គ្រាន់​តែ​រឿង​ឈូក ធ្វើ​ឲ្យ​បងប្អូន​២​នាក់​ទាស់សម្តី​គ្នា វាយ​ពក​ថ្ងាស​

គ្រាន់​តែ​រឿង​ឈូក ធ្វើ​ឲ្យ​បងប្អូន​២​នាក់​ទាស់សម្តី​គ្នា វាយ​ពក​ថ្ងាស​



កណ្ដាល ៖ បុរស​ស្ត្រី​ដែល​ជា​បងប្អូន​បង្កើត​នឹង​គ្នា បាន​ទាស់​ពាក្យសម្ដី​នឹង​គ្នា​ រឿង​អ្នក​បេះ​ឈូក ហើយ​ឈាន​ដល់​ការ​ប្រើ​ហិង្សា​ទៅវិញទៅមក លុះ​ស្អែក​ឡើង ជនរងគ្រោះ​បាន​ប្តឹង​សមត្ថកិច្ច​នគរបាល​ឲ្យ​ចាប់ខ្លួន​ជនសង្ស័យ​បង្ក​ហិង្សា ដើម្បី​ផ្ដន្ទាទោស​តាមច្បាប់។

ករណី​ហិង្សា​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច​ភូមិ​ព្រែក​ថ្មី ឃុំ​ជ័យ​ធំ ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល។

បើ​តាម​ប៉ូលិស​មូលដ្ឋាន​ស្រុក​ខ្សាច់កណ្តាល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​បង្ក​ហិង្សា​មានឈ្មោះ ហៃ អូន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ព្រែក​ថ្មី ឃុំ​ជ័យ​ធំ ស្រុក​ខ្សាច់​កណ្តាល។ រីឯ​ស្ត្រី​រងគ្រោះ​ឈ្មោះ ហៃ ថេ​ង អាយុ​៣៨​ឆ្នាំ​ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ/ឃុំ​កើតហេតុ រង​របួស​ស្នាម​ហើម​ពក​ថ្ងាស​១​កន្លែង ហើយ​រវាង​ជនសង្ស័យ និង​ជនរងគ្រោះ​ត្រូវជា​បងប្អូន​បង្កើត។​

​ ប្រភព​ព័ត៌មាន​ពី​សាក្សី​ក្បែរ​ផ្ទះ​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ឈ្មោះ ហៃ អូន ជា​ប្អូន​ជនរងគ្រោះ បាន​សួរ​បងស្រី​ខ្លួន​រឿង អា​លាភ វា​ទៅ​បេះ​ឈូក​ខ្លួន (​ហៃ អូន​) ពេល​ហៅ​សួរនាំ​នោះ ជនរងគ្រោះ (​ហៃ ថេ​ង​) មិន​ព្រម​បើកទ្វារ​ឲ្យ ក៏​មាន​ទំនាស់​ពាក្យសំដី​គ្នា ដោយ​ជន​សង្ស័យ​បាន​យក​អង្កត់​អុស​វាយ​ទ្វារផ្ទះ​ជនរងគ្រោះ បណ្ដាល​ឲ្យ​បែក​ក្ដារ​បន្តិច បន្ទាប់មក​ជនរងគ្រោះ បាន​រាយការណ៍​ប្រាប់​នគរបាល​ប៉ុស្តិ៍​ឲ្យ​ជួយ​អន្តរាគមន៍ ហើយ​កម្លាំង​ប៉ុស្តិ៍​ក៏បាន​ទៅដល់ ជនរង​គ្រោះ​ក៏​បើកទ្វារ ភ្លាមៗនោះ អ្នក​ទាំងពីរ​(​ហៃ អូន និង​ហៃ ថេ​ង​) ជជែក​គ្នា ស្រាប់តែ​ជនរងគ្រោះ​ទះកំផ្លៀង​ជនសង្ស័យ​១​ដៃ ហើយ​ជនសង្ស័យ ក៏​វាយ​ជនរងគ្រោះ​១​ដៃ​ផង​ដែរ បណ្តាល​ពក​ថ្ងាស បន្ទាប់​មក​កម្លាំង​ប៉ុស្តិ៍​ក៏​បំបែក​ឲ្យ​ទៅផ្ទះ​រៀងៗខ្លួន។​

ប្រភព​បន្ត​ទៀត​ថា លុះដល់​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៦ ជនរងគ្រោះ​បាន​មក​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​ជ័យ​ធំ ឲ្យ​អនុវត្ត​តាមច្បាប់ ទើប​កម្លាំង​ប៉ុស្តិ៍​ចុះ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ចាត់ការ​តាម​នីតិវិធី​តែម្ដង៕

គ្រាន់​តែ​រឿង​ឈូក ធ្វើ​ឲ្យ​បងប្អូន​២​នាក់​ទាស់សម្តី​គ្នា វាយ​ពក​ថ្ងាស​