ACU បញ្ជូនខ្លួនមន្ត្រីអាដហុក ៤នាក់ និងអគ្គ​លេខាធិការរង គ.ជ.ប ទៅតុលាការ

ភ្នំពេញ:

នៅទីបំផុតអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជូនខ្លួនមន្ត្រីសង្គមស៊ីវិលចំនួន៤រូប និងអគ្គលេខាធិការររងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទៅសាលាដំបូងរាជធានីភ្នំពេញហើយ កាលពីវេលាម៉ោងជាង៥ល្ងាច ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ ដើម្បីឲ្យព្រះរាជអាជ្ញា និងចៅក្រមស៊ើបសួរ សាកសួរបន្ថែមនឹងធ្វើការចោទប្រកាន់។
 លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានមានប្រសាសន៍បញ្ជាក់ប្រាប់រស្មីកម្ពុជា កាលពីរសៀលថ្ងៃទី៣០ ខែមេសា ថា មន្ត្រីសង្គមស៊ីវិលចំនួន៤រូប និងអគ្គលេខាធិការររងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងត្រូវបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ មុនម៉ោង៨យប់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦។
លោកទេសរដ្ឋមន្ត្រីបានថ្លែង ថា ក្រោយពីស្តាប់ចម្លើយរបស់អ្នកទាំង៥នាក់ គឺវាស៊ីចង្វាក់ជាមួយនិងភសត្តុង និងជាមួយចម្លើយអ្នកផ្សេងដែលមាន។ ចំពោះអ្នកទាំង៥រូប ដែលឃាត់ខ្លួន នៅពេលផុតចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយ នឹងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ។