ឃី​ស៊ី​ង​ហ្គឺ​៖ គ្មាន​កិច្ចព្រមព្រៀង​ផ្ទេរ​កោះ​ប៉ា​រ៉ា​សែ​ល​ឲ្យ​ចិន​ជំនាន់​និ​ច​សុន​ឡើយ​

​អតីត​ប្រមុខ​ការទូត​អាមេរិក​លោក ហេន​រី ឃី​ស៊ី​ង​ហ្គឺ (Henry Kissinger) បាន​ទាត់​ចោលការ​លើកឡើងថា អាមេរិក​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ចិន​ក្នុងពេលដែល​អាមេរិក​ងាក​ទៅ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ចិន​ទស្សវត្សរ៍​ឆ្នាំ ១៩៧០ ដើម្បី​ផ្តល់​ប្រជុំ​កោះ​សមុទ្រ​ចិន​ខាងត្បូង​ឲ្យ​ទៅ​ចិន​។ លោក​ថា គ្មាន​ឡើយ​កិច្ចព្រមព្រៀង​ដែល​អាមេរិក​និង​ចិន​បាន​ចុះ​រួមគ្នា​ក្នុងការ​ផ្ទេរ​តំបន់​ជម្លោះ​នេះ​ទៅ​ឲ្យ​ចិន​កាន់កាប់ ថ្វីបើ​កាលនោះ​អាមេរិក​បោះបង់​វៀតណាម​និង​ចាប់ដៃ​ចិន​ក្តី​។

​ក្នុង​សន្និសីទ​ស្តីពី​សង្គ្រាម​វៀតណាម​ដើម​សប្តាហ៍​នេះ  មុន​ខួប​នៃ​ការដួលរលំ​ក្រុង​សៃ​ហ្ក​ន​មកដល់ អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ និង​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក ហេន​រី ឃី​ស៊ី​ង​ហ្គឺ បាន​ទាត់ចោល​ការចោទប្រកាន់ ថា រដ្ឋបាល​អាមេរិក​ជំនាន់​លោក រី​ឆាត និ​ច​សុន បានផ្តល់​សិទ្ធិ​ឲ្យ​ក្រុង​ប៉េកាំង​កាន់កាប់​ប្រជុំ​កោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​។

​មន្ត្រី​ទូត​ជើងចាស់​វ័យ​ជាង ៩០​ឆ្នាំ នេះ​បាន​បញ្ជាក់ថា កាល​ជំនាន់​លោក​ជា​រដ្ឋមន្ត្រីការបរទេស និង​ពេលដែល​អាមេរិក​ចាប់ដៃ​ចិន គ្មាន​ឡើយ​កិច្ចព្រមព្រៀង​ដែល​គូរ​ភាគី​ចុះ​រួមគ្នា​ដើម្បី​ផ្ទេរ​តំបន់​កោះ​សមុទ្រ​ចិន​ខាងត្បូង​ឲ្យ​ចិន​។ លោក​សង្កត់ធ្ងន់ថា កាលនោះ​តំបន់​ជម្លោះ​កោះ​ប៉ា​រ៉ា​សែ​ល ដែល​ចិន​និង​វៀតណាម​ប្រជែង​គ្នា​ដណ្តើមយក​មកដល់​ប​ច្ចុ​ប្បន្ន​នោះ​មិនជា​រឿង​សំខាន់​ឡើយ​។

​លោក​បាន​បន្តថា គោលជំហរ​អាមេរិក​ក្នុងពេលនោះ​ទាក់ទង​នឹង​កោះ​ជម្លោះ​នេះ គឺ អាមេរិក​គ្មាន​ជំហរ​អ្វី​ក្នុងការ​សម្រេចចិត្ត​លើ​បញ្ហា​អធិបតេយ្យ​នៃ​កោះ​ទាំង​នោះទេ​។ « ក្នុង​ឆ្នាំ ១៩៧៤ កោះ​ប៉ា​រ៉ា​សែ​ល​នោះ គ្មាន​សារសំខាន់​ក្នុង​ខួរក្បាល​របស់​យើង​ឡើយ​។ ប៉ុន្តែ​វា​ក៏​គ្មាន​កិច្ចព្រមព្រៀង​ណាមួយ​ដែល​ត្រួវ​ចុះហត្ថលេខា​ដែល​ត្រួសត្រាយ​ផ្លូវ​ឲ្យ​ចិន​កាន់កាប់​ប្រជុំ​កោះ ប៉ា​រ៉ា​សែ​ល  ហើយ​ចិន​ក៏​មិនដែល​ធ្លាប់​អះអាង​បែបនេះ​ដែរ​»​។

​ដំណើរ​ដើមទង​ដែល​ជំរុញ​ឲ្យ​មានការ​ចោទប្រកាន់​អាមេរិក​នេះ កើតឡើង​ដោយសារ​ទាហាន​វៀតណាម​ខាង​ត្បុ​ង​ដែល​ធ្លាប់​ទទួល​ការគាំទ្រ​ពី​ក្រុង​វ៉ាស៊ីនតោន​ក្នុងអំឡុង​ពេលដែល​អាមេរិក​នៅ​ធ្វើសង្គ្រាម​ប្រឆាំង​វៀតណាម​ខាងជើង​នោះ ចោទថា អាមេរិក​ចូល​ដៃ​ចូល​ជើង​ជាមួយ​ចិន​។ ក្នុង​ឆ្នាំ ១៩៧៤  ទាហាន​វៀតណាម​ស្លាប់​អស់​មួយចំនួន និង​បង្ខំចិត្ត​ដកខ្លួន​ចេញពី​កោះ​ប៉ា​រ៉ា​សែ​ល ក្រោយ​ប៉ះទង្គិច​ជាមួយ​កងទ័ព​ចិន​។   ហើយ​ពួកគេ​មិនបាន​ទទួល​ជំនួយ​ឬ​ការអន្តរាគមន៍​ពី​សំណាក់​ក្រុង​វ៉ាស៊ីនតោន​ឡើយ​។

​ចំណែក​លោក ឃី​ស៊ី​ង​ហ្គឺ កាលនោះ​ជា​រដ្ឋមន្ត្រីការបរទេស​អាមេរិក​ក្នុង​រដ្ឋបាល​លោក រី​ឆាត និ​ច​សុន ហើយ​លោក​នេះឯង​ជា​អ្នក​ដែល​ប្រឹងប្រែង​ជំរុញ​ឲ្យ​មានការ​ពង្រឹង​ទំនាក់ទំនង​រវាង​ចិន​និង​អាមេរិក​ដើម្បី​ប្រឆាំង​សហភាពសូវៀត​។

​យ៉ាងណាមិញ បច្ចុប្បន្ននេះ បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​លើ​ប្រជុំ​កោះ​ប៉ា​រ៉ា​សែ​ល រវាង​វៀតណាម​និង​ចិន​នៅ​បន្ត​ជា​រឿងចម្រូងចម្រាស​និង​ក្តៅគគុក​។ ហើយ​ចលនា​ជាតិនិយម​ប្រឆាំង​ចិន​នៅ​វៀតណាម​ក៏​កើនឡើង​ខ្លាំង​គួរ​ឲ្យ​បារម្ភ​ដែរ ជាពិសេស​ក្រោយ​ពេលដែល​ចិន​បន្តសកម្មភាព​វាតទី ដោយ​សាងសង់​កោះ​សិប្បនិម្មិត​និង​ធ្វើ​យោ​ធូប​នី​កម្ម​ក្នុង​តំបន់​ជម្លោះ​ផង​នោះ​៕