កន្លែង​ណា​មានការ​​រឹតបន្តឹង​​ច្បាប់ ការ​ពាក់​មួក​សុវត្ថិភាព​នឹង​មានការ​កើន​ឡើង

កន្លែង​ណា​មានការ​​រឹតបន្តឹង​​ច្បាប់ ការ​ពាក់​មួក​សុវត្ថិភាព​នឹង​មានការ​កើន​ឡើង



ភ្នំពេញ ៖ កន្លែង​ណា​ដែល​មានការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍ ឃើញ​ថា​ ការ​ពាក់​មួក​សុវត្ថិភាព​ក្នុង​ពេល​ធ្វើដំណើរ​នៅ​លើ​ដង​ផ្លូវ​មានការ​កើន​ឡើង​។​ នេះ​ជា​ការ​ទទួលស្គាល់​ពី​លោក​ឧត្ដមសេនីយ៍​ទោ ទី ឡុង អនុ​ប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ខណៈ​ពេល​ចុះ​ត្រួតពិនិត្យ​ការ​​រឹតបន្តឹង​ចរាចរណ៍​នៅ​ទីតាំង​ក្បែរ​វិទ្យាស្ថាន​វ៉ាន់ដា គណនេយ្យ កាលពី​ថ្ងៃ​ទី​២៩​ ខែ​មេសា ​ឆ្នាំ​២០១៦​។​

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ការ​កើន​ឡើង ​នៃ​ការ​ពាក់​មួក​សុវត្ថិភាព​នេះ គឺ​ដោយសារ​ការ​ផ្សព្វផ្សាយ​ និង​ការ​អនុវត្តន៍​ច្បាប់ ជាពិសេស​ឃើញ​ថា ការ​ពាក់​មួក​សុវត្ថិភាព​ចំពោះ​អ្នក​ដែល​រួម​ដំណើរ​ជាមួយ​ក៏​ឃើញ​ថា​មានការ​កើន​ឡើង​ដែរ បើ​ទោះ​បី​មិនបាន​១០០​ភាគរយ​យ៉ាងណា​ក៏​ដោយ​។

ទន្ទឹម​នឹង​នេះ​ លោក​ក៏បាន​ជំរុញ​ដល់​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ផ្លូវ​ ជាពិសេស​យុវជន​ដែល​អ្នក​បន្តវេន​របស់​ប្រទេសជាតិ ត្រូវ​មាន​ស្មារតី​ភ្ញាក់​រលឹក​ដោយ​ខ្លួនឯង​ក្នុង​ការ​គោរព​ច្បាប់ ដើម្បី​ចូល​រួម​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ និង​ដើម្បី​សុវត្ថិភាព​ខ្លួនឯង​ផ្ទាល់​ និង​អ្នកដទៃ។​

លោក​បន្ត​ថា ការ​ចុះ​ត្រួតពិនិត្យ​រឹត​បន្តឹង​​ច្បាប់​ចរាចរណ៍​ នឹង​ធ្វើ​ឡើងជា​ប្រចាំ រួម​ទាំង​ការ​ពង្រីក​គោលដៅ​រឹត​បន្តឹង​បន្ថែម​ទៀត នៅ​តាម​បណ្ដា​ខណ្ឌ ក៏ដូចជា​នៅ​តាម​បណ្ដា​ស្រុក​នីមួយៗ​ដោយ​នៅ​តាម​បណ្ដា​ខណ្ឌ កងកម្លាំង​មាន​សមត្ថកិច្ច​ធ្វើ​ឡើងជា​រៀងរាល់ថ្ងៃ​ និង​នៅ​តាម​ស្រុក​យើង​បង្កើត​ជា​ក្រុម​យ៉ាងហោចណាស់​នៅ​ក្នុង​ស្រុក​ក៏​មាន​ពី​២​ ទៅ​៣​ក្រុម ​នៅ​តាម​បណ្ដា​ស្រុក​នីមួយៗ​ទូទាំង​ប្រទេស​ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រជាជន​ចូលរួម​គោរព​ច្បាប់​ទាំង​អស់​គ្នា​ ទើប​អាច​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន។

បន្ថែម​ពីលើ​នេះ​ លោក ទី ឡុង ​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ថ្ងៃ​ទី​១ ​ខែ​ឧសភា ​ឆ្នាំ​២០១៦ កង​កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក​ នឹង​ធ្វើការ​ត្រួតពិនិត្យ​ឡើងវិញ​នូវ​រាល់​ឯកសារ​ពាក់ព័ន្ធ​ទាំង​ឡាយ គ្រប់​មធ្យោបាយ​ធ្វើដំណើរ​ទាំងអស់ ទាំង​លក្ខណៈ​យាន្ត​ និង​លក្ខណៈ​បច្ចេកទេស​ជាដើម​។ លោក​បន្ត​ថា កន្លងមក​ សមត្ថកិច្ច​បាន​ទុក​ពេលវេលា​មួយ​សមស្រប សម្រាប់​ប្រជាពលរដ្ឋ​អ្នក​ប្រើប្រាស់​ផ្លូវ​រួចហើយ​ បន្ទាប់ពី​មានការ​ដាក់​ឲ្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ កាលពី​ថ្ងៃ​ទី​១​ ខែ​មករា ​ឆ្នាំ​២០១៦ និង​មាន​ប្រតិកម្ម​ពី​សំណាក់​ប្រជាពលរដ្ឋ​នោះ។​

លោក​បាន​ផ្ញើ​សារ​ដល់​សាធារណជន​ទាំងអស់​ដែល​ប្រើប្រាស់​ផ្លូវ សូម​មេត្តា​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា គោរព​ទាំង​ល្បឿន និង​បើកបរ​ក្នុង​ន័យ​គោរព​ច្បាប់ បើកបរ​កុំ​ផឹក​គ្រឿង​ស្រវឹង ​ឬ​គ្រឿងញៀន។ កម្លាំង​សមត្ថកិច្ច​ នឹង​ធ្វើ​ការ​ត្រួត​ពិនិត្យ​គ្រប់ពេលវេលា គ្រប់​ឯកសារ គ្រប់​លក្ខណៈ​សម្បត្តិ​យាន្ត​ទាំងអស់ ​ចាប់ពី​ថ្ងៃ​ទី​១​ ខែ​ឧសភា ​ឆ្នាំ​២០១៦​នេះ​តទៅ​៕កន្លែង​ណា​មានការ​​រឹតបន្តឹង​​ច្បាប់ ការ​ពាក់​មួក​សុវត្ថិភាព​នឹង​មានការ​កើន​ឡើង