សព​បុរស​ម្នាក់​ដែល​អណ្ដែត​ក្រោម​ស្ពាន​ព្រះមុនីវង្ស​ថ្មី​ សង្ស័យ​ជា​ចោរលួច​ម៉ូតូ​

សព​បុរស​ម្នាក់​ដែល​អណ្ដែត​ក្រោម​ស្ពាន​ព្រះមុនីវង្ស​ថ្មី​ សង្ស័យ​ជា​ចោរលួច​ម៉ូតូ​



ភ្នំពេញ ៖ សព​បុរស​ម្នាក់​មាន​វ័យ​ប្រហែល​ជាង​២០​ឆ្នាំ​ ដែល​មក​ទើរ​ក្រោម​ស្ពាន​ព្រះមុនីវង្ស​ថ្មី​កាលពី​រសៀល​ថ្ងៃ​ទី​២៩​ ខែ​មេសា​ ឆ្នាំ​២០១៦​នេះ​ សមត្ថកិច្ច​សង្ស័យ​ថា​ជា​ចោរលួច​ម៉ូតូ។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ កាលពី​រសៀល​ថ្ងៃ​ទី​២៩​នេះ​ គេ​ប្រទះឃើញ​សព​បុរស​ម្នាក់​អណ្ដែត​ក្រោម​ស្ពាន​ព្រះមុនីវង្ស​ថ្មី​ ត្រើយ​ខាងលិច​ ក្នុង​ទឹកដី​សង្កាត់​ចាក់អង្រែលើ​ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ ​ពុំ​មាន​អត្តសញ្ញាណប័ណ្ណ​សម្គាល់​ខ្លួន​ និង​គ្មាន​អ្នកណា​ស្គាល់​ឡើយ​។ សមត្ថ​កិច្ច​បាន​និយាយ​ថា​ សព​បុរស​រូប​នេះ​សង្ស័យ​ជា​ចោរលួច​ម៉ូតូ​របស់​ប្រជាពលរដ្ឋ។​

ប៉ូលិស​បាន​ឲ្យ​ដឹង​ទៀត​ថា​ កាលពី​រសៀល​ថ្ងៃ​ទី​២៨ ​ខែ​មេសា ​ឆ្នាំ​២០១៦​មាន​ជនសង្ស័យ​ចំនួន​២​នាក់​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ប្រជាពលរដ្ឋ​ដែល​ម្ចាស់​ចូល​ទៅ​ទិញ​ឥវ៉ាន់​នៅផ្ទះ​លក់​ចាប់​ហួយ​មួយ​កន្លែង​ ស្ថិត​ក្នុង​ភូមិ​អូរ​អណ្ដូង​ សង្កាត់​ព្រែកប្រា​ ខណ្ឌ​ច្បារអំពៅ​ ហើយ​ម្ចាស់​ម៉ូតូ​ឃើញ​ទាន់​​ក៏​ដេញ​ចាប់ ​ធ្វើ​ឲ្យ​ចោរ​រត់​ចែក​ជើង​គ្នា​។

ចំណែក​ជនសង្ស័យ​ម្នាក់​ទៀត​បាន​រត់​ទម្លាក់​ទឹកទន្លេ​បាសាក់​និង​ត្រូវ​បាន​ប្រជា​នេសាទ​ជិះ​ទូក​ដេញ​ចាប់ ​តែ​ចោរ​រូប​នោះ​បាន​លឹប​ទឹក​បាត់​រហូត ​លុះដល់​រសៀល​ថ្ងៃ​ទី​២៩​ ខែ​មេសា​នេះ​ ក៏​ប្រទះ​សព​អណ្ដែត​មាន​ភិនភាគ​ដូច​ចោរលួច​ម៉ូតូ ​ទើប​ប៉ូលិស​សន្និដ្ឋាន​ថា​ពិតជា​ចោរលួច​ម៉ូតូ​ប្រាកដ​មែន​៕

សព​បុរស​ម្នាក់​ដែល​អណ្ដែត​ក្រោម​ស្ពាន​ព្រះមុនីវង្ស​ថ្មី​ សង្ស័យ​ជា​ចោរលួច​ម៉ូតូ​