ក្រសួង​អប់រំ​កំណត់​ម៉ោង​ចូល​និង​ចេញពី​រៀន សម្រួល​ដល់​ការសិក្សា​របស់​សិស្ស​នៅ​រដូវក្តៅ​

​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ណែនាំ​សាលា​ទាំងអស់ អនុវត្តន៍​ពេលវេលា​រៀន និង​បង្រៀន​ក្នុង​រដូវប្រាំង​ដែលមាន​អាកាសធាតុ​ក្តៅ​ខ្លាំង​នេះ ។ តាមរយៈ​លិខិត​របស់​ក្រសួង​អប់រំ​ពេលព្រឹក​សិស្ស​ត្រូវ​ចូលរៀន​នៅ​ម៉ោង​៧​ព្រឹក ដល់​ម៉ោង​១០​កន្លះ និង​ពេល​រសៀល​ចូលរៀន​ម៉ោង​១​កន្លះ ដល់​ម៉ោង​៥​ល្ងាច​។ ការអនុវត្ត​ពេលវេលា​សិក្សា​បែបនេះ គឺ​ដើម្បី​បង្ការ​ទប់ស្កាត់ ហានិភ័យ និង​ជំងឺ​ផ្សេងៗ ចំពោះ​សិស្សានុសិស្ស ដែល​បណ្តាលមកពី​ការឡើង​កម្តៅ ខ្យល់​កន្ត្រាក់ ខ្យល​ព្រុះ និង​ដើម្បី​សម្រួល​ដល់ពេល​វេលា​រៀនសូត្រ​ប្រចាំថ្ងៃ​របស់​សិស្សានុសិស្ស​តូចៗ ក្នុងពេល​ឡើងក​ម្តៅ​ចាប់ពី​ខែឧសភា រហូតដល់​រយៈ​ក្តៅ​ខ្លាំង​ក្នុង​ឆ្នាំ​២០១៦ ។

​នៅក្នុង​លិខិត​នោះ​ក្រសួង​ក៏បាន​ណែនាំ​ដល់​គ្រប់​សាលា ត្រូវ​ត្រៀម​ទឹក​សម្រាប់​គ្រូ និង​សិស្ស​ប្រើប្រាស់ ព្រមទាំង​ណែនាំ​សិស្ស​ឲ្យ​យក​ទឹក​ឆ្អិន​មក​ញ៉ាំ ហើយ​ក្នុង​មួយ​ម៉ោង​សិក្សា លោកគ្រូ អ្នកគ្រូ ត្រូវ​ឲ្យ​សិស្ស​ឈប់សម្រាក ឬ​ចេញលេង​រយៈពេល​១៥​នាទី និង​ឲ្យ​សិស្ស​លេង​ក្នុង​ម្លប់​។ ដោយឡែក​ក្នុងពេល​រៀន និង​បង្រៀន​វិញ ត្រូវ​បើកទ្វារ បង្អួច​បន្ទប់រៀន​ឲ្យ​ស្រឡះ​ល្អ​។

​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី ខេត្ត ត្រូវធ្វើ​របាយការណ៍​បូកសរុប​ប្រចាំខែ ពី​ស្ថានភាព​សិស្ស ក្នុង​រយៈពេល​ឡើងក​ម្តៅ និង​របាយការណ៍​ពិសេស ក្នុងករណី​មាន​ប្រធាន​ស័ក្តិ រួច​ផ្ញើជូន​តាម​ឋានានុក្រម ដើម្បី​សុំ​អន្តរាគមន៍​។ ក្នុងករណី មាន​រលក​កម្តៅ​លើស​ប្រក្រតី ត្រូវ​ទាក់ទង​ការិយាល័យ​អប់រំ យុវជន និង​កីឡា ក្រុង ស្រុក ខណ្ឌ  និង​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី ខេត្ត ដើម្បី​សុំ​គោលការណ៍ និង​វិធានការ​ដោះស្រាយ​ទាន់ពេល​៕