ក្រសួង​អប់រំ គ្រោង​បំពាក់​កង្ហារ​នៅតាម​សាលារៀន

​ភ្នំពេញ​៖ សាលារៀន​មួយចំនួន​នឹង​ត្រូវ​បំពាក់​​កង្ហារ ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ក្នុងពេល​ប្រឡង​បាក់​ឌុប និង​ពិសេស​សម្រាប់​ការសិក្សា​ជាទូទៅ​។​

​ក្រសួង​អប់រំ យុវជន  និង​កីឡា បានប្រកាស​គម្រោង​បំពាក់​ក​ង្កា​រ នៅតាម​បណ្តា​គ្រឹះស្ថានសិក្សា​សាធារណៈ​នានា​នៅ​ទូទាំងប្រទេស ស្រប​ពេលដែល​កម្ពុជា​កំពុង​ទទួល​នូវ​អាកាសធាតុក្តៅ​​។ គម្រោង​នេះ គឺ​ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​សិស្សានុសិស្ស ក្នុងពេល​ប្រឡង​បាក់​ឌុប និង​ក្នុង​ការសិក្សា​ប្រចាំថ្ងៃ នៅពេលដែល​ប្រឈម​នឹង​អាកាសធាតុ​ក្តៅ​ដូច​ឆ្នាំនេះ​។ 

​លោក រស់ សា​លីន បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា គម្រោង​បំពាក់​កង្ហារ​នេះ នឹងត្រូវ​ធ្វើ​តែ​នៅ​សាលារៀន​ណា​ដែល​អាច​ភ្ជាប់​អគ្គិសនី​បាន និង​ជា​មណ្ឌល​ប្រឡង​ថ្នាក់​ទី​១២​ប៉ុណ្ណោះ​។ គម្រោង​នេះ គឺជា​ផែនការ​រយៈពេល​វែងរ​បស់​ក្រសួង ដែល​ត្រូវ​ចាប់ផ្តើម​ពី​ឆ្នាំ​២០១៦ នេះ​ទៅ​។​

​បើតាម​អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​រូបនេះ ក្រសួង​ក៏មាន​ផែនការ​ស្តារ​ស្រះ​ទឹក​នៅតាម​សាលារៀន និង​ណែនាំ​ដល់​ថ្នាក់ដឹកនាំ​សាលា ដាំ​ដើមឈើ​ដែល​ឆាប់​ធំ​នៅក្នុង​ទីធ្លា​សាលា ព្រមទាំង​ណែនាំ​ឲ្យ​សិស្ស ត្រូវ​ថែទាំ​សុខភាព និង​បរិភោគ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​។ លើសពីនេះ ថ្នាក់ដឹកនាំ​ក្រសួង​ក៏​កំពុង​ចែកចាយ​ទឹក​តាម​សាលារៀន​មួយចំនួន ដែល​កំពុង​ខ្វះខាត​ទឹក​ផងដែរ​៕