តុលាការ​បញ្ជូន​មន្ត្រី​អាដហុក៤​រូប​និង​មន្ត្រី​គ.ជ.ប​មួយ​រូប​ទៅ​ឃុំ​នៅ ​​ACU វិញ

តុលាការ​បញ្ជូន​មន្ត្រី​អាដហុក (ADHOC) ៤​រូប និង​មន្ត្រី គ..ប មួយ​រូប​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ហៅ​កាត់​ថា (ACU) វិញ​ភ្លាម​ ក្រោយ​បញ្ជូន​មក​ដល់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃ​ទី​៣០ មេសា។

មន្ត្រី​សាលាដំបូង​រាជធានី​ភ្នំពេញ​បញ្ជាក់​ថា ការ​បញ្ជូន​ត្រលប់​ទៅ ​ACU​​ នេះ គឺ​ជាការ​ផ្ញើ​​មុន​នឹង​តុលាការ​បន្ត​នីតិវិធី​សាកសួរអ្នក​ទាំង ៥​រូប នៅ​ពេល​ក្រោយ។

អ្នក​ទាំង ៥ ដែល​រង​ការ​ចោទ​ប្រកាន់​រួម​មាន លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និង​អ្នកស្រី លឹម មុន្នី ជា​មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក និង​អគ្គលេខាធិការ​រង គ.ជ.ប លោក នី ចរិយា។

អ្នក​ទាំង ៥​​នេះ ត្រូវ​បាន ​ACU ឃាត់​ខ្លួន​ពី​ម៉ោង ៨​យប់ ថ្ងៃ​ទី​២៨ ខែ​មេសា ពាក់ព័ន្ធ​នឹង​ពី​អំពើ​ពុករលួយ។ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ លោក ឱម យ៉ិនទៀង មិន​បាន​បញ្ជាក់​អំពី​បទ​ចោទ​អ្វី​ជាក់លាក់​នោះ​ទេ តែ​លោក​អះអាង​ថា អ្នក​ទាំង​នោះ​មាន​ចំណុច​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ។

​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​កោះ​ហៅ​អ្នក​ទាំង ៥​​នេះ មក​សាកសួរ​ពាក់ព័ន្ធ​នឹង​ការ​​ចោទ​ប្រកាន់​របស់​អ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ តាំង​ពី​ថ្ងៃ​ទី​២៧ និង​ទី​២៨ ខែ​មេសា  ហើយ​បាន​សាកសួរ​ទាំង​យប់​ថ្ងៃ និង​ឈាន​ដល់​​ការ​ឃាត់​ខ្លួន​ នៅម៉ោង ៨​យប់ ថ្ងៃ​ទី​២៨ ខែ​មេសា​។

ក្នុង​ចំណោម​អ្នក​ដែល​ចូល​បំភ្លឺ​ទាក់ទិន​នឹង​លិខិត​ចំហ​របស់​​ស្រីមុំ ដែល​សរសេរ​ថា មន្ត្រី​សិទ្ធិមនុស្ស​បង្ខំ​ឲ្យ​ផ្ដល់​ចម្លើយ​ក្លែងក្លាយ​នោះ មាន​តែ​ប្រធាន​អង្គការ​សីលការ អ្នកស្រី ធីតា ឃឹះ និង​អ្នកស្រី​មេធាវី ទ្រី ឈូន ដែល​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ។ លោក ឱម យ៉ិនទៀង អះអាង​ថា អ្នក​ទាំង​ពីរ​ផ្ដល់​ចម្លើយ​ត្រឹមត្រូវ និង​ធ្វើការ​ប្រកប​ដោយ​វិជ្ជាជីវៈ និង​ច្បាប់​របស់​អង្គការ។

សូម​រង់ចាំ​អាន​និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។