ទួរីស​១២​កៅអី​​ផ្ទុះ​កង់​​​ក្រោយ​ ទាំង​ពីរ​ក្រឡាប់​ផ្ងារ​ជើង

ទួរីស​១២​កៅអី​​ផ្ទុះ​កង់​​​ក្រោយ​ ទាំង​ពីរ​ក្រឡាប់​ផ្ងារ​ជើង



ពោធិ៍សាត់ ​៖ ​រថយន្ត​ប្រភេទ​​ទួរីស​មួយ​គ្រឿង​ ​​កំពុង​ចរាចរណ៍​លើ​ផ្លូវ​ជាតិ​លេខ​​​៥​សុខៗ​ ក៏​ផ្ទុះ​បែក​កង់​ក្រោយ​ទាំងពីរ​រេ​ចង្កូត​ចុះឡើង​លើ​ផ្លូវ​ជាតិ​ រួច​​​​​ក្រឡាប់​ផ្ងារ​ជើង​ទៅ​ស្ដាំ​ដៃ​ចិញ្ចើម​ផ្លូវជាតិ។ តែ​សំណាង​ណាស់​ពុំ​មាន​គ្រោះថ្នាក់។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​៦​និង​២៥​នាទី ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៦ ​ស្ថិត​​ក្នុង​ភូមិ​ឃុំ​ស្នាម​ព្រះ​ស្រុក​បាកាន​ ខេត្ត​ពោធិ៍សាត់។

បើ​តាម​លោក​យឹម សុ​គឺ​ន​ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​មូលដ្ឋាន​នៅ​ទីតាំង​កើតហេតុ​នេះ​ប្រាប់​ថា ​៖ ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​ក្នុង​មូលដ្ឋាន​របស់​គាត់​គ្រប់គ្រង​ ដោយ​មុន​ពេល​កើតហេតុ ​មាន​រថយន្ត​ប្រភេទ​ ទួរីស​ពណ៌​​​សំបក​ឪឡឹក​១២​កៅអី​មួយ​គ្រឿង​​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AB.31.73 បាន​ចរាចរណ៍​លើ​ផ្លូវ​ជាតិ​លេខ​០៥ ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ ដោយ​ល្បឿន​មធ្យម។ លុះ​មក​ដល់​ទីតាំង​ខាងលើ​​រថយន្ត​នោះ​​​​​​​ ក៏​បាន​ផ្ទុះ​កង់​ផ្នែក​ខាង​ក្រោយ​ទាំង​ពីរ ​ធ្វើ​ឲ្យ​រថយន្ត​រេ​ចង្កូត​ចុះឡើង​ពេញ​លើ​ផ្លូវ។ នៅ​ពេល​នោះ ​អ្នក​បើកបរ​ឈ្មោះ​មុយ​ សុខ​ខែ​ន​ អាយុ​៣២​ឆ្នាំ រស់​នៅ​រាជធានី​ភ្នំពេញ​ មាន​ស្មារតី​រឹងមាំ​ បាន​ព្យាយាម​ទប់​ចង្កូត​ ហើយ​រថយន្ត​នោះ​ ក៏​រេ​ទៅ​ខាង​ស្ដាំ​ដៃ​បញ្ចៀស​ការ​គ្រោះថ្នាក់​ដល់​អ្នកដទៃ​ រួច​ក៏​​​ក្រឡាប់​​ផ្ងារ​ជើង​តែម្ដង។ តែ​សំណាង​ណាស់​ពុំ​មាន​មនុស្ស​ណា​គ្រោះថ្នាក់​ឡើយ។

លោក​យឹម សុ​គឺ​ន​ បន្ថែម​ថា ​៖​ ក្រោយ​ពេល​កើតហេតុ​​ ​ភ្លាមៗ ​ខាង​នគរបាល​ចរាចរណ៍​ស្រុក​បាកាន ​ក៏បាន​មកដល់​ត្រួតពិនិត្យ​ឧប្បត្តិហេតុ​នេះ​ និង​ជួយ​អន្តរាគមន៍​បញ្ចៀស​គ្រោះថ្នាក់​ដើម្បី​ឲ្យ​ម្ចាស់​រថយន្ត​យក​រថយន្ត​ស្ទូច​ដឹក​យក​ទៅ​ជួសជុល​ប្រើប្រាស់​វិញ៕