បញ្ហា​ប្រឈម​មួយចំនួន ដែល​ធ្វើ​ឲ្យ​ប្រព័ន្ធយុត្តិធម៌​នៅ​កម្ពុជា មាន​ភាពរអាក់រអួល​

​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ មាន​មោទនភាព​ចំពោះ​សមិទ្ធផល​ទាំង​អម្បាលម៉ាន ដែល​ស្ថាប័ន​របស់ខ្លួន រួមទាំង​សាលាជំនុំ​ជម្រះក្តី​គ្រប់​លំ​ដាក់​ថ្នាក់ ទទួលបាន​ក្នុង​ឆ្នាំ​២០១៥ កន្លងមក​។ ប៉ុន្តែ​លោក ក៏​ខ្វល់ខ្វាយ​យ៉ាងខ្លាំង​ផងដែរ ចំពោះ​បញ្ហា​ធំៗ​មួយចំនួន ដែល​ក្រសួងយុត្តិធម៌ និង​ស្ថាប័ន​តុលាការ កំពុងតែជួបប្រទះ នាពេល​បច្ចុប្បន្ន​។​

​ក្រសួងយុត្តិធម៌ និង​ស្ថាប័ន​តុលាការ បាន​ខិតខំ​បំពេញបេសកកម្ម ជាមួយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ទទួលបាន​លទ្ធផល​វិជ្ជមាន​ជាច្រើន ទាក់ទង​នឹង​ប្រព័ន្ធយុត្តិធម៌​នៅ​កម្ពុជា​។ យ៉ាងណាក៏ដោយ ក្រសួងយុត្តិធម៌​និង​ស្ថាប័ន​តុលា​រការ នៅតែ​ជួប​បញ្ហា​ធំៗ​មួយចំនួន ដែល​ត្រូវ​ដោះស្រាយ​ផងដែរ​។ នេះ​ជា​លើកឡើង​របស់លោក អង្គ វង្ស​វ​ឌ្ឍ​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ក្នុងឱកាស​បើក​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០១៥ និង​លើក​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០១៦ ដែល​ប្រព្រឹត្តទៅ​នៅ​ក្រសួងយុត្តិធម៌ កាលពី​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៦ ។​

​បញ្ហា​ធំៗ​ដែល​រដ្ឋមន្ត្រី​រូបនេះ មើលឃើញ ហើយ​គួរតែ​ដោះស្រាយ​នោះ​គឺ ១. ការអនុវត្ត​ក្រមព្រហ្មទណ្ឌ​, ២. ការរៀបចំ​និង​ប្រព្រឹត្តទៅ​នៃ​ដំណើរការ​រដ្ឋបាល​តុលាការ​, ៣. ការរៀបចំ​និង​ការដាក់​ឲ្យ​អនុវត្ត​តុលាការ​ជំនាញ​។ លោក​បានបញ្ជាក់​ដូច្នេះ​ថា​៖«​ទោះបីជា​ការប្រឹងប្រែងរ​បស់​យើង ទទួលបាន​លទ្ធផល​គួរ​ជាទី​មោទនៈ យ៉ាងណាក៏ដោយ តែ​យើង​នៅតែមាន​បញ្ហា​ប្រឈម​ជាច្រើន​ទៀត ដែល​ត្រូវ​ដោះស្រាយ​»​។

​របា​យា​ការណ៍​សង្ខេប​ស្តីពី «​ការ​បូកសរុប​ការងារ​យុត្តិធម៌​ឆ្នាំ​២០១៥ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៦» ដែល​បាន​ផ្សព្វផ្សាយ​ក្នុង​ពិធី​បើក​សន្និបាត​នោះ បាន​ឲ្យ​ដឹងថា បញ្ហា​ដែល​ក្រសួងយុត្តិធម៌ កំពុង​ជួយ​ប្រទះ រួមមាន កង្វះ​ធនធានមនុស្ស​, កង្វះ​អាគារ​និង​បន្ទប់​សម្រាប់​មន្ត្រីរាជកា​រ​, សមត្ថភាព​របស់​មន្ត្រី​រាជការ​នៅមានកម្រិត​, កង្វះ​រថយន្ត ដែលជា​ធ​ម្យោ​បាយ​សម្រាប់​ធ្វើដំណើរ​ចុះ​បេសកកម្ម​តាម​ខេត្ត​, ថវិកា​និង​សម្ភារ​បរិក្ខា​នៅមានកម្រិត ជាដើម​។

​ចំណែកឯ ឧបសគ្គ ដែល​ស្ថាប័ន​តុលាការ កំពុង​ប្រឈម មានដូចជា កង្វះ​ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី​, កង្វះ​បន្ទប់​សម្រាប់​ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី​, កង្វះ​បន្ទប់​ផ្នែក​រដ្ឋបាល សម្រាប់​ធ្វើការ​, កង្វះ​បន្ទប់​សម្រាប់​សវនាការ​, កង្វះ​បន្ទប់​សម្រាប់​ប្រជុំ​, កង្វះ​បន្ទាប់​សម្រាប់​ដាក់​វត្ថុតាង​និង​ឯកសារ​, កង្វះ​ថវិកា​និង​សម្ភារ សម្រាប់​ការស៊ើបអង្កេត​, កង្វះ​សម្ភារ​បរិក្ខា សម្រាប់​បំពេញការងារ​ប្រចាំថ្ងៃ​, កង្វះ​ថវិកា សម្រាប់​ដំណើរការ​នីតិវិធីតុលាការ​, ចំណាត់ការ​រឿងក្តី មាន​ភាពយឺតយ៉ាវ​, ការបញ្ជូន​ឯកសារ​និង​ការទទួល​ព័ត៌មាន មាន​ភាពយឺតយ៉ាវ ជាដើម​៕