អាជ្ញាធរ​ជាតិ​អប្សរា​សហការ​ជាមួយ​អាជា្ញធរ​មូលដ្ឋាន​ទប់ស្កាត់​ការ​លួច​ជីក​គាស់កកាយ​យក​រូប​ក្បាល​នាគ​នៅ​ស្ពាន​បុរាណ​រុន​តា​ដេ​វ

អាជ្ញាធរ​ជាតិ​អប្សរា​សហការ​ជាមួយ​អាជា្ញធរ​មូលដ្ឋាន​ទប់ស្កាត់​ការ​លួច​ជីក​គាស់កកាយ​យក​រូប​ក្បាល​នាគ​នៅ​ស្ពាន​បុរាណ​រុន​តា​ដេ​វ



សៀមរាប ៖ អាជ្ញាធរ​ជាតិ​អប្សរា​ដោយមាន​កិច្ចសហការ​ពី​អាជ្ញាធរ​មូលដ្ឋាន​និង​នគរបាល​ការពារ​បេតិកភណ្ឌ​កាលពី​យប់​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០១៦​កន្លង​ទៅ​នេះ បាន​ចុះទៅ​បង្ក្រាប​ពួក​ជនខិលខូច​មួយ​ក្រុម​កំពុង​លួច​ជីក​គាស់កកាយ​រូប​ក្បាល​នាគ​នៅ​តាម​បណ្តោយ​ផ្លូវ​បេង​ទៅ​កំពង់ស្វាយ​បម្រុង​នឹង​ដឹក​ចេញ​យក​ទៅ​លក់ ស្ថិតនៅ​ភូមិ​អូរ ឃុំ​ខ្វាវ ស្រុក​ជីក្រែង។

រូប​ក្បាល​នាគ​នេះ​មាន​ទំហំ​ទទឹង​០,៤​ម បណ្តោយ​១,៧៥​ម​និង​កម្ពល់​ក្បាល​នាគ​១,២​ម​ធ្វើ​ពី​ថ្មភក់​ដោយមាន​បែក​ពពារ​អស់​មួយ​ចំហៀង​។ លោក​ឈាន រដ្ឋា ប្រធាន​ស្តីទី​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​បាន​លើក​ឡើង​ថា ដោយមាន​ការ​រាយការណ៍​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​មូលដ្ឋាន​ទាំង​យប់​ថា មាន​ជនខិលខូច​មួយ​ក្រុម​កំពុង​លួច​ជីក​គាស់កកាយ​យក​រូប​ក្បាល​នាគ​នៅ​ស្ពាន​បុរាណ​រុន​តា​ដេ​វ​រួចមក លោក​ក៏បាន​ចាត់​ក្រុមការងារ​ចម្រុះ​មួយក្រុម​ដែលមាន​បុគ្គលិក​នាយកដ្ឋាន ឆ្មាំ សហការ​ជាមួយ​នគរបាល​បេតិកភណ្ឌ​និង​អាជ្ញាធរ​មូលដ្ឋាន​ចុះទៅ​ធ្វើ​អន្តរា​គម​និង​ទល់​ស្កាត់​ទាំងយប់​។ ប៉ុន្តែ​នៅពេល​ក្រុមការងារ​ចុះទៅ​ដល់ ក្រុម​ជនខិលខូច​បានដឹងខ្លួន​ជាមុន​ហើយក៏​នាំគ្នា​រត់គេចខ្លួន​អស់ពី​កន្លែងកើតហេតុ​បាត់អស់​ទៅ​ចំណែក​ក្រុមការងារ​ក៏​នាំគ្នា​ដេកចាំ​ការពារ​រហូតដល់​ព្រឹក។

លោក​បាន​បន្ត​ថា ក្រោយពី​កើតហេតុ លោក​ក៏បាន​ស្នើសុំ​ទៅ​លោក ស៊ុំ ម៉ាប់ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​ដើម្បី​យក​រូប​ក្បាល​នាគ​នោះ​មក​រក្សាទុក​កន្លែង​មាន​សុវត្ថិភាព​ចៀសវាង​ការបាត់បង់​នៅ​ថ្ងៃក្រោយ​។ ដោយមាន​ការឯកភាព​អនុញ្ញាត​ពី​លោក​អគ្គនាយក​រួចមក​លុះ​ព្រឹក​ថ្ងៃ​ទី២៨ ខែមេសា ឆ្នាំ​២០១៦ លោក​ក៏បាន​ដឹកនាំ​ក្រុមការងារ​មួយ​ក្រុម​ដោយមាន​ការចូល​រួម​សហកា​រ​យ៉ាង​ល្អ​ពី​មន្ត្រី​បុគ្គលិក​អាជ្ញាធរ​ជាតិ​អប្សរា​និង​អាជ្ញាធរ​មូលដ្ឋាន​មាន​នគរបាល​បេតិកភណ្ឌ នគរបាល​រដ្ឋបាល លោក​មេភូមិ លោក​មេឃុំ​ខ្វាវ​យក​ឡាន​ទៅ​ស្ទូច​រូប​ក្បាល​នាគ​នោះ​មក​រក្សាទុក​នៅ​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​អង្គរ​ក្រុង​សៀមរាប។

លោក​បាន​បន្ត​ទៀត​ថា ចំពោះ​ករណី​ការ​ជីក​គាស់កកាយ​ខាងលើ​នេះ​នគរបាល​ការពារ​បេតិកភណ្ឌ​និង​នគរបាល​រដ្ឋបាល​ឃុំ​ខ្វាវ​កំពុង​ស្រាវជ្រាវ​ស៊ើបអង្កេត​តាម​រុករក​ក្រុម​ចោរ​ទាំងអស់​នោះមក​ផ្តន្ទាទោស​ទៅតាម​ច្បាប់​។ ហើយ​ជាមួយគ្នានេះ​ដែរ លោក​ក៏​សូម​ថ្លែង​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អាជ្ញាធរ​មូលដ្ឋាន​ដែល​ចូលរួម​សហការ​ជាមួយនឹង​ប្រជាពលរដ្ឋ​ដែល​បាន​ជួយ​រាយការណ៍​ព័ត៌មាន​បាន​ទាន់​ពេល​វេលា​។ នេះ​ជា​ការ​ចូល​រួម​ចំណែក​មួ​យ​ដ៏​ល្អ​ប្រពៃ​ខ្លាំង​ណាស់​ដើម្បី​ជួយ​ថែរក្សា​ការពារ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ដ៏​ថ្លាថ្លៃ​របស់​បុព្វបុរស​យើងទាំងអស់គ្នា​៕