ព្រះ​ពុទ្ធឱវាទ​ទាំងអស់ ត្រូវបាន​សង្ខេប ឲ្យ​នៅសល់តែ​៣​ប្រការ​

​ព្រះ​សម្មាស​ម្ពុ​ទ្ឋ ជា​បុគ្គល​ត្រាស់ដឹង​នូវ​សព្វញ្ញូ​ត​ញ្ញាណ កាលពី​ជាង ២៥០០​ឆ្នាំមុន នៅ​ប្រទេស​ឥណ្ឌា​។ សព្វញ្ញូ​ត​ញ្ញាណ គឺជា​ការសម្រេច​ដឹង​នូវ​អ្វីៗ​គ្រប់យ៉ាង​ក្នុង​ធម្មជាតិ​។ ធម៌​ដែល​ព្រះអង្គ​ទ្រង់​សម្តែង​មិនមែនជា​អ្វីដែល​ព្រះអង្គ​ទ្រង់​បង្កើតឡើង​ដោយ​ព្រះអង្គឯង​នោះទេ តែ​ជា​អ្វី​ដែលមាន​ស្រាប់​ក្នុង​ធម្មជាតិ​។ ប៉ុន្តែ​ព្រះអង្គ ជា​អ្នកស្វែងរក​ឃើញ​នូវ​សច្ចធម៌​ទាំងពួង ហើយ​ទ្រង់​ក៏​សម្តែង​និង​បើក​បង្ហាញ​ពី​រឿង​ពិត​ទាំងនោះ ដើម្បី​បានជា​ប្រយោជន៍​ដល់​សត្វលោក​ទាំងឡាយ​។ 

​អស់​រយៈពេល​៤៥​ព្រះវស្សា​នៃ​ការ​ត្រាស់ដឹង​របស់​ព្រះ​បរមគ្រូ​នៃ​យើង ព្រះអង្គ​ទ្រង់​លះបង់​ព្រះកាយពល​ក្នុងការ​សម្តែង​ព្រះធម៌​ប្រោស​សត្វលោក ដោយ​ព្រះ​មហាករុណា ដើម្បី​ឲ្យ​សត្វលោក​ទាំងនោះ បានសម្រេច​នូវ​ធម៌ រួច​ចាក​ទុក្ខ​ក្នុង​វាល​វដ្ត​សង្សារ​។ ក្រោយពី​ព្រះអង្គ​ទ្រង់​ចូល​បរិនិព្វាន (​ការ​រលត់​សង្ខារ​) ព្រះអរហន្ត (​បុគ្គល​សម្រេច​ធម៌​ដោយ​ការប្រតិបត្តិ និង​ការ​ស្តាប់​នូវ​ព្រះធម៌​ពី​ព្រះ​សម្មាស​ម្ពុ​ទ្ឋ​) និង​អ្នកប្រាជ្ញ​ទាំងឡាយ បាន​ប្រមូល​ចងក្រង​ព្រះធម៌​ទាំងនោះ ឲ្យ​ក្លាយជា​គម្ពីរ ដោយមាន​លក្ខណ ជា​របៀប​ទៅតាម​លំដាប់លំដោយ ដែល​យើង​ហៅថា​ព្រះ​ត្រៃបិដក​។ ព្រះ​ត្រៃបិដក គឺ​សំដៅលើ គម្ពីរ​គោល​បី​ប្រភេទ ក្នុង​ព្រះ​ពុ​ទ្ឋ​សាសនា រួមមាន ព្រះ​សូត្រ ព្រះ​វិន័យ និង​ព្រះ​អភិធម្ម​។​

​ព្រះធម៌​ដែល​លោកអ្នក​ប្រាជ្ញ​ចងក្រង​ទាំងនោះ បើ​គិត​ជា​ប្រភេទ​នៃ​គម្ពីរ​មាន​៣​គម្ពីរ​។ ៣​គម្ពីរ​បើ​គិត​ជា​ក្បាលមាន​១១០​ក្បាល​។ ១១០​ក្បាល​បើ​គិត​ជាខ​ន្ឋ មាន​៨៤០០០​ព្រះ​ធម្ម​ខ​ន្ឋ ។ ដូច្នេះ​យើង​ឃើញថា ព្រះធម៌​ដែល​ព្រះ​សាស្តា​នៃ​យើង​ទ្រង់​សម្តែង​រយៈពេល​៤៥​ព្រះវស្សា គឺមាន​រហូតដល់​៨៤០០០​ព្រះ​ធម្ម​ខ​ន្ឋ ឯណោះ​។

​ប៉ុន្តែ ប្រសិនបើ​សង្ខេប​ឬ​បង្រួញ​ព្រះ​ពុទ្ធោវាទ​ទាំង​៨៤០០០​ព្រះ​ធម្ម​ខន្ធ​នោះ ព្រះ​ពុទ្ធោវាទ នៅសល់តែ​បី​ប្រការ​ប៉ុណ្ណោះ​។ ព្រះធម៌​ទាំងបី​ប្រការ​នោះ គឺជា​មូលដ្ឋាន​ឱវាទ​ដ៏​សំខាន់​ក្រៃលែង ដែល​ព្រះអង្គ​ទ្រង់​អប់រំ​មនុស្ស ដើម្បី​ជា​មាគ៌ា​ឆ្ពោះទៅកាន់​សុខ​សុភមង្គល​ក្នុង​ជីវិត​រស់នៅ​នាពេល​បច្ចុប្បន្ន និង​ទៅ​បរលោក​។ ព្រះ​ពុ​ទ្ឋ​ឱវាទ​ទាំងបី​ប្រការ​នោះ​គឺ​៖
    ១. ការមិនធ្វើ​អំពើ​បាប​ទាំងពួង​
    ២. ការធ្វើ​អំពើ​កុសល​ទាំងពួង​
    ៣. ការធ្វើ​ចិត្ត​ឲ្យ​ស្អាត​ផូរផង់​

​ការមិនធ្វើ​អំពើ​បាប​៖ គឺ​លោក​ចង់​អប់រំ​មនុស្ស​ទាំងឡាយ ឲ្យ​ឈប់​បន្ត​ការប្រព្រឹត្ត​នូវ​អំពើ​បាប​ទាំងពួង​ដែល​ខ្លួន​ធ្លាប់មាន​ពី​អតីតកាល និង​បច្ចុប្បន្ន ដែល​បង្ក​ផលប៉ះពាល់ និង​ការឈឺចាប់​ដល់​មនុ​ស្សស​ត្វ​ដទៃ និង​នាំ​ឲ្យ​ខ្លួនឯង​វិនាស​អន្តរាយ ។ អំពើ​បាប​ទាំងនោះ មានដូចជា ការកាប់សម្លាប់​ជីវិត​មនុស្ស​សត្វ​, ការ​ឆក់យក​ទ្រព្យ​ដោយមាន​ម្ចាស់​ហួងហែង​, ការប្រព្រឹត្ត​ឆ្គាំឆ្គង​លើ​កូន​ប្រព​ន្ឋ​អ្នកដទៃ​, ការ​ភូតកុហក​បោកប្រាស់​សាធារណជន​ដើម្បី​កេងចំណេញ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​, ការជិះជាន់​កេង​ប្រ​វញ្ច ជញ្ជក់​ឈាម​ជនស្លូតត្រង់​ក្រោម​ស្លាក​នៃ​អំពើ​ល្អ ។​ល​។ ដូច្នោះ ក្នុង​ជីវិត​រស់នៅ ដើម្បី​ទទួលបាន​សុភមង្គល​ក្នុង​គ្រួសារ ក្នុងសង្គម ក្នុង​ពិ​ភ​លោក គេ​ត្រូវយក​មាគ៌ា​សន្តិភាព​មក​ប្រតិបត្តិ ហើយ​ដើម្បី​ទទួលបាន​សុខសន្តិភាព គឺ​តម្រូវ​ឲ្យ​បុគ្គល​គ្រប់រូប​បញ្ឈប់​អំពើ​ដ៏​លាមក​ទាំងអស់នោះ ដែល​ធ្លាប់មាន​ក្នុង​សន្តាន​របស់ខ្លួន​កន្លង​មក​។​

​ការធ្វើ​អំពើ​ល្អ​៖ គឺ​ព្រះអង្គ​មាន​ព្រះ​បំណង​ឲ្យ​យើង​គ្រប់គ្នា ចាប់ផ្តើម​ធ្វើអំពើ​ល្អ​ទាំងពួង មិនមែន​ឈប់​ធ្វើអំពើ​អាក្រក់​ហើយ ឈប់​ធ្វើ​អ្វីៗ ហើយ​សំងំ​នៅ​ស្ងៀម​នោះទេ​។ ការធ្វើ​អំពើ​ល្អ ដូចជា ការមិន​បៀតបៀន​ឈ្នានីស​អ្នកដទៃ​, ការចេះ​ជួយសង្គ្រោះ​អ្នកដទៃ​, ការចេះ​ចែករំលែក​សេចក្តីសុខ និង​ទ្រព្យសម្បត្តិ​ដែល​ខ្លួន​មាន​ដល់​អ្នកដទៃ​, ការចូលរួម​ជួយ​ដោះស្រាយ​បញ្ហា​សាច់ញាតិ ក្រុមគ្រួសារ បងប្អូន​ក្នុង​សហគមន៍ និង​ការជួយ​គិតគូរ​ដល់​បញ្ហា​សង្គម​ទាំងមូល ផងដែរ​។ ការលះបង់​ផលប្រយោជន៍ និង​សេចក្តីសុខ​ផ្ទាល់ខ្លួន ដើម្បី​មនុស្ស​ក្នុង​លោក ជាពិសេស​ជន​រួម​ឈាម​នៃ​យើង គឺជា​អំពើ​ដ៏​ប្រពៃ​មួយ ដែល​ព្រះ​ជិនស្រី​នៃ​យើង ទ្រង់​កោតសរសើរ ហើយ​សូម្បី​អ្នកប្រាជ្ញ​ទស្សនវិទូ​ក្នុង​លោក ក៏​ឲ្យ​តម្លៃ​ដែរ​។ លោកអ្នក​ប្រាជ្ញ​ទាំងនោះ​តែង​ចាត់ទុក​បុគ្គល​ប្រភេទ​នេះ​ថា ជា​អ្នកមាន​ឧ​ត្ត​ម​គតិ​ខ្ពង់ខ្ពស់ ជា​អ្នករស់នៅ ដែល​នាំ​ប្រយោជន៍​យ៉ាងច្រើន​ក្រៃលែង​ដល់​មនុស្សជាតិ​។​

​ការធ្វើ​ចិត្ត​ឲ្យ​ស្អាត​ផូរផង់​៖ គឺ​លោក​ចង់​ឲ្យ​យើង​ជម្រះចិត្ត​ឲ្យ​ស្អាត​បរិ​សុ​ទ្ឋ ដោយ​កម្ចាត់​ចោល​នូវ​កិលេស ជា​គ្រឿង​សៅហ្មង​ទាំងឡាយ​ឲ្យ​អស់ពី​ខន្ធ​សន្តាន​របស់​យើង​។ គ្រឹះ​នៃ​កិលេស​ដែល​ធ្វើ​ឲ្យ​ចិត្ត​យើង​សៅហ្មង កន្ទក់កន្ទេញ​នោះ គឺ លោភៈ ទោសៈ និង​មោហៈ​។ ទោសៈ គឺ​សេចក្តី​ចង់បាន​នូវ​អ្វីៗ​គ្រប់យ៉ាង​គ្មាន​ព្រំដែន​។ ចំណេ​កឯ ទោសៈ គឺ​ការ​ក្រោធ​ខឹង​នឹង​វត្ថុ​ក្នុង​លោក​។ រីឯ មោហៈ គឺ​ភាព​វង្វេង​ក្នុង​លោក ដោយ​យល់​ខុសពី​ការពិត​ចំពោះ​ធម្មជាតិ​។​

​ឱវាទ​អប់រំ​ទាំងបី​ប្រការនេះ ពិតជា​សំខាន់​ណាស់​សម្រាប់​មនុស្សលោក​។ ប្រសិនបើ​មនុស្ស​គ្រប់​វណ្ណៈ​ក្នុងសង្គម ក៏ដូចជា​ក្នុង​ពិភពលោក​ទាំងមូល មានធម៌​ទាំងបី​ប្រការនេះ នោះ​អំពើហិង្សា​ក្នុង​គ្រួសារ ភាពចលាចល​វឹកវរ​ក្នុងសង្គម សង្គ្រាម​លើ​ពិភពលោក ប្រាកដជា​មិនអាច​កើតឡើង​បានឡើយ​។ បើ​មនុស្ស​មិន​ធ្វើអំពើ​បាប តែ​ធ្វើ​តែ​អំពើ​ល្អ ដោយ​ចេះ​ជួយសង្គ្រោះ​គ្នា​ទៅវិញទៅមក និង​មាន​បេះ​ដួង​ផូរផង់ ដោយ​ម្នាក់ៗ​សុ​ទ្ឋ​តែ​ជាម​នុស្ស​ស្អាត​បរិ​សុ​ទ្ឋិ​រៀងៗ​ខ្លួន នោះ​សុភមង្គល​ក្នុង​គ្រួសារ សាមគ្គីភាព​ក្នុងសង្គម សន្តិភាព​ក្នុង​ពិភពលោក ច្បាស់​ជា​កើតឡើង​ជាក់​ជាមិនខាន​។

​ព្រះធម៌​ទាំងបី​ប្រការនេះ មិនមែន​គ្រាន់តែ​ជាការ​អប់រំ​របស់​ព្រះ​បរមគ្រូ​នៃ​យើង​នោះទេ តែ​ជា​ឱវាទ​របស់​ព្រះ​ពុ​ទ្ឋ​គ្រប់​ព្រះអង្គ​៕