សម រង្ស៊ី៖ អ្នក​កាន់​អំណាច​សព្វថ្ងៃ ឆ្កួត… មិន​ខុស​ពី​ខ្មែរ​ក្រហម

នេះ ជាលើកដំបូងហើយ ដែលប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានប្រតិកម្ម​ដោយ​ពាក្យ​សំដីខ្លាំងៗ ទាក់​ទង​នឹង​ព្រឹត្តិការណ៍​នយោបាយ​ចុង​ក្រោយ​បំផុត នៅក្នុងប្រទេសកម្ពុជា។ លោក សម រង្ស៊ី បានទម្លាក់​ការ​ទទួល​ខុស​ត្រូវ នៃ​ហេតុការណ៍​ចាប់​ចង​ថ្មីៗ ទៅ​លើ​ក្រុម​អ្នក​កាន់​អំណាច​សព្វថ្ងៃ ថាបានប្រព្រឹត្តិ​នូវ​«ទង្វើ​ឆ្កួត... ៗដូចខ្មែរក្រហម»។
សម រង្ស៊ី៖ អ្នក​កាន់​អំណាច​សព្វថ្ងៃ ឆ្កួត... មិន​ខុស​ពី​ខ្មែរ​ក្រហម

ពីឆ្វេងមកស្ដាំ៖ លោក យ៉ែម បុញ្ញឫទ្ធិ និងលោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិ។ (រូបថតហ្វេសប៊ុក)

ព្រឹត្តិការណ៍ក្ដៅចុងក្រោយ នៅក្នុងប្រទេសកម្ពុជា បានឈានទៅដល់ការចាប់ចង មន្ត្រីអង្គការសង្គម​ស៊ីវិល​ជាច្រើន​នាក់ ដោយអង្គភាពប្រឆាំងពុករលួយ របស់រដ្ឋាភិបាលក្រុងភ្នំពេញ។ ហើយព្រឹត្តិការណ៍នេះ បាន​បង្ក​ឲ្យមាន​ប្រតិកម្ម​យ៉ាង​ច្រើន ពីសំណាក់មជ្ឈដ្ឋានទូទៅ និងរហូតត្រូវបានក្រុមគណបក្សប្រឆាំង វាយតម្លៃថា ជា​ការ​ឡើង​កម្ដៅ​នយោបាយ​ដ៏​ខ្លាំង​មួយ បណ្ដាលមកពី«ការភ័យខ្លាច របស់ក្រុមអ្នកកាន់អំណាច ដែល​កំពុង​ប្រើ​ប្រាស់វិធី មិន​ខុស​ពី​ខ្មែរ​ក្រហម​ឡើយ»។

នៅក្នុងប្រតិកម្មជាលើកដំបូង មួយពីរដ្ឋធានីប៉ារីស ប្រទេសបារាំង លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ខ្លាំងៗ​ដូច្នេះ ពីក្នុងពិធីជួបជុំគ្នាមួយ ជាមួយនឹងក្រុមអ្នកគាំទ្រនៅទីនោះ ដោយមាន​ការ​ចូលរួម ពីលោក យ៉ែម បុញ្ញឫទ្ធិ តំណាងរាស្ត្រមណ្ឌល​ខេត្តព្រៃវែងផង។ ប្រធានគណបក្សប្រឆាំង បាន​ចាត់​ទុក​ហេតុការណ៍ ដែល​កើត​ឡើង ក្នុងប៉ុន្មានខែចុងក្រោយបំផុតទាំងនោះ ថាជាទង្វើ ដែលមានលក្ខណៈ​​ដ៏​ថោក​ទាប និង​ឆ្កួតៗ របស់​រដ្ឋាភិបាល​សព្វថ្ងៃ។

លោក សម រង្ស៊ី បានថ្លែងឡើងថា៖ «វាអត់មានផ្លូវណាទៀត គឺមានតែផ្លូវរករឿងយើង (...) អារឿង​អត់​ប្រយោជន៍ យក​មក​បំប៉ោង មកលាបពណ៌ គឺដើម្បីសម្លាប់ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ហើយឈាន​ទៅ​ដល់​សម្លាប់អង្គការ​ក្រៅរដ្ឋាភិបាលទៀត។ ប៉ិនមិនមែនសម្លាប់រាងកាយនោះទេ។ ប៉ិនពួកនេះ មិនខុសពី​ខ្មែរ​ក្រហម​ប៉ុន្មាន​ទេ។ កាល​(ក្នុង​សម័យ)​ខ្មែរ​ក្រហម គេសម្លាប់រាងកាយ គេយកទៅវ៉ៃចោល គេយកទៅទួលស្លែង។ តែ​ឥឡូវ គេ​សម្លាប់​នយោបាយ គេ​បំបិត​សេរីភាព​យើង កុំឲ្យយើងមានសិទ្ធិ មានសម្លេង (...) គេ​សម្លាប់​ផ្លូវ​នយោបាយ គេ​យក​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ គេយកទៅតុលាការ ដើម្បីកំចាត់អ្នកស្នេហាជាតិ អ្នក​ប្រជាធិបតេយ្យ។»

លោកបានបន្តថា៖ «ខ្ញុំមិនយល់ រឿងអីដែលត្រូវប្រឆាំងអំពើភេរវកម្ម (...) ប្រឆាំងអំពើពុក​រលួយ? អំពើពុក​រលួយបំផ្លិច​បំផ្លាញ​ជាតិ រាប់​ពាន់​លាន​ដុល្លារ ព្រៃឈើវិនាសអស់ ដីធ្លី (...) រាស្ត្រក្ររហេមរហាម (...) អាណ្នឹង​ហើយអំពើ​ពុក​រលួយ។ ឥឡូវ​មក​បែរ​ចាប់​អាលុយ ៥០០ដុល្លារ ថានរណាសន្យាថាឲ្យនរណា ចាប់ទាំងអស់ ឆ្កួត! (...) គេ​ថាពួក​នេះ​ឆ្កួត​មែន​ទែន វា​ដល់​កម្រិត​ណ្នឹង​ហើយ​បងប្អូន ដល់កម្រិត ដែលវាត្រូវចាញ់ វិនាស​ហើយ​បងប្អូន បើ​ឆ្កួតប៉ុណ្ណឹង គ្មាន​ទៅ​មុខ​កើតទេ។»

សូមទស្សនាវីដេអូ ស្ដីពីការថ្លែងរបស់លោក សម រង្ស៊ី ទាំងស្រុងដូចតទៅ៖

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នឹងព្យាយាមស្វែងរកប្រតិកម្ម ពីមន្ត្រីរដ្ឋាភិបាល ឬពីគណបក្ស​ប្រជាជន​កម្ពុជា យក​មក​ផ្សាយ​នៅ​ក្នុង​អត្ថបទ​លើក​ក្រោយរបស់ខ្លួន។

សូមទស្សនាវីដេអូបន្ថែម ស្តីពីការថ្លែង របស់លោក យ៉ែម បុញ្ញឫទ្ធិ តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រៃ​វែង មក​ពីគណបក្ស​សង្គ្រោះជាតិ ដែលថ្លែងក្នុងកម្មវិធីដដែល៖