បង្ហាញមុខ​ជនល្មើស​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន

បង្ហាញមុខ​ជនល្មើស​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន



ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៦​នេះ​នៅ​ការិយាល័យ​កណ្តាល​ប្រឆាំង​បទល្មើស​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ស្ថិត​ក្នុង​សង្កាត់​បឹងរាំង ខណ្ឌ​ទួលគោក​រាជធានី​ភ្នំពេញ​បាន​បង្ហាញមុខ​ជនល្មើស​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​ចំនួន​៣៨​នាក់​ក្នុង​ការ​ប្រតិបត្តិការ​រយៈ​ពេល​៥​ថ្ងៃ​ក្នុង​ភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ចាប់ពី​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ២០១៦​កន្លងមក​នេះ។

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ព្រុំ សន្ធរ ស្នងការ​រង​និង​ជា​ប្រធាន​ការិយាល័យ​កណ្តាល​ប្រឆាំង​បទល្មើស​បាន​មានប្រសាសន៍ថា ការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ក្នុង​ភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ចាប់ពី​ថ្ងៃ​ទី​២៥​ដល់​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០១៦​កន្លង​ថ្មីៗ​នេះ​បាន​ទទួល​លទ្ធផល​គួរ​ជាទី​មោទនៈ​ដែល​កម្លាំង​សមត្ថកិច្ច​យើង​បាន​ខិតខំ​ទាំង​យប់​ទាំង​ថ្ងៃ​សហការ​បង្ក្រាប​ព្រម​គ្នា​ជា​លទ្ធផល​បង្ក្រាប​បាន​ចំនួន​២១​ករណី ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៣៨​នាក់ ស្រី​៤ នាក់​។ ក្នុង​នោះ​ដកហូត​វត្ថុ​តាង​និង​សម្ភារៈ​មាន ថ្នាំញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន​(ICE)​ចំនួន​៤​កញ្ចប់​តូច .​កញ្ឆា​ក្រៀម​១០​កញ្ចប់​តូច ជញ្ជីង​ថ្លឹង​ថ្នាំញៀន​២​គ្រឿង .​ដាវ​កែច្នៃ​២​ដើម​. ម៉ូតូ​ចំនួន​១៣​គ្រឿង​. ទូរស័ព្ទ​ដៃ​១២​គ្រឿង​. ប្រាក់​ខ្មែរ​២២​ម៉ឺន​៥​ពាន់​រៀល និង​ប្រាក់​ដុល្លារ​១៦​ដុល្លារ​អាមេរិក។

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ព្រុំ សន្ធរ បាន​មានប្រសាសន៍​បន្ត​ថា ក្នុង​នោះ​ខណ្ឌ​មាន​ស្នាដៃ​បង្ក្រាប​មានៈ ខណ្ឌ​ជ្រោយចង្វារ ៨ ករណី ឃាត់ខ្លួន​ជនសង្ស័យ​១៤​នាក់​ក្នុងនោះ​ជួញដូរ ២​នាក់​និង​ប្រើប្រាស់​៥​នាក់​។ ខណ្ឌ​សែន​សុខ​៤​ករណី ឃាត់ខ្លួន​ជនសង្ស័យ​៩​នាក់​ក្នុង​នោះ​ជួញដូរ ១​នាក់​និង​ប្រើប្រាស់​៣​នាក់​។ ខណ្ឌ​ដូន​ពេញ ២​ករណី​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ក្នុង​នោះ​ជួញដូរ ២​នាក់​។ ខណ្ឌ​ពោធិ៍សែន​ជ័យ​១​ករណី​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ប្រើប្រាស់​។ ខណ្ឌ​៧​មករា ១​ករណី​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ប្រើប្រាស់​។ ខណ្ឌ​មានជ័យ​១​ករណី​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ប្រើប្រាស់​។ ខណ្ឌ​ច្បារអំពៅ​១​ករណី​ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់​ជួញដូរ​។ ខណ្ឌ​ឫស្សី​កែវ​១​ករណី​ឃាត់​ជនសង្ស័យ​៣​នាក់​ជួញដូរ​។ ខណ្ឌទួលគោក​១​ករណី​ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់​ប្រើប្រាស់​និង​ការិយាល័យ​គ្រឿងញៀន​១​ករណី​ឃាត់ខ្លួន​ជនសង្ស័យ​បាន​១​នាក់​ជួញដូរ។

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​បាន​បញ្ជាក់​ថា មិនមែន​ថ្ងៃនេះ​បង្ហាញ​យើង​បាន​ធ្វើ​ការងារ​នោះ​ទេ​គឺ​សកម្មភាព​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នេះ គឺ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ពិសេស​អធិការ​ខណ្ឌ​ទាំង​១២​និង​ការិយាល័យ​ជំនាញ​បាន​ធ្វើ​ការ​បង្ក្រាប​ជា​បន្តបន្ទាប់​។ ប៉ុន្តែ​ដោយសារ​លើក​នេះ​ចង់​បង្ហាញ​លទ្ធផល​បូក​គ្នា​ជាមួយ​ការិយាល័យ​ព្រហ្មទណ្ឌ ដូច្នេះ​ហើយ​បាន​ធ្វើការ​បង្ហាញ​លទ្ធផល​នៅ​ពេល​នេះ។

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​បាន​សំណូមពរ​ថា បញ្ហា​គ្រឿងញៀន​នេះ​វា​ស្មុគស្មាញ​និង​ប្រឈម​ខ្លាំង​ណាស់​ដូច្នេះ​សំណូមពរ​ដល់​អាណាព្យាបាល​ពិសេស​យើង​ទាំងអស់​គ្នា​រួមគ្នា​ដើម្បី​ទប់ស្កាត់​បញ្ហា​គ្រឿងញៀន​មានតែ​អាណាព្យាបាល​និង​សាមីខ្លួន​ដែល​អាច​ការពារ​និង​ចូលរួម​ទាំងអស់​គ្នា​ដើម្បី​បង្ការ​កូនចៅ​កុំ​ឲ្យ​ធ្លាក់ខ្លួន​ជា​ជនរងគ្រោះ​នៃ​ការប្រើប្រាស់​គ្រឿងញៀន៕

បង្ហាញមុខ​ជនល្មើស​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន បង្ហាញមុខ​ជនល្មើស​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន