មនុស្ស​​​១១​នាក់​នៅ​ខេត្ត​កំពង់ឆ្នាំង​​សង្ស័យ​ពុល​នំ​បញ្ចុក

មន្ត្រី​ជំនាញ​សុខាភិបាល​កំពុង​វិភាគ​លើ​សរសៃ​នំបញ្ចុក បន្លែ និង​គ្រឿង​ទេស​សម្រាប់​ស្ល​ទឹក​នំបញ្ចុក ដែល​គេ​សង្ស័យ​ថា ជា​មូលហេតុ​នាំ​ឲ្យ​មនុស្ស​ក្មេង​ចាស់​ចំនួន ១១​នាក់ នៅ​ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង មាន​អាការៈ​ពុល​ធ្ងន់ធ្ងរ។ មន្ត្រី​សុខាភិបាល​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​គ្រប់​រូប​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ចំណី​អាហារ​ដែល​គ្មាន​អនាម័យ ឬ​ខូច​គុណភាព។

មនុស្ស​ចាស់ ៦​នាក់ និង​ក្មេង ៥​នាក់ រស់​នៅ​ភូមិ​ព្រែកសាលា នៃ​ឃុំ​ទឹកហូត បាន​ធូរ​ស្បើយ​ពី​ការ​ពុល​វិញ​ហើយ នៅ​ថ្ងៃ​ទី​៣០ ខែ​មេសា បន្ទាប់​ពី​សម្រាក​ព្យាបាល​នៅ​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់ នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ឆ្នាំង មួយ​យប់។ ក្រុម​ពលរដ្ឋ​ថា ពួកគាត់​មាន​អាការៈ​រាករូស និង​ក្មេង​ក្អួត​ធ្លាក់​ឈាម ក្រោយ​ពី​បរិភោគ​នំបញ្ចុក​ដែល​ទិញ​ពី​ផ្សារ​កំពង់ប្រាសាទ មក​ធ្វើ​ទឹក​សម្ល​ហូប​ជា​លក្ខណៈ​គ្រួសារ។

អ្នកជំងឺ​ម្នាក់​គឺ​លោកស្រី រួម សុខា មាន​ប្រសាសន៍​ថា នៅ​ម៉ោង​ជិត​បី​រសៀល​រូប​គាត់ និង​សាច់ញាតិ​ផ្សេង​ទៀត បាន​នាំ​គ្នា​ធ្វើ​ទឹក​សម្ល ដើម្បី​ញាំ​ជាមួយ​នំបញ្ចុក​ចែក​បង​ប្អូន និង​ហូប​ជុំ​គ្នា​នៅ​ផ្ទះ​ឈ្មោះ ផាក សុខជា។ ក្រោយ​ពី​បរិភោគ គឺ​នៅ​ម៉ោង​ប្រមាណ ៤​រសៀល ស្រាប់​តែ​មនុស្ស​ក្មេង​ចាស់​មាន​អាការ​ពុល​ជា​បន្តបន្ទាប់ ហើយ​ខ្លះ​បាន​រត់​ទៅ​ពេទ្យ​ឯកជន មុន​នឹង​ឡាន​ពេទ្យ​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត៖ «»។

ចំណែក​អ្នក​ជំងឺ​វ័យ ៧៤​ឆ្នាំ ដៃ​ម្ខាង​កំពុង​បន្តោង​សេរ៉ូម នៅ​លើ​គ្រែ​ពេទ្យ​ក្បែរ​ចៅ​ដែល​មាន​អាការៈ​ពុល​ដែរ​នោះ គឺ​លោកស្រី យូ គង់ ថា​រូប​គាត់​ស្ទើរ​រាងចាល​ឈប់​បរិភោគ​នំបញ្ចុក និង​ប្រាប់​ទៅ​សាច់ញាតិ​ឲ្យ​ឈប់​ទិញ​នំបញ្ចុក​ពី​តាម​ផ្សារ​ដែល​មិន​ដឹង​ពី​ការ​ធ្វើ​ច្បាស់លាស់៖ «»។

ទាក់ទង​បញ្ហា​នេះ​ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ឆ្នាំង លោក​វេជ្ជបណ្ឌិត សូរិនទី រាវុឌ្ឍី ថ្លែង​ថា គ្រូពេទ្យ​បាន​ធ្វើ​រោគ​វិនិច្ឆ័យ​លើ​ក្រុម​អ្នក​ជំងឺ​ថា ជា​ករណី​ពុល​ចំណី​អាហារ ប៉ុន្តែ​មិន​ទាន់​ប្រាកដ​ថា​ចំណី​អ្វី ឬ​មាន​សារធាតុ​ដែល​បង្ក​ឲ្យ​ពុល​នោះ​ទេ។ លោក​ថា មន្ត្រី​ជំនាញ​ឧស្សាហកម្ម និង​ក្រុម​គ្រូពេទ្យ កំពុង​ប្រមូល​សំណាក​ដែល​សង្ស័យ​ថា មាន​សារធាតុ​ពុល​ទៅ​វិភាគ ប៉ុន្តែ​ថា ទទួល​បាន​លទ្ធផល​ថ្ងៃ​ណា​ទេ៖ «»។

លោក​វេជ្ជបណ្ឌិត​បន្ថែម​ថា អ្នក​ជំងឺ​ភាគ​ច្រើន​បាន​ធូរ​ស្បើយ ប៉ុន្តែ​គ្រូពេទ្យ​ចង់​ឲ្យ​អ្នក​ជំងឺ​បន្ត​សម្រាក​សិន ដើម្បី​ឲ្យ​សុខភាព​វិល​ទៅ​ដូច​ដើម​វិញ ហើយ​ពួកគាត់​អាច​ចេញ​ពី​ពេទ្យ​នៅ​ថ្ងៃ​ទី​១ ខែ​ឧសភា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។