វាគួរតែដល់ពេលឈប់ប្រើ ថ្នាំពន្យារកំណើតហើយ បើសិនជាអ្នកធ្លាប់មាន ការថយចុះទឹកដោះ ហើយ ក៏ត្រូវពិគ្រោះជាមួយគ្រូពេទ្យភ្លាមៗដែរ។
-ជាចុងក្រោយ អ្នកត្រូវតែប្រើវិធីពន្យារ កំណើតផ្សេងទៀត ជានិច្ចដូចជា ស្រោមអនាម័យ ដែលវាមានសុវត្ថិភាព ជាងការប្រើថ្នាំគ្រាប់ ពន្យារកំណើតទៅទៀត ខណៈពេលកំពុងតែបំបៅដោះកូន។
-បើសិនជាអ្នកកំពុង តែប្រើថ្នាំពន្យារកំណើត ដើម្បីព្យាបាលជំងឺអ័រម៉ូន ដូចជា វិបត្តិក្រពេញទីរ៉ូអ៊ីត ឬផលវិបាកផ្សេងៗនោះ ចូរសួរគ្រូពេទ្យផងថាតើ អ្នកអាចប្រើថ្នាំនេះ ក្នុងពេលកំពុងបំបៅដោះកូនឬអត់។

ថ្វីបើមិនមានការស្រាវជ្រាវណាមួយ និយាយអំពីឥទ្ធិពលថ្នាំគ្រាប់ ពន្យារកំណើតចំពោះស្ត្រី កំពុងតែបំបៅដោះកូនក៏ដោយ ក៏វាអាចនឹងរំខាន ដល់ការផលិតទឹកដោះដែរ៕

ខ្ញុំអាចលេបថ្នាំពន្យារ កំណើតបានទេ ក្នុងពេលបំបៅដោះកូន?

ប្រភព៖ www.health.com.kh