កូន​ខ្ញុំ​ពិបាក​ញ៉ាំ​ថ្នាំ​ណាស់​តើ​ត្រូវធ្វើ​ដូច​ម្តេចទៅ?​

ពេល​កូនតូច​ឈឺ​ថ្កាត់​មិន​ស្រួលខ្លួន ក្រៅពី​ធ្វើ​ឲ្យ​លោកឪពុក​អ្នក​ម្តាយមានការ​ខ្វល់ខ្វាយ​ក្នុង​ចិត្ត​ហើយ​នោះ នៅមាន​បញ្ហា​ដ៏​សែន​លំបាកមួយទៀត​ដែល​ជឿថា លោកឪពុក​អ្នក​ម្តាយ​ទាំងឡាយ​ប្រហែលជាធ្លាប់​ឆ្លងកាត់​មករា​ប់​មិន​ឈ្នះ​ហើយ​គឺ “បញ្ហា​ការ​បញ្ចុក​ថ្នាំ​កូន” ដែលទោះជា​ឆ្លងកាត់​មក​ប៉ុន្មាន​ដង​ហើយក៏​ដោយ ក៏​នៅតែ​ពិបាក​បញ្ចុក​ថ្នាំដូច​មុន ឬ​ពិបាក​ជាង​មុន​ផង​ក៏មាន  តែ​គ្រប់​បញ្ហា​សុទ្ធ​តែមាន​ដំណោះស្រាយ​តូច​មួយ​បង្កប់​នៅក្នុង​នោះ។ យើង​មក​នាំគ្នា​មើល​ទាំងអស់គ្នាថា តើ​ការ​បញ្ចុក​ថ្នាំ​កូន​នឹង​ក្លាយទៅជា​រឿង​ងាយស្រួល​បាន​ដោយ​វិធីណា?

    មូលហេតុ​ដែល​កូន​មិន​ព្រម​ញ៉ាំ​ថ្នាំ
មុននឹង​ទៅរក​ដំណោះស្រាយ​តូច​មួយ​ដែល​បង្កប់​នៅក្នុង​បញ្ហា​នោះយើង​មករក​មើល​មូលហេតុ​ជាមុនសិន​ថា តើ​ព្រោះ​ហេតុអ្វី​បានជា​កូនតូចមិន​ព្រម​ញ៉ាំ​ថ្នាំ​សោះ​អ៊ីចឹង?

. ហេតុ​អី​បានកូន​ត្រូវ​ញ៉ាំ​ថ្នាំ?
កូនតូច​អាច​កំពុង​នឹក​ឆ្ងល់​ក៏​ថា​បានដែរ ម៉េច​ចាំបាច់​ត្រូវ​ញ៉ាំ​ថ្នាំ? លោកឪពុក​អ្នក​ម្តាយ​ចូរ​សាកល្បង​ពន្យល់ និង​អធិប្បាយ​ឲ្យ​កូន​ស្តាប់​មុននឹង​បញ្ចុក​ថ្នាំ​ថា មូលហេតុ​ដែល​កូន​ត្រូវ​ញ៉ាំ​ថ្នាំ​នោះ ដោយសា​តែ​រាងកាយរបស់​កូន​ពេលនេះ​កំពុង​ត្រូវ​ពួក​មេរោគ​កំណាច​សម្រុក​ចូលមក​នៅ​ក្នុងខ្លួន កូន​ត្រូវតែ​ប្រញាប់​បង្កើត​កំពែង​ការពារ​កុំ​ឲ្យ​ពួកវា​ចូលមក​បាន​តាមរយ:ការ​ញ៉ាំ​ថ្នាំ។

. កូន​មិន​ចូលចិត្ត​រសជាតិ​របស់​ថ្នាំ និង​ក្លិន​របស់​វា​សោះ!
មុន​ពេលដែល​ថ្នាំ​ត្រូវបាន​បញ្ចុក​ចូល​មាត់ រូបរាង និង​ពណ៌​របស់​ថ្នាំល្មម​អាច​ទទួលយកបាន តែ​ពេល​ថ្នាំ​ចូលមក​ជិត​ច្រមុះ​កូន ម៉េច​បាន​វា​មានក្លិន​អីប្លែកៗ េ​ម្ល៉ះ ហើយ​ដែល​សំខាន់​នោះ​គឺ​ពេល​ញ៉ាំ​ចូលទៅ​ហើយ រសជាតិវារឹតតែ​យ៉ាប់​ទៅទៀត ហើយ​បើ​អញ្ចឹង​តើ​ឲ្យ​កូន​ចូលចិត្ត​ញ៉ាំ​ថ្នាំ​យ៉ាងម៉េច​ទៅ?

. ត្រូវ​ម្តាយ​បង្ខំ​ឲ្យ​ញ៉ាំ​ថ្នាំ
កូន​នៅចាំ​បាន​ថា ពេល​ញ៉ាំ​ថ្នាំ​លើកដំបូង ពិបាក​សឹង​ស្លាប់​ទៅហើយឥឡូវ​នៅ​មក​បង្ខំ​ឲ្យ​កូន​ញ៉ាំ​ថ្នាំ​លើក​ទី2ទៀត! អ្នកណា​គេ​ព្រម​ញ៉ាំ? អត់ផ្លូវ​ទេ!

  វិធី​ធ្វើ​ឲ្យ​ការ​បញ្ចុក​ថ្នាំ​កូន​ក្លាយទៅជា​រឿង​ងាយស្រួល
1. មុនពេល​លោកឪពុក​អ្នក​ម្តាយ​ចង់​បញ្ចុក​ថ្នាំ​កូន អ្នក​គួរ​អាន​ការណែនាំ​ឲ្យ​បាន​យល់​ពី​វិធី​ប្រើប្រាស់​បរិមាណ និង​ពេលវេលា​នៃ​ការប្រើ​ថ្នាំម្តងៗ ចំណុច​គួរ​ប្រយ័ត្ន​ពាក់ព័ន្ធ​នឹង​ការប្រើ​ថ្នាំ និង​ថ្ងៃ​ផុតកំណត់​របស់​ថ្នាំនោះ​ផង។ អ្វីដែល​សំខាន់​គឺ បើ​ថ្នាំ​នោះ​សល់​ពី​ការប្រើប្រាស់​លើក​មុនអ្នក​គួរ​សង្កេតមើល​លក្ខណ:ពណ៌​របស់​ថ្នាំ ដប ឬ​កញ្ចប់​ដែល​វេច​ខ្ចប់ (មានការ​រហែក​ដាច់​ឬក៏​អត់) មានការ​ប្រែប្រួល​ឬក៏​អត់ និង​ថ្ងៃ​ផុតកំណត់ បើសភាព​ថ្នាំ​ប្រែប្រួល​ខុសពី​មុន អ្នក​មិនគួរ​ឲ្យ​កូន​ញ៉ាំ​នោះឡើយ។

2. លោកឪពុក​អ្នក​ម្តាយ​ត្រូវតែ​ចិត្ត​ត្រជាក់ មិនត្រូវ​ប្រើការ​បង្ខំ​ឡើយតែ​គួរ​រក​របស់​លេង​មក​បង្វែរ​ចំណាប់អារម្មណ៍​របស់​កូន​ជំនួស​វិញ​ខណ:ពេល​បញ្ចុក​ថ្នាំ ព្រោះ​ការបង្ខំ​ឲ្យ​កូន​ញ៉ាំ​ថ្នាំ​ក្នុងពេលដែល​កូន​កំពុង​យំ​នោះក្រៅពី​ធ្វើ​ឲ្យ​កូន​រឹតតែ​មិន​ព្រម​ញ៉ាំ​ថ្នាំ​ហើយ នៅ​ធ្វើ​ឲ្យ​កូន​ទទួល​បទពិសោធន៍ក្នុងការ​ញ៉ាំ​ថ្នាំ​ដែល​មិនល្អ និង​កាន់តែ​មិន​ព្រម​ញ៉ាំ​ថ្នាំ​លើក​ក្រោយ​ទៀតផង។ លោកឪពុក​អ្នក​ម្តាយ​អាច​នឹង​ប្រើ​វិធី​បណ្តោយ​ឲ្យ​កូន​ទៅលេង​របស់លេង​ដែល​គេ​ចូលចិត្ត​ជាមុនសិន រួចហើយ​សឹម​បញ្ចុក​ថ្នាំ​យ៉ាងសន្សឹមៗក្នុងពេល​ជាមួយគ្នា។

3. បើជា​ថ្នាំ​ទឹក អ្នក​អាច​ប្រើ​វិធី​លាយ​ជាមួយ​ទឹកសេរ៉ូផ្អែមៗ តែ​មិនគួរ​លាយ​ច្រើន​ជ្រុល​ពេក​ទេ ដោយមាន​លក្ខខណ្ឌខ្លះៗដូចជា៖
   . សម្រាប់​ថ្នាំ​ប្រភេទ​ខ្លះ អាចមាន​ចំណុច​ហាមឃាត់​ក្នុងការ​ទទួលទានដូចជា មិនគួរ​ទទួលទាន​ជាមួយ​ទឹកដោះ​ជាដើម។
   . មិនគួរ​លាយថ្នាំ​នៅក្នុង​អាហារ​ដែល​កូន​ញ៉ាំ​ឡើយ ព្រោះ​វា​អាចក្លាយ​ពី​អាហារ​ដែល​កូន​ចូលចិត្ត​ទៅជា​អាហារ​ដែល​កូន​លែង​ចង់ញ៉ាំ​រហូត​ក៏​ថា​បានដែរ ពី​ព្រោះតែ​រសជាតិ​វា​ខុសពី​មុន។
  . ប្រសិនបើ​កូន​អ្នក​នៅ​តូច​ខ្លាំង អាច​ប្រើ​ស្ករស​លាយ​ជាមួយ​បន្តិចរួច​ដាក់​ក្នុង​ដប​ទឹក​ឲ្យ​កូនតូច​បឺត​បាន

4. បើ​កូន​អ្នក​រាង​ធំ​បន្តិច លោកឪពុក​អ្នក​ម្តាយ​អាច​នឹង​សាកល្បង​ប្រើស៊ី​រ៉ាង​ចាក់​ថ្នាំ​ដែល​មិន​ដាក់​ម្ជុល​បាន ដោយ​ប្រើ​វិធី​បាញ់ថ្នាំ​ចេញពី​បំពង់ស៊ី​រ៉ាង​ចូលទៅក្នុង​ក្រអូមមាត់​កូនសន្សឹមៗ ដើម្បី​ការពារ​កុំ​ឲ្យ​កូន​ខ្ជាក់ចេញមក​វិញ និង​ថែមទាំង​ជួយ​មិន​ឲ្យ​រសជាតិ​ថ្នាំ​សាយភាយ​ពេញ​ក្នុងមាត់​កូន​ថែមទៀតផង។

ការ​បញ្ចុក​ថ្នាំ​កូន​នឹង​ក្លាយទៅជា​រឿង​ងាយស្រួល​បាន អាស្រ័យ​លើលោកឪពុក​អ្នក​ម្តាយ​ធ្វើ​ចិត្ត​ឲ្យ​ត្រជាក់ និង​ជ្រើសរើស​វិធី​សា ្រ​ស្ត​ក្នុងការបង្កើត​បទពិសោធន៍​នៃ​ការ​លេបថ្នាំ​ដែល​ល្អ​ដល់​កូនតូច ដោយ​ការពន្យល់ + ទន់ភ្លន់ + ភាព​ព្យាយាម​បន្តិចបន្តួច  និង​អាច​ប្រើ​វិធី​និយាយ​បន្លប់  ឬ​សរសើរ​បញ្ជោរ ​ដើម្បី​​ឲ្​យ​កូន​មាន​អារម្មណ៍​ថា​មាន​មោទនភាព​លើ​ខ្លួនឯង នោះកូន​នឹង​អាច​ញ៉ាំ​ថ្នាំ​ដោយ​ខ្លួនឯងបាន ហើយ​រឿង​ញ៉ាំ​ថ្នាំ​នឹង​ក្លាយទៅជារឿង​កំប៉ិកកំប៉ុក​សម្រាប់​កូន​ជាមិនខាន៕

ប្រភព៖ lareine

  • កូន​ខ្ញុំ​ពិបាក​ញ៉ាំ​ថ្នាំ​ណាស់​តើ​ត្រូវធ្វើ​ដូច​ម្តេចទៅ?​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/04/30  Category:ចំនេះដឹង
Tags: