បែក​ធ្លាយ​អាវុធហត្ថ​ស្រុក​ស្រីស្នំ​ចាប់​រថយន្ត​កូរ៉េ​ដឹក​ឈើ​មួយ​គ្រឿង​រួច​ដោះលែង​ជា​ថ្នូរ​នឹង​ប្រាក់​២២០០​ដុល្លារ

បែក​ធ្លាយ​អាវុធហត្ថ​ស្រុក​ស្រីស្នំ​ចាប់​រថយន្ត​កូរ៉េ​ដឹក​ឈើ​មួយ​គ្រឿង​រួច​ដោះលែង​ជា​ថ្នូរ​នឹង​ប្រាក់​២២០០​ដុល្លារ



សៀមរាប ៖ សេចក្តី​រាយការណ៍​ច្បាស់​ការណ៍​មួយ​ទើបតែ​ទម្លាយ​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​៣០​ខែសីហា​នេះ​ថា រថយន្ត​កូរ៉េ​ពណ៌​ស​១​តោន​កន្លះ​ដឹក​ជំនៀ​ឈើ​សុ​ក្រម​លាយ​ឈើ​ធ្នង់​ល្មើសច្បាប់​មួយ​គ្រឿង​ដឹក​ចេញពី​តំបន់​ព្រៃ​ការពារ​របស់​រដ្ឋ​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ស្រុក​ស្រីស្នំ​ឃាត់​នៅ​ថ្ងៃ​ទី​២៧​ល្ងាច​វេលា​ម៉ោង​១៧​រួច​ធ្វើការ​ដោះលែង​វិញ​នៅ​ថ្ងៃ​ទី​២៨​ព្រឹក​ជា​ថ្នូរ​នឹង​ប្រាក់​២២០០​ដុល្លារ​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា ឈ្មួញ​ឈើ​ដុះ​ស្លែ​មានឈ្មោះ​ឆាង​ភូមិ​រោង ​ឃុំស្ពាន​ស្រែង​ ស្រុកភ្នំស្រុក។

ទាក់ទិន​ទៅ​នឹង​ការ​ដោះលែង​រថយន្ត​ដឹក​បទ​ល្មើស​ព្រៃឈើ​នេះ​ដែរ​លោក​វរសេនីយ៍ត្រី​សំរិទ្ធ មុន្នី​មេបញ្ជាការ​អាវុធហត្ថ​ស្រុក​ស្រីស្នំ​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​៣០​នេះ​ថា លោក​កំពុង​ជាប់រវល់​ប្រជុំ ឯ​ការ​ដោះលែង​បទល្មើស​នោះ​លោក​មិនបាន​ឆ្លើយតប​ហើយក៏​បិទ​ទូរស័ព្ទ​ទៅ​។ ចំណែក​មន្ត្រី​អាវុធ​ម្នាក់​បាន​ប្រាប់​ថា រឿង​ចាប់​ឈើ​នោះ​គឺ​ពិតជា​ចាប់​មែន​តែ​ជា​ជំនៀ​ឈើ​សុ​ក្រំ​និង​ធ្នង់ ហើយ​ជា​អ្នក​ស្គាល់​គ្នា​ទៀត ហើយ​ពេល​គាត់​សួរ​ទៅ​មេបញ្ជាការ​ស្រុក​ហ្នឹង គេ​ថា​អត់​បាន​យកលុយ​ដែរ។

យ៉ាង​នេះ​ក្តី​លោក ដោ វិរុទ្ធ នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ក្រឡាញ់​ និង ​ស្រីស្នំ​បាន​បដិសេធ​ថា លោក​អត់​បាន​ដឹង​ព័ត៌មាន នៃ​ការ​ចាប់​ឈើ​ហ្នឹង​ដែរ​ព្រោះ​គ្មាន​នរណា​ទាក់ទង​មក​លោក។

សូម​រំលឹក​ថា កន្លងទៅ​អាវុធហត្ថ​ខេត្ត​សៀមរាប​រង​ការរិះគន់​ចំៗ​ថា បាន​បង្ក្រាប​​ជំនួញ​ឈើ​គ្រញូង​យក​លុយ​ពី​អ្នក​បទល្មើស​ឈើ​៨០០០​ដុល្លារ​។ ក្រោយមក​ក៏​មាន​ស្ត្រី​ជា​ម្តាយ​របស់​ជនរងគ្រោះ​បាន​មក​ដាក់ពាក្យ​ប្តឹង​នៅ​តុលាការ​ខេត្ត ករណី​យក​លុយ​៨០០០​ដុល្លារ​ពីរ​រូប​គាត់​ជា​ថ្នូរ​នឹង​ការ​ដោះលែង​កូន​របស់​គាត់​។ ហើយ​រហូតមកដល់​ស​ព្វ​ថ្ងៃនេះ​ជនរងគ្រោះ​មានការ​ភ័យខ្លាច​យ៉ាង​ខ្លាំង។

សរុប​មក​ករណី​ខាងលើ​នៅ​មិនទាន់​មាន​ចំណាត់​ការ​ណាមួយ​តាម​ផ្លូវ​ច្បាប់​នៅឡើយ​ដោយ​លឺ​តែ​ការ​ស្រប​សម្រួល​គ្នា​ក្រៅ​ផ្លូវច្បាប់​តែប៉ុណ្ណោះ​៕