កិច្ចសម្ភាសន៍​កម្រ ស្តែង​ពី​ជីវិត​ឯកជន មាស សុខ​សោភា នឹង​បង្ហាញ​លើ​កញ្ចក់​ទូរទស្សន៍ ភី​អិន​អិន

ភ្នំពេញ​:
កិច្ច​សម្ភាស​ដ៏​កម្រ​មួយ ពាក់ព័ន្ធ​នឹង​ជីវិត​ឯកជន​របស់​កំពូល​តា​រា​ចំរៀង​ប្រចាំ​ផលិតកម្ម ថោ​ន កញ្ញា មាស សុខ​សោភា នឹង​ចាក់ផ្សាយ​ជូន​ទស្សនា លើ​កញ្ចក់​ទូរទស្សន៍ ភី​អិន​អិន​នៅ​ដើម​សប្តាហ៍​ក្រោយ​។​

​កំពូល​តារាចំរៀង​រូបនេះ នឹង​បង្ហាញខ្លួន​ក្នុង​កម្មវិធី ស៊ី​អារម្មណ៍ ឬ Chit Chat Show របស់ ភី​អិន​អិន ដោយ​នឹង​ជជែក​វែកញែក​ពាក់ព័ន្ធ​ជីវិត​ឯកជន​របស់​នាង ជាមួយ​ពិធីករ​ពោរពេញ​ដោយ​សំនួនវោហារ​មិន​ចេញ​រីងស្ងួត​លោក ប៉ែន ចំ​រ៉ុង​។ ក្នុង​កិច្ចសម្ភាសន៍​នេះ ក៏មាន​វត្តមាន​ម្ដាយ​តារា​រូបនេះ​ចូលរួម​ជា​ភ្ញៀវកិត្តិយស​ផងដែរ​។​

​កញ្ញា លួង ភី​រ៉ូ​នី​កា អ្នក​ផលិត​កម្មវិធី ស៊ី​អារម្មណ៍ បាន​ប្រាប់​ឲ្យ​ដឹងថា មនុស្ស​ជាច្រើន​ធ្លាប់​ទទួលបាន​ភាព​រីក​រាយ ជាមួយនឹង​ការ​ច្រៀង ក៏ដូចជា​សម្តែង​របស់​កញ្ញា មាស សុខ​សោភា ប៉ុន្តែ​ពួកគេ​កម្រ​បានឃើញ​កិច្ចសម្ភាសន៍​ផ្ទាល់​របស់​នាង ពិសេស​គឺ​អ្វីដែល​ពាក់ព័ន្ធ​ក្នុង​ជីវិត​ឯកជន​តែម្តង​។ ពី​កម្មវិធី នឹង​ផ្តល់ជូន​ទស្សនិកជន នូវ​អ្វីដែល​មិន​ធ្លាប់​ទទួលបាន​ពីមុនមក​អំពី​ជីវិត​ឯកជន​របស់ មាស សុខ​សោភា​។  

​សុខ​សោភា គឺជា​កំពូល​តារាចំរៀង​មួយរូប ក្នុង​ដួងចិត្ត​ប្រិយមិត្ត ខណៈ​កំពូល​តារាចំរៀង​រូបនេះ តែង​បង្ហាញខ្លួន​ជារឿយៗ​លើ​ឆាក​តន្ត្រី​នៃ​បណ្តា​ស្ថានីយទូរទស្សន៍​ក្នុងស្រុក​ជាច្រើន ក៏ដូចជា​ព្រឹត្តិការណ៍​តន្ត្រី​តាម​បណ្តា​ខេត្ត​ក្រុង​ទូទាំងប្រទេស​ផងដែរ​។​

​កម្មវិធី ស៊ី​អារម្មណ៍ ឬ Chit Chat Show របស់ ភី​អិន​អិន គឺជា​កម្មវិធី​កំសាន្ត​ដ៏​មាន​ប្រជាប្រិយភាព​មួយ ចាក់ផ្សាយ​ជូន​ទស្សនា​រៀងរាល់ថ្ងៃ​ចន្ទ វេលា​ម៉ោង ៨​និង ៣០​នាទី​យប់ បន្ទាប់ពី​កម្មវិធី មុខរបរ​ខ្ញុំ ឬ My Place​។​

​ចាប់តាំងពី​ផ្តើម​ផ្សាយ​ដំបូង​អំឡុង​ខែមករា​ដើមឆ្នាំ​២០១៦​នេះ ស៊ី​អារម្មណ៍ បាន​បង្ហាញជូន​ប្រិយមិត្ត នូវ​វត្តមាន​តារា​ល្បីៗ​ក្នុង​វិស័យ​សិល្បៈ​ជាច្រើន​របស់​ប្រទេស​កម្ពុជា ជាពិសេស កាលពីពេល​កន្លងទៅ តារា​កិត្តិយស​ចូលរួម​ក្នុង​កម្មវិធី មានដូចជា លោក ចាន់ វឌ្ឍនាការ លោក ហេង ពិ​ទូ ក៏ដូចជា កញ្ញា យូ​រី ជាដើម​។​

​ស៊ី​អារម្មណ៍ ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​ទស្សនិកជន ដោយមាន​ចំនួន​អ្នកតាមដាន​ទស្សនា​យ៉ាងច្រើន ទាំង​លើ​កញ្ចក់​ទូរទស្សន៍ ទាំង​លើ​បណ្តាញ​សង្គម ខណៈ​ទំព័រ​ហ្វេ​ស​បុក និង​គណនី YouTube របស់ កម្មវិធី​ស៊ី​អារម្មណ៍ មាន​ចំនួន​អ្នកទស្សនា​រាប់លាន​ដង​។​

​ស៊ី​អារម្មណ៍ ក៏​ជា​កម្មវិធី​ថ្មី​មួយ ក្នុងចំណោម​កម្មវិធី​ជាច្រើន​របស់ ភី​អិន​អិន ដែល​បង្កើតឡើង​ដើម្បី​បំពេញតម្រូវការ​ទស្សនិកជន​ក្នុង​ម៉ោង​មាស​របស់ខ្លួន ដោយ​រាប់បញ្ចូល​ទាំង​កម្មវិធី​កំពុង​ទទួលបាន​ប្រជាប្រិយ​ភាពខ្លាំង គឺ​កម្មវិធី ការ​ណាត់ជួប​ដ៏​អស្ចារ្យ ឬ The DateShow ដែល​បង្ហាញជូន​ពីអ្វី តារា​សិល្បៈ​ជាច្រើន ចង់​ធ្វើ តែ​មិន​ធ្លាប់​បានធ្វើ ក្នុង​ជីវិត​ឯកជន​របស់​ពួកគេ​។​

​ស្ថានីយទូរទស្សន៍ ភី​អិន​អិន បាន​បង្កើត​កម្មវិធី​កំសាន្ត​ក្នុងស្រុក​ថ្មីៗ​ជាច្រើន ដើម្បី​បំពេញ​ក្នុង​ម៉ោង​មាស​របស់ខ្លួន ជាការ​ឆ្លើយតប​ទៅនឹង​បម្រាម​របស់​ក្រសួង​ព័ត៌មាន​កាលពីពេល​ថ្មីៗ តម្រូវ​ឲ្យ​គ្រប់​ស្ថានីយទូរទស្សន៍​ទាំងអស់ រាប់បញ្ចូល​ទាំង​ក្រុមហ៊ុន​ទូរទស្សន៍​ខ្សែកាប​ផង​នោះ ត្រូវ​ចាក់ផ្សាយ​កម្មវិធី ក៏ដូចជា​រឿង​ផលិត​ក្នុងស្រុក ក្នុងអំឡុង​ម៉ោង​មាស​របស់ខ្លួន ចន្លោះ​ពី​ម៉ោង ៧ ដល់​ម៉ោង ៩​យប់ ជំនួស​ឲ្យ​ភាពយន្ត និង​កម្មវិធី​បរទេស​៕

​ឈុត​ខ្លី​ពី​កម្មវិធី ស៊ី​អារម្មណ៍ សូម​ចុច https://www.facebook.com/PNNTVCambodia/videos/1066499760088412/

កិច្ចសម្ភាសន៍​កម្រ ស្តែង​ពី​ជីវិត​ឯកជន មាស សុខ​សោភា នឹង​បង្ហាញ​លើ​កញ្ចក់​ទូរទស្សន៍ ភី​អិន​អិន