បេក្ខជន​បេក្ខនារី​​៤០​រូប ចូលរួម​ប្រកួត​ផ្ដាច់ព្រ័ត្រ ​«​កម្មវិធី​សម្រស់​ឯក​វាយនភណ្ឌ​ឆ្នាំ​២០១៦»​

បេក្ខជន​បេក្ខនារី​​៤០​រូប ចូលរួម​ប្រកួត​ផ្ដាច់ព្រ័ត្រ ​«​កម្មវិធី​សម្រស់​ឯក​វាយនភណ្ឌ​ឆ្នាំ​២០១៦»​



ភ្នំពេញ​ ៖ ​បេក្ខជន បេក្ខ​នារី​ចំនួន​៤០​រូប ​ជា​កម្មករ​-ការិនី​មកពី​មណ្ឌល​រាជធានី​ភ្នំពេញ​, ខេត្ត​ព្រះ​សី​ហនុ និង​ខេត្ត​ស្វាយរៀង នឹង​ចូលរួម​ប្រឡង​ផ្ដាច់ព្រ័ត្រ​ជ្រើសរើស​ជ័យលាភី​សម្រស់​ឯក​វាយនភណ្ឌ​នៅ​ថ្ងៃ​ទី​០១ ខែ​ឧសភា ឆ្នាំ​២០១៦​នេះ ​ដែល​កម្មវិធី​នេះ​នឹង​មាន​ការផ្សាយ​ផ្ទាល់​ពី​ស្ថានីយ​ទូរទស្សន៍ ភី អិន អិន នៅ​វេលា​ម៉ោង​៥​និង​០០​ល្ងាច​ផង​ដែរ។

ក្រៅពី​បើក​ការប្រកួត ផ្ដាច់ព្រ័ត្រ ​«​កម្មវិធី​សម្រស់​ឯក​វាយនភណ្ឌ ​ឆ្នាំ​២០១៦»​ ក្រសួង​ការងារ​ក៏​នឹង​មាន​ការរៀបចំ​វេទិកា ​ស្ដីពី​ទំនាក់ទំនង​វិជ្ជាជីវៈ​នៅ​កម្ពុជា​ផង​ដែរ​ នៅ​ទីស្ដីការ​ក្រសួង។​

យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​ស្ដីពី​ការរៀបចំ​ទិវា​ពលកម្ម​អន្តរជាតិ​០១​ឧសភា​បាន​ឲ្យ​ដឹង​ថា ​ដើម្បី​អបអរសាទរ ខួប​អនុស្សាវរីយ៍​លើក​ទី​១៣០ ទិវា​ពលកម្ម​អន្តរជាតិ​១​ឧសភា និង​ដើម្បី​បង្កើត​ឱកាស​សប្បាយរីករាយ ដល់​បងប្អូន​កម្មករ​-​កម្មការិនី ដែល​កំពុង​បម្រើ​ការងារ​ក្នុង​វិស័យ​ឧស្សាហកម្ម ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ​សំលៀកបំពាក់ និង​ផលិត​ស្បែកជើង​ក្រសួង​ការងារ​បាន​សហការ​ជាមួយ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ស្ថានីយ​ទូរទស្សន៍ PNN អង្គការ​វិជ្ជាជីវៈ និង​ដៃគូ​ពាក់ព័ន្ធ​នានា​បាន​រៀបចំ​«​កម្មវិធី​សម្រស់​ឯក​វាយនភណ្ឌ​ឆ្នាំ​២០១៦» ​នៅ​ថ្ងៃ​ទី០១ ខែ​ឧសភា ឆ្នាំ​២០១៦​ខាងមុខនេះ ។ នេះ​គឺជា​លើក​ទី​២ ​ដែល​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​រៀបចំ​ប្រឡង​សម្រស់​ឯក​សម្រាប់​បងប្អូន​កម្មករ-ការិនី​ដោយមាន​បេក្ខជន​ដែល​បាន​ដាក់​ពាក្យ​ចូល​រួមមាន​ប្រកួត​ចំនួន​៤៣១ នាក់ ​មកពី​មណ្ឌល​ចំនួន​៣ គឺ​ទីស្ដីការ​ក្រសួង​ចំនួន​២៣៥​នាក់​, ខេត្ត​ព្រះសីហនុ​៧៩​នាក់ និង​ខេត្ត​ស្វាយរៀង​ចំនួន​១១៧​នាក់។

ជា​លទ្ធផល​ជ្រើសរើស​បាន​២០​នាក់ (​បេក្ខ​នារី​១០​នាក់ និង​បេក្ខ​បុរស​១០​នាក់​) សម្រាប់​ចូល​រួម​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ នៅ​ថ្ងៃ​ទី​០១ ខែ​ឧសភា ឆ្នាំ​២០១៦​ខាងមុខ។

លោក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា ​«​ក្នុងនាម​ថ្នាក់ដឹកនាំ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ខ្ញុំ​សូម​សម្ដែង​នូវ​ភាព​រីករាយ​ជាមួយ​ក្មួយៗ​កម្មករ-ការិនី ដែល​បាន​ជាប់​ក្នុង​វគ្គ​ជម្រុះ​នេះ និង​សូម​លើក​ទឹក​ចិត្ត​ដល់​ក្មួយៗ​ដែល​មិនបាន​ចូលរួម​នៅ​វគ្គ​បន្ត សូម​កុំ​អស់សង្ឃឹម ក្រសួង​នឹង​រៀបចំ​កម្មវិធី​នេះ​នៅ​ឆ្នាំក្រោយៗ​ទៀត​»។

សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​បាន​បន្ត​ថា ដើម្បី​ចូលរួម​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣០​ ទិវា​អន្តរជាតិ​ថ្ងៃ​០១​ឧសភា​ ឆ្នាំ​២០១៦​ ក្រោម​ប្រធានបទ​«​លើក​កម្ពស់​សេរីភាព​អង្គការ​វិជ្ជាជីវៈ​និង​ស្ថិរភាព​ផលិតកម្ម​ ដើម្បី​បង្កើន​ផលិតភាព ​និង​ការងារ​» ​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជា​ជីវៈ​ នឹង​រៀបចំ​វេទិកា​ពិភាក្សា​អំពី​ទំនាក់ទំនង​វិជ្ជាជីវៈ​នៅ​កម្ពុជា​ ដោយមាន​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ក្នុង​វិស័យ​ការងារ​រួមមាន​ អង្គការ​អន្តរជាតិ​ខាង​ការងារ​(ILO)​ និង​អង្គការ​សង្គម​ស៊ីវិល​ ដើម្បី​ពិភាក្សា​គ្នា​ស្វែងរក​ដំណោះស្រាយ​រួមគ្នា​លើ​បញ្ហា​កង្វល់​ ឬ​សំណូមពរ​ជា​អាទិភាព​របស់​បងប្អូន​កម្មករ​និយោជិក ​និង​និយោជក​៕