សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់​មន្ត្រី ១៤ រូប សម្រាប់​រៀបចំ​សណ្ដាប់ធ្នាប់​ក្នុង​បរិវេណ​សាលាដំបូង

សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់​មន្ត្រី ១៤ រូប សម្រាប់​រៀបចំ​សណ្ដាប់ធ្នាប់​ក្នុង​បរិវេណ​សាលាដំបូង



ភ្នំពេញ ​៖​ សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ចាត់តាំង​មន្ត្រី ១៤ រូប រួមមាន ចៅក្រម និង ព្រះរាជអាជ្ញា​រង ដើម្បី​រៀបចំ​សណ្ដាប់ធ្នាប់ នៅក្នុង​បរិវេណ​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ឲ្យ​មាន​របៀបរៀបរយ​ល្អ ក្នុង​គោលដៅ​ផ្តល់​សេវា​យុត្តិធម៌ ជូន​ប្រជាពលរដ្ឋ​។​

យោងតាម​សេចក្តីសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៧ ខែ​មេសា ឆ្នាំ ២០១៦ ដែល ទទួល​បាន​នៅ​ថ្ងៃទី​២៩ ខែ​មេសា ឆ្នាំ​២០១៦ បាន​ឲ្យ​ដឹង​ថា សមាសភាព​មន្ត្រី​តុលាការ​ទាំង ១៤ រូប ដែល​រង់ចាំ​រៀបចំ​សណ្តាប់ធ្នាប់​នេះ រួមមាន​៖ លោក កោ វណ្ឌី ប្រធាន​, លោក មាស ច័ន្ទ​ពិសិដ្ឋ អនុប្រធាន និង​មាន​សមាជិក​មួយ​ចំនួន​ទៀត​ដូចជា លោក សៀង សុខ​, លោក វង្ស ប៊ុន​វិសុទ្ធ​, លោក អ៊ឹម វណ្ណៈ​, លោក នូ វាសនា​, លោក ភឹម ភី​, លោក សួស វិទ្យា​រ៉ា​ន់​ឌី​, លោក លី ចាន់​ដា​រ៉ា​, លោក ផាន់ រ័ត្ន​រិ​ត្យា​, លោក អេង ផានិត​, លោក ចាយ ច័ន្ទ​ថ្លា និង លោក ដើ​ង ណា​រិ​ទ្ធ​។​

ក្រុមការងារ​រៀបចំ​សណ្ដាប់ធ្នាប់​នេះ​ មាន​ភារកិច្ច​រក្សា​របៀប​រៀបរយ សុវត្ថិភាព​សន្តិសុខ និង​សណ្ដាប់ធ្នាប់ ក្នុង​បរិវេណ ព្រមទាំង​រៀបចំ​ទុកដាក់​ប័ណ្ណ​ចូល​សម្រាប់​សាធារណជន ដែល​មក​ទទួល​សេវា​យុត្តិធម៌ នៅ​តុលាការ ត្រៀម​រៀបចំ​កន្លែង​ទុក​ម៉ាស៊ីនថតរូប ដកហូត​អាវុធ​គ្រឿងផ្ទុះ ឧបករណ៍​ថតចម្លង និង​សម្ភារៈ​ផ្សេងៗ​ទៀត ដែល​មិន​អនុញ្ញាត​ឲ្យ​យក​ចូល ក្នុង​បរិវេណ​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​របស់​សាធារណជន ដែល​មក​ប្រើ​សេវា​តុលាការ​ឲ្យ​បាន​ល្អ​ប្រសើរ និង​ប្រគល់​ឲ្យ​ទៅ​ម្ចាស់​វិញ នៅពេល​ចាក​ចេញពី​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ។

ក្រុមការងារ ដែល​បាន​ចាត់តាំង​នេះ ក៏​មាន​តួនាទី​រៀបចំ​សៀវភៅ​ចុះ​ឈ្មោះ និង​ចុះឈ្មោះ​សាធារណជន ដែល​មក​ប្រើ​សេវា​តុលាការ ត្រូវ​ទុកដាក់​ឲ្យ​បាន​ត្រឹម ត្រូវ​នូវ​ការ​ពិនិត្យ​អត្តសញ្ញាណប័ណ្ណ ឬ ប័ណ្ណ​សម្គាល់ខ្លួន​ផ្សេងៗ​ទៀត​របស់​សាធារណជន ដែល​មក​ប្រើ​សេវា​តុលាការ និង​ប្រគល់​ឲ្យ​ទៅ​ម្ចាស់​វិញ នៅពេល​ចាក​ចេញពី​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ត្រូវ​ផ្តល់​ព័ត៌មាន​បឋម​ដល់​សាធារណជន ដែល​មក​ប្រើ​សេវា​តុលាការ និង​ត្រូវ​ត្រួតពិនិត្យ​ការ​ប្រើ​ប័ណ្ណសម្គាល់ខ្លួន​របស់​ចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញា​រង ក្រឡាបញ្ជី មន្ត្រី និង​បុគ្គលិក​ទាំងអស់៕

សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់​មន្ត្រី ១៤ រូប សម្រាប់​រៀបចំ​សណ្ដាប់ធ្នាប់​ក្នុង​បរិវេណ​សាលាដំបូង