បងប្អូន​បង្កើត​២​នាក់​មាន​ប្តី​​រួមគ្នា​ អំពាវនាវ​រក​ជំនួយ​

បងប្អូន​បង្កើត​២​នាក់​មាន​ប្តី​​រួមគ្នា​ អំពាវនាវ​រក​ជំនួយ​



កំពង់ឆ្នាំង ៖ ស្ដាប់​ទៅ ​គឺជា​រឿង​មិន​គួរ​កើតមាន បុរស​ពិការ​ម្នាក់ ដែល​រស់​ក្នុង​ជីវភាព​ក្រីក្រ បែរជា​មាន​ប្រពន្ធ​២ និង​ប្រពន្ធ​ទាំង​២​នោះ​ទៀត​ គឺជា​បងប្អូន​នឹង​គ្នា​ទៀត ដោយ​សង់​ខ្ទម​រស់នៅ​ជិត​គ្នា​យ៉ាង​សុខសាន្ត ​រហូត​មាន​កូន​ដល់​ទៅ​១១​នាក់ ពួកគាត់​រស់នៅ​ក្នុង​ភូមិ​ស្រែ​អុក ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស​។ ប៉ុន្តែ​ពេលនេះ​ បុរស​ជា​ប្តី​បាន​ធ្លាក់ខ្លួន​ឈឺ​៣​ថ្ងៃ​ហើយ ក្រោក​ពី​កន្ទេល​មិន​រួច​ ដោយ​ឈឺ​ចុក​ពេញ​ពោះ​មិន​ដឹង​កើតរោគ​អ្វី​នោះ​ឡើយ មិន​ហ៊ាន​ទៅ​ពេទ្យ​ព្យាបាល​ជំងឺ​នោះ​ទេ ព្រោះតែ​គ្មាន​ប្រាក់​សូម្បី​១០០​រៀល​ដាក់​លើ​ផ្ទះ​នោះ​ឡើយ។

នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៦ ស្ត្រី​ទាំង​២​នាក់​ដែល​ត្រូវជា​បងប្អូន​បង្កើត​យក​ប្តី​រួមគ្នា នោះ​បាន​ឲ្យ​ដឹង​ថា ស្ត្រី​បង​ជា​ប្រពន្ធ​ទី​១ មានឈ្មោះ ជេ​ត ខេង អាយុ​៤១​ឆ្នាំ បាន​កូន​៥​នាក់ និង​ស្ត្រី​ជា​ប្អូន​ជា​ប្រពន្ធ​ទី​២ មានឈ្មោះ ជេ​ត ខឿន អាយុ​៤០​ឆ្នាំ មាន​កូន​៦​នាក់។

ចំណែក​បុរស​ជា​ប្តី​មាន​ឈ្មោះ អឿន វឿន អាយុ​៤៧​ឆ្នាំ ពិការ​ជើង​ខាងឆ្វេង និង​ភ្នែក​ម្ខាង ដោយសារ​ជាន់​មីន កាល​គាត់​នៅ​រកស៊ី​កាប់​ឈើ តាម​បន្ទាត់​ព្រំដែន​ខ្មែរ-​ថៃ ក្នុង​អំឡុង​ឆ្នាំ​១៩៨៨។

ស្ត្រី​ទាំង​២​នាក់​ជា​ប្រពន្ធ​បាន​ឲ្យ​ដឹង​ទៀត​ថា សព្វថ្ងៃ​គ្រួសារ​គាត់​ក្រីក្រ​ខ្លាំង​ណាស់ គ្មាន​ដីស្រែ​ធ្វើ​ទេ​ ខែវស្សា ដើរ​ស៊ីឈ្នួល​ដក​ស្ទូង និង​ច្រូតកាត់​ឲ្យ​គេ ចំណែក​ខែប្រាំង​វិញ គឺ​ត្បាញ​កញ្ជើ​លក់ ដើម្បី​ចិញ្ចឹមជីវិត​។​ សព្វថ្ងៃនេះ កូនៗ​មិនបាន​រៀន​សូត្រ​អ្វី​ទេ ព្រោះតែ​ភាព​ក្រីក្រ និង​ម្យ៉ាង​សាលា​រៀន​នៅ​ឆ្ងាយ​ជាង​៤​គីឡូម៉ែត្រ។

អ្វី​ដែល​ពួកគាត់​កាន់តែ​លំបាក​ទៀត​នោះ គ្រា​ដែល​កំពុងតែ​ខ្វះខាត​នេះ បុរស​ជា​ប្តី​បាន​ធ្លាក់ខ្លួន​ឈឺ ចុក​ក្នុង​ពោះ មិន​អាច​ងើប​ពី​កន្ទេល​បាន មិន​ដឹង​ថា​ជា​ជំងឺ​អ្វី​នោះ​ទេ ។

ពួកគាត់​ជា​ប្រពន្ធ​ទាំងពីរ​នាក់ បាន​លើកដៃ​សំពះ សុំ​ក្តី​មេត្តា​ពី​សប្បុរសជន​នានា មេត្តា​ជួយ​ឧបត្ថម្ភ​ដល់​គ្រួសារ​គាត់​ផង ព្រោះ​ពេលនេះ ក្តី​លំបាក​វេទនា​កាន់​តែ​ខ្លាំង​ ដោយសារតែ​ប្តី​មាន​ជំងឺ គ្មាន​ប្រាក់​ព្យាបាល។

លោក​ ទា សៅ ជា​មេភូមិ​ស្រែ​អ៊ុក និង​លោកស្រី ចាន់ សុក ជា​ក្រុម​ប្រឹក្សា​ឃុំ​តាំងក្រសាំង បាន​និយាយ​ដូចគ្នា​ថា គ្រួសារ​ខាងលើ​ពិតជា​ក្រីក្រ​ខ្លាំង​ណាស់ ប្តី​ប្រពន្ធ រួម​ទាំង​កូនៗ​បង​ផង​បាន​ស៊ីឈ្នួល​ធ្វើស្រែ កាប់​គាស់​គល់ឈើ​ឲ្យ​គេ និង​កាប់​ឫស្សី ត្បាញ​កញ្ជើ​លក់ ដើម្បី​ចិញ្ចឹម​ជីវិត។

ថ្វីបើ​គ្រួសារ​នេះ​មាន​ប្តី​១​ពីរ​នាក់​ពិតមែន​ ដោយសារ អាជ្ញាធរ​មូលដ្ឋាន មាន​ក្តី​មេត្តា បាន​ដាក់​បំបែក​ឲ្យ​គាត់​មាន​២​​គ្រួសារ​ដាច់​គ្នា ពេល​មាន​ជំនួយ​មក ​គឺ​បាន​២​គ្រួសារ​។

​ក្នុងនាម​ពួកគាត់​ជា​អាជ្ញាធរ ភូមិ/ឃុំ សូម​អំពាវនាវ​ដល់​សប្បុរសជន​ជិត​ឆ្ងាយ សូម​ជួយ​គ្រួសារ​ខាងលើនេះ​ផង ព្រោះ​ពេលនេះ​ពិតជា​កំពុង​ជួប​ទុក្ខ​លំបាក​ខ្លាំង​ណាស់៕
បងប្អូន​បង្កើត​២​នាក់​មាន​ប្តី​​រួមគ្នា​ អំពាវនាវ​រក​ជំនួយ​

បងប្អូន​បង្កើត​២​នាក់​មាន​ប្តី​​រួមគ្នា​ អំពាវនាវ​រក​ជំនួយ​
បងប្អូន​បង្កើត​២​នាក់​មាន​ប្តី​​រួមគ្នា​ អំពាវនាវ​រក​ជំនួយ​