អាជីវករ​ផ្សារ​ខែត្រ​ស្ទឹងត្រែង​បារម្ភ​ពី​វិធានការ​សង់​ផ្សារ​ថ្មី

ក្រុម​អាជីវករ​ផ្សារ​ស្ទឹងត្រែង ជាង ១​ពាន់​គ្រួសារ​ដែល​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្សារ​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​៧ ខែ​មេសា បារម្ភ​ពី​វិធានការ​សាងសង់​ផ្សារ​ថ្មី​របស់​អាជ្ញាធរ ដែល​អាច​ធ្វើ​អោយ​ប៉ះពាល់​ដល់​ការ​លក់ដូរ​របស់​ពួកគេ។ ទន្ទឹម​នឹង​នេះ ក្រុម​អាជីវករ​រាប់​រយ​នាក់​នោះ​នៅ​តែ​ទទូច​ទាមទារ​ឲ្យ​អាជ្ញាធរ​កសាង​ផ្សារ​ថ្មី ផ្អែក​តាម​ឆន្ទៈ​របស់​ពួកគេ។

ការ​តវ៉ា​នេះ បន្ទាប់​ពី​ក្រុម​អាជីវករ​បាន​ឮ​ព័ត៌មាន​ថា អាជ្ញាធរ​នឹង​រៀប​ទីតាំង​លក់ដូរ​ជា​បែប​ផែន​ថ្មី ដែល​ពួកគាត់​មិន​ពេញ​ចិត្ត។

ក្រុម​អាជីវករ​សង្ស័យ​ថា ការ​កើន​ឡើង​ចំនួន​តូប​ច្រើន​លើសលប់ អាច​នឹង​មាន​ការ​ប្រែប្រួល​ស្ថានភាព​តូប​របស់​ពួកគាត់​ទៀតសោត​តូប​លក់ដូរ​របស់​ពួកគាត់​អាច​រួម​តូច​ជាង​មុន បន្ទាប់​ពី​អាជ្ញាធរ​ខែត្រ​ថា ចំនួន​តូប​បាន​កើន​ឡើង ១០០​តូប។ ក្រុម​អាជីវករ​បារម្ភ​ថា ការ​ប្រែប្រួល​ស្ថានភាព​តូប​ពួកគាត់​អាច​នឹង​មិន​ផ្ដល់​ភាព​ងាយស្រួល​ក្នុង​ការ​លក់ដូរ​ដូច​នៅ​ទីតាំង​ចាស់​ឡើយ។

ក្រុម​អាជីវករ​រាប់​រយ​នាក់ បាន​តវ៉ា​នៅ​សាលា​ខែត្រ​រយៈពេល​ពីរ​ថ្ងៃ កាល​ពី​ថ្ងៃ​ទី​២៨ ២៩ ខែ​មេសា ដោយ​ទាមទារ​ឲ្យ​អាជ្ញាធរ​កសាង​ផ្សារ​ថ្មី​ផ្អែក​តាម​ឆន្ទៈ​របស់​ពួកគេ។

អាជីវករ​ដែល​ឈរ​តវ៉ា​នៅ​សាលា​ខែត្រ​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មេសា លោកស្រី សាន់ បូវ៉ាត់ និយាយ​ថា ក្រុម​អាជីវករ​កំពុង​ខ្វល់ខ្វាយ​ពី​ដំណើរ​ការ​កសាង​ផ្សារ​ថ្មី​របស់​អាជ្ញាធរ បន្ទាប់​ពី​ពួកគាត់​កំពុង​ទន្ទឹម​រង់ចាំ​ការ​សន្យារ​ជា​ផ្លូវការ​របស់​អភិបាល​ខែត្រ​ស្ទឹងត្រែង ដែល​ធ្លាប់​លើក​ឡើង​កន្លង​មក។

លោកស្រី​សំណូមពរ​ឲ្យ​អាជ្ញាធរ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​កសាង​តូប​ថ្មី ដែល​ឋិត​នៅ​ទីតាំង​ចាស់​ដូចដើម៖ «ខ្ញុំ​ចង់​បាន​តូប​ខ្ញុំ​ពីរ ខ្ញុំ​ចង់​បាន​តូប​ខ្ញុំ​មក​វិញ ហើយ​សម្ដេច ហ៊ុន សែន ថា សាងសង់​ឲ្យ​ខ្ញុំ​ឲ្យ​ហើយ។ ធ្វើ​ឲ្យ​ខ្ញុំ​ហើយ ខ្ញុំ​ចង់​បាន​តូប​ខ្ញុំ​ឡើង​វិញ ហើយ​ខ្ញុំ​មិន​ចង់​បាន​របស់​នរណា​ទេ ខ្ញុំ​ចង់​បាន​ដី​របស់​ខ្ញុំ​មក​វិញ ដី​ខ្ញុំ​មក​វិញ»

ជុំវិញ​ការ​លើក​ឡើង​នេះ អ្នក​នាំ​ពាក្យ​សាលា​ខែត្រ​ស្ទឹងត្រែង លោក ម៉ែន គុង ទទូច​ឲ្យ​ក្រុម​អាជីវករ​ទុក​ឱកាស​ឲ្យ​អាជ្ញាធរ​រៀបចំ​សាងសង់​ផ្សារ ដែល​ផ្ដល់​ជម្រើស​ច្រើន​ជូន​អាជីវករ។ លោក​ថា ការ​ផ្តល់​ជម្រើស​ជូន​អាជីវករ​ផ្អែក​តាម​ទិន្នន័យ​នៃ​ការ​ស្រង់​ស្ថិតិ​ផល​ប៉ះពាល់​របស់​អាជ្ញាធរ​ក្រុង​ដើម្បី​ធ្វើការ​ពិនិត្យ​ផ្ទៀងផ្ទាត់​រៀប​ជា​ប្លង់​តូប និង​បិទ​ផ្សាយ​ជា​សាធារណៈ​ទាក់ទិន​ការ​សាងសង់​តូប​ជូន​អាជីវករ​ផ្អែក​តាម​បច្ចេកទេស​បទដ្ឋាន​ខ្ពស់។

លោក​បញ្ជាក់​ថា ប្លង់​តូប​នីមួយៗ មាន​ទំហំ ២​ម៉ែត្រ​បួន​ជ្រុង​ទាំង​អស់ និង​រៀបចំ​ទីលាន​ផ្សា​រលក់​ត្រី​សាច់ ដើម្បី​បំពេញ​តម្រូវការ​ពលរដ្ឋ​នៅ​ជនបទ៖ «គាត់​លក់​លើ​ផ្លូវ​កន្លង​មក អ៊ីចឹង​យើង​អត់​ឲ្យ​គាត់​លក់​លើ​ផ្លូវ​ទៀត​ទេ ហើយ​នៅ​ជុំវិញ​ផ្សារ គឺ​យើង​ទុក​ផ្លូវ​ដើរ និង​មាន​ជូរ​សម្រាប់​ចត​ទោចក្រយានយន្ត​មិន​អាច​ចត​លើ​ផ្លូវ​ទៀត​ទេ»

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខែត្រ​ស្ទឹងត្រែង លោក ហូ សំអុល យល់​ថា ការ​សាងសង់​ផ្សារ​ថ្មី​ជូន​អាជីវករ​របស់​អាជ្ញាធរ​ត្រូវ​ធានា​ថា នឹង​ផ្ដល់​ភាព​ងាយស្រួល​ជូន​អាជីវករ និង​សាធារណជន ព្រមទាំង​ធានា​ថា មិន​កក​ស្ទះ​ចរាចរណ៍​ដូច​ទីតាំង​ចាស់។ លោក​បញ្ជាក់​ថា ជុំវិញ​ការ​តវ៉ា​របស់​អាជីវករ គឺ​ជា​ចំណុច​សំខាន់​អាជ្ញាធរ​ជំនាញ​ត្រូវ​លើក​ជា​របៀបវារៈ​ដើម្បី​ដោះស្រាយ៖ «អាជ្ញាធរ​គាត់​គួរ​តែ​ពន្យល់​ណែនាំ​ពលរដ្ឋ​ឲ្យ​បាន​ខ្លាំង។ ពី​គុណសម្បត្តិ និង​គុណវិបត្តិ​ដូច​ថា បើ​គាត់​ចង់​បាន​ដូច​ពី​ដើម​មាន​គុណ​សម្បត្តិ និង​គុណវិបត្តិ​ម៉េច​ខ្លះ»

អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង បាន​កសាង​តូប​ថ្មី​មាន​ទំហំ ២​ម៉ែត្រ​បួន​ជ្រុង​ស្មើៗ​គ្នា ប្រមាណ ១.៣២០​តូប គឺ​កើន​ឡើង ១០០​តូប និង​មាន​ទីតាំង​ផ្ញើ​ម៉ូតូ និង​រថយន្ត។

​បន្ទាប់​ពី​ឆេះ​ផ្សារ​បាន​ប្រហែល ៣​ថ្ងៃ នគរបាល​ខែត្រ​ស្ទឹងត្រែង បាន​ឃាត់​ខ្លួន​សន្តិសុខ​ផ្សារ​ចំនួន ៤​នាក់ និង​ជាងទង​ម្នាក់។ ចំណែក​ស្នងការ​នគរ​បាល​ខែត្រ​ស្ទឹងត្រែង លោក ម៉ៅ តារ៉ា សង្ស័យ​ថា មូលហេតុ​ដែល​ឆេះ​ផ្សារ​នេះ ផ្ដើម​ដំបូង​ដោយ​ជាងទង​ម្នាក់ អាច​បង្ក​ឡើង​ឲ្យ​មាន​រងើកភ្លើង។ ជនសង្ស័យ​ទាំង ៥​នាក់​នោះ ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។