រសៀល​នេះ​! រៀបចំ​ដង្ហែសព​មន្ត្រីអាវុធ​ហត្ថ​ម្នាក់​

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹងថា នៅ​វេលា​ម៉ោង០២រសៀល​​ថ្ងៃ​ទី​៣០ ​មេសា ​២០១៦​នេះ ​​​​រៀបចំ​ពិធី​ដង្ហែ​ស​ព​លោក​​អនុ​សេនីយ៍ឯក ទៀង ករុណា នាយ​រង​ការិយាល័យប្រឆាំង​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ​ឆ្ពោះទៅ​កាន់​វត្ត​ន​ន្ទ​មុនី ស្ថិត​តាម​បណ្តោយ​ផ្លូវ​មុន្នី​រ៉េ​ត ក្បែរ​ផ្សារ​ស្ទឹង​មាន​ជ័យ​ថ្មី​ ដែល​​រូប​លោក​បាន​​ពលី​ជីវិត ក្នុងបេសកកម្ម​បង្ក្រាប​ជន​ឧក្រិដ្ឋ​​​គ្រឿង​ញៀន​នៅ​ខណ្ឌ​ទួលគោក កាលពី​ថ្ងៃ​ទី​២៧ ​មេសា ​២០១៦​ ។

​គួររំលឹកថា រយៈពេល​ជាង​២​ម៉ោង ចាប់តាំងពី​វេលា​ម៉ោង​៤ ​និង​០៥​នាទី​រសៀល​រហូត​ដល់​ម៉ោង​៦​ និង​២០​នាទី​ល្ងាច​ ថ្ងៃ​ទី​២៧
មេ​សា ២០១៦ កងកម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ (PM) បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន​ដ៍​ធំ​មួយ ធ្វើ​ឲ្យ​កក្រើក​រាជធានី​ភ្នំពេញ ដោយ​បាញ់​ស្លាប់​មេខ្លោង​និង​ចាប់ខ្លួន​៥​នាក់ ខណៈ​បាញ់​តដៃ​គ្នា​ដូច​សមរភូមិ​ជាមួយ​សមត្ថកិច្ច​។

ដោយឡែក​ កម្លាំង​សមត្ថ​​កិច្ច​អាវុធហត្ថ​ ជា​នាយ​រង​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​រាជធានី​ភ្នំពេញ​ម្នាក់ គឺ​លោក​អនុ​សេនីយ៍ឯក ទៀន ករុណា បាន​ពលី​ជីវិត​ ដោយ​គ្រាប់កាំភ្លើង​របស់​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន ។