អគ្គិភ័យ​២​ករណី​ក្នុង​ថ្ងៃ​តែមួយ​នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កណ្តាល

អគ្គិភ័យ​២​ករណី​ក្នុង​ថ្ងៃ​តែមួយ​នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កណ្តាល



កណ្ដាល​ ៖ ​យ៉ាង​ហោច​ណាស់​មាន ​មនុស្ស​៣​នាក់​បាន​រង​របួស​ក្នុង​ហេតុ​ការណ៍​ផ្ទុះ​ធុង​ហ្គាស៍ ​និង​រោង​លក់​បាយ​១​ខ្នង​ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ទូទាំង​ខេត្ត​ដោយសារ​តែ​មាន​សេចក្តី​រាយការណ៍​ពី​ដំបូង​ថា ឆេះ​ផ្ទះ​៤-៥​ខ្នង ពេល​រថយន្ត ពន្លត់អគ្គិភ័យ​ចេញទៅ​អន្តរាគមន៍​ទើប​ដឹងថា​ឆេះ​រោង​លក់​បាយ​…។

ករណី​ទី​១:​ស្ថានីយ​ចាក់ ប្រេង ​និង​បញ្ចូល​ហ្គាស៍​រថយន្ត​មួយ​កន្លែង​បាន​ជួប​ហេតុ​ការណ៍​ផ្ទុះ​ធុង​ហ្គាស៍​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ស្លែង​ដីដុះ ឃុំ​ព្រែកតាទែន ស្រុក​ពញាឮ ខេត្ត​កណ្តាល បណ្ដាល​ឲ្យ​ម្ចាស់​ទីតាំង​រួម​ជាមួយ​កម្មករ​នៅ​ក្នុង​ស្ថានីយ​រង​របួស​ចំនួន​៣​នាក់ ​តែ​មិន​បង្ក​ជា​អគ្គិភ័យ​ធ្ងន់ធ្ងរ​នោះ​ទេ ដោយសារ​កម្មករ​ផ្សេង​ទៀត​យក​បំពង់​បាញ់​ពន្លត់​ទៅ​ជួយ​អន្តរាគមន៍​ទាន់​ពេល​វេលា។

ជនរងគ្រោះ​ទាំង​៣​នាក់ ​មាន​ឈ្មោះ​ទី​១-​​​អាន ប៊ុន​ណា​រិ​ទ្ធ ភេទ​ប្រុស ​អាយុ​៣២​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ជាមួយ​ម្ចាស់​ស្ថានីយ។ ទី​២-​ឈ្មោះ​អាន លី​ហាវ ភេទ​ប្រុស ​អាយុ​៤​ឆ្នាំ​ត្រូវជា​កូន។ និង​ទី​៣-​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ ភេទ​ស្រី​(​ជា​អ្នក​បម្រើ)។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ម្ចាស់​ស្ថានីយ​លក់​ហ្គាស៍​បាន​ជួល​ជាង​មក​ជួសជុល​ឲ្យ​ប្រព័ន្ធ​ហ្គាស៍​ដំណើរការ​ស្រួល ​ស្រប​ពេល​នោះ​ហ្គាស៍​ក៏​ផ្ទុះ​បណ្ដាល​ឲ្យ​រងរបួស​ម្ចាស់ផ្ទះ​,កូនប្រុស​ម្នាក់​ និង​អ្នក​បម្រើ​ស្រី​ម្នាក់ទៀត​។ បន្ទាប់ពី​កើតហេតុ​កម្មករ​ផ្សេងទៀត​បាន​ស្ទុះ​ទៅ​យក​បំពង់​បាញ់​ពន្លត់​អគ្គិភ័យ​មក​ជួយ​អន្តរាគមន៍ ទើប​ទប់ស្កាត់​មិន​ឲ្យ​ឆេះ​រាលដាល​ទៅ​កន្លែង​ផ្សេង​ ដោយឡែក​អ្នក​រង​របួស​ទាំង​៣​នាក់​ត្រូវ​បាន​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត។

ករណី​ទី​២:​ អគ្គិភ័យ​មួយ ករណី​ទៀត​បាន​កើតឡើង​តែ​មិន​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ ​ខូចខាត​តែ​រោង​លក់​បាយ​ប៉ុណ្ណោះ តែ​ព័ត៌មាន​ដំបូង​ផ្អើល​ថា​ឆេះ​ផ្ទះ​២-៣​ខ្នង​ពេល​សមត្ថកិច្ច​ចុះ​ទៅដល់​កន្លែង​កើតហេតុ​ទើប​ដឹង​ថា​ឆេះ​រោង​លក់​បាយ បណ្តាលមកពី​ទុស្សេ​ខ្សែភ្លើង។

ករណី​អគ្គិភ័យ​ឆេះ​រោង​លក់​បាយ​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៨និង៣០​នាទី​យប់​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៦ នៅ​ចំណុច​ជិត​ផ្សា​កន្ទួត ឃុំ​កំពង់ទួល ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល។

ក្នុង​ហេតុការណ៍​នេះដែរ បណ្តាល​ឲ្យ​រោង​លក់​បាយ​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​ទំ​ហំ​៣​ម៉ែត្រ​គុណ​និង​៥​ម៉ែត្រ ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង ក្នុង​នោះ​សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល​ចេញ​ទៅ​អន្តរាគមន៍​ចំនួន​២​គ្រឿង ​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ឆេះ​រាលដាល​ដល់​លំនៅឋាន​របស់​ប្រជាពលរដ្ឋ៕
អគ្គិភ័យ​២​ករណី​ក្នុង​ថ្ងៃ​តែមួយ​នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កណ្តាល

អគ្គិភ័យ​២​ករណី​ក្នុង​ថ្ងៃ​តែមួយ​នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កណ្តាល

អគ្គិភ័យ​២​ករណី​ក្នុង​ថ្ងៃ​តែមួយ​នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កណ្តាល

អគ្គិភ័យ​២​ករណី​ក្នុង​ថ្ងៃ​តែមួយ​នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កណ្តាល