ពលរដ្ឋ​នៅ​​ពោធិ៍សាត់​​ខ្លះ​មិន​ពេញ​នឹង​ការ​អភិវឌ្ឍ​ស្ពាន​កសាង​ក្នុង​របប​ប៉ុលពត

ពលរដ្ឋរស់នៅស្រុកកណ្ដៀង និងក្រុងពោធិ៍សាត់ ខ្លះ មិនពេញចិត្តចំពោះសកម្មភាពវាយកម្ទេចទំនប់ស្ទាក់ទឹកក្បាលហុង ដែលកសាងក្នុងរបប ប៉ុល ពត ដើម្បីអភិវឌ្ឍ។ អាជ្ញាធរបញ្ជាក់ថា ទំនប់ដែលបានកម្ទេចនោះមានសភាពទ្រុឌទ្រោមខ្លាំង ហើយការអភិវឌ្ឍទំនប់ថ្មី អាចជួយលើកកម្ពស់សោភ័ណភាពក្រុងផង និងសម្រួលដល់ការធ្វើដំណើរ ព្រមទាំងរក្សាទឹកប្រើប្រាស់។

មន្ត្រីជំនាញ និងអាជ្ញាធរខេត្តពោធិ៍សាត់ បានប្រើពេល ៥ថ្ងៃ ដើម្បីកម្ទេចទំនប់ស្ទាក់ទឹកក្បាលហុង ហើយកំពុងរៀបចំអភិវឌ្ឍន៍ស្ពានយោល និងទំនប់ស្ទាក់ទឹកថ្មីមួយជំនួសវិញនៅក្បែរនោះ។ ពលរដ្ឋដែលមិនពេញចិត្តនឹងការអភិវឌ្ឍនេះ ថាអាជ្ញាធរមិនបានផ្សព្វផ្សាយទូលំទូលាយដល់ពលរដ្ឋពីគម្រោង ខណៈពួកគាត់បារម្ភប៉ះពាល់ផ្ទះសម្បែង អស់ដីខ្សាច់បណ្ដុះសណ្ដែក និងស្ដាយស្ពានចាស់។

ពលរដ្ឋម្នាក់រស់នៅសង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ គឺលោកស្រី នួន ណារី មានប្រសាសន៍ថា ទំនប់ក្បាលហុង ចាស់ តែអាចធ្វើដំណើរថ្មើរជើង ឬជិះកង់ឆ្លងកាត់បាន និងអាចរក្សាដីខ្សាច់បានច្រើនពីការហូរច្រោះទៅក្រោម។ លោកស្រីថា អ្នកភូមិប្រមាណ ១០គ្រួសារ ពឹងលើខ្សាច់ពីក្បែរទំនប់ ក្នុងបាតស្ទឹងពោធិ៍សាត់ ក្នុងការបណ្ដុះសណ្ដែកយកទៅលក់នៅលើទីផ្សារ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ៖ «ម្នាក់ៗស្ដុកដី ៤០គូបអ៊ីចឹងទៅ តាមអ្នកដែលបណ្ដុះតិច ឬច្រើន! ដល់ស្ពានហ្នឹងវាយចោលអ៊ីចឹងទៅ មិនដឹងថា ថ្ងៃក្រោយអាចមានដីខ្សាច់កល់ម្ដុំយើង ឬអត់»

ពលរដ្ឋ​នៅ​​ពោធិ៍សាត់​​ខ្លះ​មិន​ពេញ​នឹង​ការ​អភិវឌ្ឍ​ស្ពាន​កសាង​ក្នុង​របប​ប៉ុលពត

ស្ពានទំនប់ស្ទាក់ទឹកក្បាលហុង ដែលកសាងក្នុងរបបខ្មែរក្រហម ស្ថិតក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ទាក់ទងបញ្ហានេះ មេឃុំវាល ស្រុកកណ្ដៀង លោក ស៊ិន សុផា ដែលគ្រប់គ្រងទឹកដីរដ្ឋបាលនៅត្រើយខាងលិច នៃទំនប់ស្ទាក់ទឹកក្បាលហុង ឲ្យដឹងថា ទំនប់ចាស់បានវាយចោលរួចរាល់ ហើយកំពុងរៀបចំធ្វើទំនប់ស្ទាក់ទឹកថ្មីដែលមានកម្ពស់ប្រមាណជិត ២ម៉ែត្រ និងបណ្ដោយជាង ១០០ម៉ែត្រ។ លោកថា អ្នកដែលជំទាស់នឹងគម្រោងនេះមានភាគតិច ប៉ុន្តែទំនប់ និងស្ពានថ្មីមានអត្ថប្រយោជន៍ច្រើនដល់ពលរដ្ឋ៖ «ពីមុនអាក្បាលហុង (ទំនប់ស្ទាក់ទឹក) អត់ប្រយោជន៍ទេ ពុកអស់ហើយ អាខឿនលើហ្នឹងនោះ។ បើទំនប់បង្ហៀរទឹក (ទំនប់ថ្មី) កើតឡើង គឺបានទប់ទឹកនៅខាងលើដើម្បីឲ្យធនធានទឹក មានលទ្ធភាពបូមសម្រាប់បម្រើឲ្យសេវា (ទឹកស្អាត) ទូទាំងខេត្ត បើកាលណាអត់មានអាហ្នឹងទេ ទឹកទៅអស់រលីង។ រាល់ថ្ងៃ វាមានតំបន់នេះមានទឹក តំបន់អត់ទឹកដោយសារអត់ទឹកបូម»

វិទ្យុអាស៊ីសេរី មិនអាចទាក់ទងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ លោក កែវ វៃ ដើម្បីលម្អិតលើគម្រោងអភិវឌ្ឍន៍នេះបានទេ នៅថ្ងៃទី២៩ ខែមេសា។ ប៉ុន្តែអភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន បញ្ជាក់យ៉ាងខ្លីមុននឹងចុចផ្ដាច់ទូរស័ព្ទថា នេះគឺជាគម្រោងកែលំអនៅក្នុងក្រុង ហើយលោកមិនចង់និយាយពីបញ្ហាកើតចេញពីការអភិវឌ្ឍ ឬរឿងរ៉ាវកំប៉ិកកំប៉ុកនេះទេ៖ «ជាការកែទម្រង់ ការអភិវឌ្ឍ កែលម្អក្រុង កែលម្អអី។ របស់ដែលយើងបោះចោលយើងយកមកកែច្នៃ ធ្វើឲ្យមានប្រយោជន៍។ សួរទៅខាងធនធានទឹកទៅបង ខ្ញុំគ្មានឆ្លើយជាមួយបងអារឿងកាប៉ិកកាប៉ុកអ៊ីចឹងទេ»

ពលរដ្ឋរស់នៅប្របមាត់ស្ទឹងពោធិ៍សាត់ ដែលមានផ្ទះនៅត្រើយខាងលិចប្រហែល ២០ខ្នង និងខាងកើតប្រហែល ៥០ខ្នង បារម្ភថា គម្រោងអភិវឌ្ឍក្រុងដោយចាប់ផ្ដើមពីការធ្វើទំនប់ និងស្ពានយោលថ្មីនេះ នឹងប៉ះពាល់ដល់ពួកគាត់ ព្រោះអាជ្ញាធរត្រូវការកន្លែងដើម្បីរៀបចំសួនច្បារដាំផ្កា និងដាក់ភ្លើងលំអពេលយប់។ យ៉ាងណាអភិបាលខេត្តលោក ម៉ៅ ធនិន ធ្លាប់បញ្ជាក់ថា នឹងពុំមានពលរដ្ឋណាម្នាក់ត្រូវបណ្ដេញចេញពីផ្ទះដោយបង្ខំនោះទេ៕

ប្រភពៈ RFA