អីយ៉ា​! ក្រុង​ប៉ោយ​ប៉ែ​ត​ថ្ងៃនេះ ​ដណ្តប់​ដោយ​ភ្លៀង

ក្រុង​ប៉ោយ​ប៉ែ​ត ៖ នៅ​ម៉ោង​១១ និង​០៥​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ មេ​សា ២០១៦ នេះ មាន​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ​នៅ​ក្នុង​ទីប្រជុំជន​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

មុន​ពេល​មេឃ​ធ្លាក់​ភ្លៀង គេ​សង្កេត​ឃើញ​ផ្ទៃមេឃ​ស្រទំ និង​ពពក​ខ្មៅ​អួរ​អាប់​រយៈពេល​ប្រហែលជា​កន្លះ​ម៉ោង បន្ទាប់​មក​ទើប​មាន​ភ្លៀង​ធ្លាក់​លាយឡំ​និង​ខ្យល់​បក់​បោក​ល្មម​គួរសម ។ ប៉ុន្តែ​មិន​បណ្តាល​ឱ្យ​យ​មាន​គ្រោះថ្នាក់​អ្វី​ជាយថាហេតុ​ដល់​ពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​នោះ​ឡើយ ។

ប្រជាពលរដ្ឋ​រស់នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​នាំ​គ្នា​លើក​ឡើង​ថា ខណៈ​ដែល​ពួក​គាត់​ឃើញ​មាន​ភ្លៀង​មួយ​មេ​យ៉ាង​ធំ​បែប​នេះ ធ្វើ​ឲ្យ​ពួក​គាត់​មានការ​ត្រេកអរ និង​សប្បាយចិត្ត​យ៉ាង​ខ្លាំង ។ ដោយ​ពួក​គាត់​បន្ត​ថា ក្នុង​រយៈពេល​កន្លង នៅ​រដូវប្រាំង​នេះ អាកាសធាតុ​ទូ​ទាំង​ប្រទេស​បាន​ធ្វើ​ឱ្យ​កម្តៅថ្ងៃ​ខ្លាំង រហូត​ដល់​ទៅ​ប្រមាណ​៤០​អង្សា​សេ ដែល​ជា​បញ្ហា​ធ្វើ​ឱ្យ​មន្ត្រី​ជំនាញ​ផ្នែក​ឧតុនិយម បាន​ប្រកាស​អាសន្ន នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​រួម​ទាំង​ខេត្តបន្ទាយមានជ័យ​ផង​ដែរ ។

តាម​ប្រភព​បាន​បញ្ជាក់​ថា មេឃ​ធ្លាក់​ភ្លៀង​មួយ​មេ​ធំ​នៅ​ក្នុង​ទីប្រជុំជន​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ ក្រុង​ប៉ោយ​ប៉ែ​ត និង​រួម​ទាំង​នៅ​តាម​បណ្តា ស្រុក ក្រុង មួយ​ចំនួន​ទៀត ក៏​ត្រូវ​បាន​ប្រភព​បាន​បញ្ជាក់​ប្រាប់​ថា មេឃ​មាន​ធ្លាក់​ភ្លៀង​យ៉ាង​ខ្លាំង​ផង​ដែរ ។ នេះ​បើ​គិត​ត្រឹម​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ដដែល​នេះ មេឃ​នៅ​តែ​បន្ត​ធ្លាក់​ភ្លៀង​យ៉ាង​ខ្លាំង​។