រឿង​«​ប៉ុប​ពី​ទៅ​ហូលីវូដ​»​ នឹង​ចាក់​បញ្ចាំង​តាម​រោងភាពយន្ត​ក្នុង​ប្រទេស​ចំនួន​៥

រឿង​«​ប៉ុប​ពី​ទៅ​ហូលីវូដ​»​ នឹង​ចាក់​បញ្ចាំង​តាម​រោងភាពយន្ត​ក្នុង​ប្រទេស​ចំនួន​៥



ភ្នំពេញ ​៖​ រឿង​«​ប៉ុប​ពី​ទៅ​ហូលីវូដ​»(Poppy Goes To Hollywood) ដែល​ផលិតឡើង ដោយ​ផលិតកម្ម ៣​ក្នុងស្រុក​រួមគ្នា​នោះ​ គ្រោង​នឹង​ចាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី​០៥ ខែ​ឧសភា​នេះ​ហើយ នៅ​តាម​រោងកុន​ក្នុង​ប្រទេស​ចំនួន ៥ ដូចជា ឡាវ វៀតណាម ឥណ្ឌូណេស៊ី ទី​ម័​រ​ខាងកើត និង​ភូមា។
​ ​ ​
សូម​បញ្ជាក់ដែរថា ខ្សែភាពយន្ត​រឿង​«​ប៉ុប​ពី​ទៅ​ហូលីវូដ​» ត្រូវបាន​និពន្ធ​សាច់រឿង ដោយ​លោក Michael Hodgson និង​លោក Richard Finn Johnston ដែលជា​ជនបរទេស​រស់នៅ​កម្ពុជា​អស់​រយៈពេល ៩ ឆ្នាំ​មកហើយ និង​បាន​ស្វែងយល់​ពី​ជីវិត​ក្រុម​ភេទ​ទី ៣ ផងដែរ​។ រឿងនេះ​ត្រូវបាន​ដឹក​សម្ដែង ដោយ​លោក សុខ វិសាល សហការ​ផលិត ដោយ​ផលិតកម្ម 802AD ក្រុមហ៊ុន Sabay និង​ផលិតកម្ម​រ៉ុ​ក​។ តារា ដែល​ចូលរួម​សម្តែង​ក្នុង​ខ្សែភាពយន្ត​នេះ មានដូចជា កញ្ញា ឌុ​ច លីដា​, លោក អ៊ុន សុទ្ធា​, កញ្ញា ប៉ុប​ពី​, លោក ប៉ី​ប៉ី​ឌី​, នាយ​សាន​ម៉ៅ​, លោក ភី​ម៉ៃ និង​តារា​សិល្បៈ​ជាច្រើន​ដួង​ទៀត។

លោក សុខ វិសាល ជា​អ្នកដឹកនាំ​រឿង និង​ជា​ចាងហ្វាង​ផលិតកម្ម 802AD បាន​ឲ្យ​ដឹងថា រឿង​«​ប៉ុប​ពី​ទៅ​ហូលីវូដ​» គឺជា​រឿង ដែល​និយាយ​អំពី​មនុស្ស​ភេទ​ទី ៣ មួយក្រុម ដែល​ត្រូវបាន​សង្គម​រើសអើង ដែលមាន​លាយ​ជាមួយនឹង​ឈុត​ឆាកកំប្លែង និង​មនោសញ្ចេតនា​ស្រស់បំព្រង ហើយ​ចុងបញ្ចប់​នៃ​សាច់រឿង គឺ​បង្ហាញ​ពី​ពុទ្ធិ​ជំរុញ​ឲ្យ​សង្គម​ទទួលស្គាល់ និង​រាប់អាន​ក្រុមមនុស្ស​ភេទ​ទី ៣ តាមរយៈ​ការតស៊ូ​អត់ធ្មត់​របស់​ពួកគេ​។ បន្ថែម​លើ​ជីវិត​របស់​ក្រុមមនុស្ស​ភេទ ៣ រឿងនេះ​ក៏​នឹង​បង្ហាញ​ពី​ការលើកកម្ពស់​តម្លៃ​ស្ត្រី និង​សមភាព​យេនឌ័រ​ផងដែរ​។ ​ ​ ​ ​ ​ ​ ​
លោក ជី សិលា នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Sabay Digital បាន​និយាយថា ការសម្រេចចិត្ត​ចូលរួម​ឧបត្ថម្ភ​ភាពយន្ត​មួយ​នេះ ព្រោះតែ​ភាពយន្ត​នេះ មាន​ភាពរស់រវើក​នៃ​អត្ថបទ​រឿង ដែល​នឹង​នាំមក​នូវ​ការវិវត្ត​ថ្មី​មួយ​ក្នុង​វិស័យ​ភាពយន្ត​កម្ពុជា​។ តាមរយៈ​ក្រុមហ៊ុន ក៏មាន​ក្រុមហ៊ុន​មួយក្រុម​ហៅថា Puprum Entertainment ដែល​បង្កើតឡើង​ដើម្បី​ជំរុញ​ផ្សព្វផ្សាយ​ការផលិត​ខ្សែភាពយន្ត ហើយក៏​នឹង​ជួយ​ជំរុញ​ទំនាក់ទំនង​ការនាំ​ខ្សែភាពយន្ត​ខ្មែរ​ចេញទៅ​ដាក់​បញ្ចាំង នៅលើ​ទីផ្សារ​បរទេស​ថែម​ទៀតផង។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Sabay Digital បន្តថា ដោយសារ​គុណភាព និង​ការទាក់ទាញ​ប្លែក​របស់​ខ្សែភាពយន្ត​បែបនេះ នៅ​អាស៊ី​ហាក់​មាន​តិចតួច ទើប​បណ្តា​ប្រទេស​មួយចំនួន​ក្នុង​តំបន់​អាស៊ី មានការ​ចាប់អារម្មណ៍​។ នៅ​ប្រទេស​ឥណ្ឌូនេស៊ី និង​ប្រទេស​ឡាវ នឹង​ចាប់ផ្តើម​ចាក់​បញ្ចាំង​ដំណាលគ្នា នឹង​កម្ពុជា​ចាប់ពី​ថ្ងៃ​ទី​០៥ ខែ​ឧសភា​នេះ ​ហើយ​សម្រាប់​បណ្តា​ប្រទេស​៣​ផ្សេងទៀត​ដូចជា​ទី​ម័​រ​ខាងកើត វៀតណាម និង​ភូមា នឹងត្រូវ​ចាក់​បញ្ចាំង​នៅពេល​ដ៏​ខ្លី​ខាងមុខនេះ ព្រោះតែ​ត្រូវ​រៀបចំ​ឯកសារ​មួយចំនួន​ដើម្បី​ចាក់​បញ្ចាំង​នៅ​រោងភាពយន្ត​ទាំងនោះ៕