សកលវិទ្យា​ល័យ Kent State បើក​វេទិកាសាធារណៈ​ស្តីពី​ប្រវត្តិសាស្ត្រ​រវាង​អាមេរិក និង​កម្ពុជា​

​វ៉ាស៊ីនតោន​៖ សកលវិទ្យា​ល័យ Kent State រៀបចំ​វេទិកាសាធារណៈ​អំពី​ប្រវត្តិសាស្ត្រ​សង្គ្រាម​នៅ​កម្ពុជា​ពី​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​១៩៧៥ ដែលមាន​ពាក់ព័ន្ធ​នឹង​គោលនយោបាយ​ការបរទេស​របស់លោក​ប្រធានាធិបតី​អាមេរិក Richard Nixon ក្នុងអំឡុង​ពេលនោះ​។ ចាប់​ពីថ្ងៃ​អង្គារ ទី​២៦ រហូតដល់​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែមេសា​នេះ សកលវិទ្យា​ល័យ Kent State នៅ​រដ្ឋ Ohio សហរដ្ឋអាមេរិក រៀបចំ​វេទិកាសាធារណៈ​មួយ ស្តីអំពី​«​ប្រទេស​កម្ពុជា​ក្រោយ​ព្រឹត្តិការណ៍​បង្ក្រាប​បាតុករ​នៅ Kent State»​។​

​វេទិកា​នេះ ត្រូវបាន​រៀបចំឡើង ដើម្បី​គម្រប់​ខួប​៤៦​ឆ្នាំ​នៃ​ព្រឹត្តិការណ៍​បង្ក្រាប​បាតុកម្ម​នៅ​សកល​វិទ្យាល័យ Kent State កាលពី​ខែឧសភា ឆ្នាំ​១៩៧០ ដោយ​ផ្តោតទៅលើ​ព្រឹត្តិការណ៍​ដែល​បាន​កើតមានឡើង​នៅ​ប្រទេស​កម្ពុជា ក្រោយ​ព្រឹត្តិការណ៍​នៅ Kent State នោះ​។​

​លោក James Tyner សាស្ត្រាចារ្យ​ខាង​ភូមិសាស្ត្រ​នៃ​សកលវិទ្យា​ល័យ Kent State និង​ជា​អ្នករៀបចំ​ម្នាក់​នៃ​វេទិកា​នេះ បាន​ប្រាប់ VOA ឲ្យ​ដឹងថា ការរៀបចំ​វេទិកា​នេះ គឺជា​ឱកាស​ដ៏​ពិ​សេសមួយ ដែល​ជំរុញ​ឲ្យ​សហរដ្ឋអាមេរិក និង​ប្រទេស​កម្ពុជា​ផ្សារភ្ជាប់​ទំនាក់ទំនង​គ្នា ដោយ​ផ្អែកលើ​ប្រវត្តិសាស្ត្រ​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា​។​

​លោក Jame Tyner ថា​៖ «​គោលបំណង​របស់​យើង គឺ​ដើម្បី​លើកកម្ពស់​ការយល់ដឹង​អំពី​ទំនាក់ទំនង​តាម​ប្រវត្តិសាស្ត្រ​រវាង​សកលវិទ្យា​ល័យ Kent State និង​ប្រទេស​កម្ពុជា​។ នេះ​គឺជា​ឱកាស​ដែល​យើង​អាចធ្វើ​ឲ្យ​សហរដ្ឋអាមេរិក និង​កម្ពុជា អាច​រៀនសូត្រ​ពី​អតីតកាល​របស់​ប្រទេស​ទាំងពីរ​។ មានតែ​តាមរយៈ​ការចែក​រំ​ឡែក​បទពិសោធន៍​ទាំងអស់​នេះហើយ ទើប​យើង​អាចធ្វើ​ការរួម​គ្នា​ដើម្បី​កសាង​សង្គម​ដែលមាន​យុត្តិធម៌ និង​សន្តិភាព​បា​ន‍​»​។​

​កាលពី​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​១៩៧០ មាន​និស្សិត​៤​នាក់​ត្រូវបាន​បាញ់សម្លាប់​នៅ​សកលវិទ្យា​ល័យ Kent State ដោយ​កងកម្លាំង​សន្តិសុខ​ការពារជាតិ​របស់​រដ្ឋ Ohio ដោយសារតែ​ក្រុមនិស្សិត​ដែលមាន​ចំនួន​រាប់រយ​នាក់ បានធ្វើ​បាតុក​មុ្ម​ប្រឆាំងនឹង​តួនាទី​របស់​រដ្ឋាភិបាល​អាមេរិក​ក្នុង​សង្គ្រាម​នៅ​ប្រទេស​វៀតណាម​។​

​បាតុកម្ម​នេះ​បាន​ធ្វើឡើង ដើម្បី​ឆ្លើយតប​នឹង​សេចក្តីប្រកាស​របស់លោក​ប្រធានាធិបតី Richard Nixon កាលពី​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​១៩៧០ ដែល​បានប្រកាស​តាម​កញ្ចក់​ទូរទស្សន៍​ជាតិ អំពី​សេចក្តីសម្រេចចិត្ត​របស់​រដ្ឋាភិបាល​អាមេរិក​ក្នុងការ​ដាក់​ទ័ព​វាយ​ប្រយុទ្ធ​ចូលក្នុង​ទឹកដី​ប្រទេស​កម្ពុជា នៅក្នុង​អំឡុង​សង្គ្រាម​វៀតណាម​។​

​លោក​សាស្ត្រាចារ្យ Tyner បាន​បន្ថែមថា បើទោះបី​និស្សិត និង​សាធារណជន​អាមេរិក​មួយចំនួន​បានដឹង​ពី​ព្រឹត្តិការណ៍​នៅ​សកល​វិទ្យាល័យ Kent State កាលពី​ខែឧសភា ឆ្នាំ​១៩៧០​ក្តី ក៏​ការយល់ដឹង​របស់​ពួកគេ​នៅមានកម្រិត​នៅឡើយ​។​

​លោក​ថា​៖ «​ដូច្នេះ យើង​ចង់​គូសបញ្ជាក់​ប្រាប់​សិស្ស​និស្សិត​របស់​យើង និង​សាធារណជន​ឲ្យ​បានដឹង​ពី កេរតំណែល​នៃ​សេចក្តីសម្រេចចិត្ត​របស់​លោក​ប្រធានាធិបតី​អាមេរិក​នាពេលនោះ ដើម្បី​ឲ្យ​មានការ​ស្វែងយល់ថា តើ​សេចក្តីសម្រេចចិត្ត​ដាក់​ទ័ព​ចូល​ប្រទេស​កម្ពុជា​បាន​ជះឥទ្ធិពល​ខាង​នយោបាយ​ទាំង​នៅ​សហរដ្ឋអាមេរិក និង​នយោបាយ​នៅ​កម្ពុជា​ដោយ​របៀប​ណាខ្លះ​»​។​

​លោក ជុំ ម៉ី គឺជា​ជនរងគ្រោះ​ពី​មន្ទីរ​សន្តិសុខ ស​-២១ ឬ​គុក​ទួលស្លែង ដែល​បាន​រួច​រស់រានមានជីវិត​ពី​អំពើ​ទារុណកម្ម និង​ការសួរចម្លើយ​ដោយ​ពួក​ខ្មែរក្រហម កាលពី​ឆ្នាំ​១៩៧៩​។ លោក មាន​វត្តមាន​ចូលរួម​ជា​វាគ្មិន​នៅ​ថ្ងៃ​ទីមួយ​នៃ​វេទិកា​នេះ ដែល​ត្រូវ​នឹង​ថ្ងៃ​អង្គារ ទី​២៦ ខែមេសា​នេះ​។​

​លោក ជុំ ម៉ី បាន​ប្រាប់ VOA ឲ្យ​ដឹងថា​៖ «​ខ្ញុំ​មក​រំលែក​បទពិសោធន៍​របស់ខ្ញុំ នៅ​សារមន្ទីរ​ទួលស្លែង ដើម្បី​ជម្រាប​ប្រាប់​ពួក​និស្សិត ឲ្យ​គាត់​បានដឹង​ការពិត ពីព្រោះ​អ៊ំ​ចង់​ផ្សព្វផ្សាយ​អំពី​សារមន្ទីរ ដើម្បី​ឲ្យ​ក្មេងៗ​ជំនាន់​ក្រោយ​បានដឹង រឿង​អី្វ​បានជា​ខ្មែរ​សម្លាប់​ខ្មែរ​អស់​ច្រើន​ម្ល៉េះ​»​។​

​លោក​សាស្ត្រាចារ្យ James Tyner បាន​បញ្ជាក់ថា ការរៀបចំ​ឲ្យ​មាន​ជនរងគ្រោះ ដែល​នៅ​រស់រានមានជីវិត ចែក​រំ​ឡែក​បទពិសោធន៍​ផ្ទាល់ខ្លួន​ជាមួយនឹង​ក្រុមនិស្សិត និង​សាធារណជន អំពី​អ្វីដែល​បាន​កើតមានឡើង​ក្នុង​សង្គ្រាមស៊ីវិល​នៅ​ប្រទេស​កម្ពុជា ពិត​ជាមាន​សារៈសំខាន់​។​

​លោក​ថា​៖ «​សម្រាប់​ពួក​និស្សិត ពួកគេ​រៀនសូត្រ​ពី​សង្គ្រាម ជម្លោះ និង​អំពើ​ប្រល័យពូជសាសន៍ ដោយបាន​មើល​តែ​អក្សរ​ក្នុង​សៀវភៅ និង​អាន​ពី​ការសួរចម្លើយ ការធ្វើ​ទារុណកម្ម និង​ការសម្លាប់​តែប៉ុណ្ណោះ​។ លុះត្រាតែ​ពួកគេ​ស្តាប់ឮ​បទពិសោធន៍​ផ្ទាល់ខ្លួន​របស់​ជនរងគ្រោះ ទើប​ពួកគេ​អាច​ស្វែងយល់​កាន់តែច្បាស់​ពី​រឿងរ៉ាវ​ទាំងនោះ​បាន​»​។​

​នៅ​ថ្ងៃ​ពុធ ទី​២៧ ស្អែក​នេះ លោកស្រី Loung Ung ដែលជា​អ្នក​នៅ​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម និង​ជា​អ្នកនិពន្ធ​សៀវភៅ​«​មុនដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ​៖​ការចងចាំ​របស់​កុមារី​កម្ពុជា​ម្នាក់​» នឹងមាន​វត្តមាន ចែក​រំ​ឡែក​បទពិសោធន៍​របស់​គ្រួសារ​របស់លោក​ស្រី ក្នុង​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម​។ លោកស្រី ក៏​នឹង​ពិភាក្សា​អំពី​សារសំខាន់​នៃ​អំពី​ការអប់រំ​របស់​ក្មេងស្រី​នៅ​ប្រទេស​កម្ពុជា​ផងដែរ​។​

​គួរបញ្ជាក់​ផងដែរ​ថា សៀវភៅ​ស្តីពី​ប្រវត្តិ​ឆ្លងកាត់​របប​ខ្មែរក្រហម​របស់លោក​ស្រី អ៊ុង លឿង ត្រូវបាន​យកទៅ​ថត​ជា​ខ្សែភាពយន្ត​ហូលីវូដ ដោយ​ដឹកនាំ​ថត និង​ផលិត​ដោយ​លោកស្រី Angelina Jolie តារា​សម្តែង​ហូលីវូដ​ដ៏​ល្បីល្បាញ​ម្នាក់​។ ការថត​ខ្សែភាពយន្ត​នេះ​ទើបតែ​បានបញ្ចប់​កាលពី​ចុងខែ​មីនា​កន្លងទៅនេះ​។​

​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ដែលជា​ថ្ងៃ​បញ្ចប់​នៃ​វេទិកាសាធារណៈ​នេះ លោកស្រី Linda Saphan អ្នក​រួច​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម និង​លោក John Pirozzi ផលិតករ​ខ្សែភាពយន្ត​ឯកសារ​«​កុំ​ស្មាន​បង​ភ្លេច​» ឬ “Don't Think I've Forgotten: Cambodia's Lost Rock and Roll” នឹង​ចាក់​បង្ហាញ​ខ្សែភាពយន្ត​ឯកសារ​ដ៏​ល្បីល្បាញ​មួយ​នេះ ជូន​ដល់​និស្សិត និង​សាធារណជន​នៅ​សកល​វិទ្យាល័យ Kent State ផងដែរ​៕