តារា​ថ្មី​លី សៀវ​ម៉ី ចង់​ជែង​តំណែង តារា​ទឹកភ្នែក​ជាមួយ​កញ្ញា នី មុនីនាថ

រាជធានី​ភ្នំពេញ ៖ កញ្ញា​លី សៀវ​ម៉ី កំពុង​តែ​មាន​សន្ទុះ​ក្នុង​អាជីព​សិល្បៈ ។ តារា​រះ​ថ្មី​រូប​នេះ​មាន​រាង​ខ្ពស់ សាច់​សរ​លោង និង​ទឹកមុខ​ញញឹម​ស្រស់ ។ កាលពី​យប់​ថ្ងៃ​ទី​២៨ មេ​សា ២០១៦ តារា​សម្ដែង​វ័យ​១៧​ឆ្នាំ កញ្ញា​លី សៀវ​ម៉ី បាន​រៀបចំ​ពិធី​ខួបកំណើត​ក្នុង​ហាង​ខា​រ៉ា​អូ​ខេ​មួយ​នៅ​រាជធានី​ភ្នំពេញ ។

​លី សៀវ​ម៉ី មិន​បាន​អញ្ជើញ​អ្នកសិល្បៈ​ល្បីឈ្មោះ​ចូលរួម​ទេ ដោយសារ​តែ​នាង​មិន​ចង់​រំខាន និង​មិន​ចង់​ឲ្យ​មិត្តភក្តិ​ជិត​ស្និទ្ធ​ខ្លាចចិត្ត​ ខ្លាច​ថ្លើម​នៅ​ពេល​ចង់​សប្បាយ​ក្នុង​ពិធី​ខួបកំណើត របស់​នាង ។

កញ្ញា​លី សៀវ​ម៉ី និយាយ​ថា រយៈពេល​ជាង​២​ខែ ប្រឡូក​ក្នុង​វិ​ថី​សិល្បៈ ថ្វី​ដ្បិតតែ​នាង​មិន​ទាន់​មានឱកាស​ទទួល​បាន ការ​សម្ដែង​ក្នុង​ខ្សែភាពយន្ត​ តាម​បំណងប្រាថ្នា​នៅឡើយ​ក្ដី ប៉ុន្តែ​សម្រាប់​ឱកាស​សម្ដែង​ខារ៉ាអូខេ និង​ការ​រាំរែក​តាម​ទូរទស្សន៍​ជាមួយ​តារា​រៀមច្បង គឺ​នាង​មានឱកាស​ស្ទើរ​មិន​មាន​ពេល​សម្រាក ។ ទន្ទឹម​នេះ​សៀវ​ម៉ី ត្រូវ​គេ​ទាក់ទង​ឲ្យ​សម្តែង​ច្រើន ចាប់តាំងពី​នាង​បង្ហាញខ្លួន​នៅ​លើ​វេទិកា​សិល្បៈ​មក ។

ការ​សម្ដែង​ គឺជា​ផ្នែក​សិល្បៈ​តែ​មួយ​គត់​ដែល​លី សៀវ​ម៉ី ចង់​ធ្វើ ឯការ​ច្រៀង​រាំ និង​បង្ហាញម៉ូ​ដ គ្រាន់តែ​ជា​ចំណូលចិត្ត​ទី​២ ដែល​នាង​នឹង​ចាប់​យក​ក្រោយ​ពេល​អាជីព​សម្ដែង​ជោគជ័យ​។ សៀវ​ម៉ី ប្រកាស​ទទួលយក​ការ​សម្ដែង​ដូច​កញ្ញា​នី មុន្នីនាថ ដោយសារ​នាង​ចូល​ចិត្ត​តួ​កម្សត់ និង​មាន​ទេព​កោ​ល​ស្យ​ខ្ពស់​ក្នុង​ការ​យំយែក ជា​ពិសេស​គឺ​ដាក់​អារម្មណ៍ មនោសញ្ចេតនា​មិន​ចាញ់​តារា​មានបទពិសោធន៍​យូរ​ឆ្នាំ​ទេ ។

កញ្ញា​លី សៀវ​ម៉ី គឺជា​តារា​ស្រី​វ័យក្មេង​មានស្រុក​កំណើត​នៅ​ខេត្តកំពង់ស្ពឺ និង​ជា​កូន​ទី​២​ក្នុង​ចំណោម​បងប្អូន​៣​នាក់ មាន​ម្ដាយ​ជា​អ្នកសិល្បៈ​បុរាណ​ផ្នែក​ល្ខោន​យីកេ ។ សៀវ​ម៉ី ស្រឡាញ់​អាជីព​សិល្បៈ​តាំងពី​ធំ​ដឹងក្ដី​មក​ម្ល៉េះ ប៉ុន្តែ​ទើបតែ​មានឱកាស​ចូល​ប្រឡូក​ក្រោម​ការ​ណែនាំ​របស់​តារា​សម្ដែង​លេចធ្លោ​នៅ​ក្នុង​ផលិតកម្ម​ថោ​ន លោក​គន់ រៀម​រតនៈ កាលពី​ពេល ថ្មី​ៗ​កន្លង​មកនេះ ។

ពិធី​ខួបកំណើត​គម្រប់​១៧​ឆ្នាំ​ របស់​កញ្ញា​លី សៀវ​ម៉ី នេះ ឪពុក​ម្ដាយ​ជា​អ្នក​រៀបចំ​ឲ្យ ដោយ​នាង​បញ្ជាក់​ថា មិន​មានការ​ឧបត្ថម្ភ​ពី​គូស្នេហ៍ ឬ​បុរស​ណា​ម្នាក់​ទេ ។

ម្តាយ​របស់​កញ្ញា​លី សៀវ​ម៉ី ឲ្យ​ដឹង​ថា កូនស្រី​របស់​អ្នកស្រី​ចូល​ចិត្ត​សិល្បៈ​តាំងពី​ក្មេង​។ នៅផ្ទះ​សៀវ​ម៉ី​តែងតែ​ច្រៀង​លេង ហើយ​លួច​សម្តែង​កាច់រាង​នៅ​មុខ​កញ្ចក់ ។ សៀវ​ម៉ី ចូល​ចិត្ត​សម្តែង​តួ​យំយែក​ណាស់ ។ នាង​តែងតែ​រៀន​សម្តែង​ជា​តួ​ស្លូត ព្រោះ​មុខមាត់​នាង​សមជា​តួ​ស្លូត ។

អ្នកស្រី​ជា​ម្តាយ​សង្ឃឹមថា កូនស្រី​នឹង​បាន​សម្រេច​តាម​ក្តី​ប្រាថ្នា​នៅ​ក្នុង​ពិភព​សិល្បៈ ។ ទន្ទឹម​នេះ​អ្នកស្រី​ផ្ញើ​កូនស្រី​ម្នាក់​នេះ​ចំពោះ​ទស្សនិកជន​ឱ្យ​ជួយ​គាំទ្រ​នាង​ផង ៕

ប្រភព ៖
កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖

គូររំលឹកដែរថា ទាក់ទងនឹងរឿងតារាស្រីខាងលើនេះ ក៏ធ្លាប់មានតារាស្រី អ្នកនាង គង់ច័ន្ទស្រមុំ នឹង កញ្ញា មាន សូនីតា ធ្លាប់ធ្វើការប្រជែងសម្រស់គ្នាផងដែរ។

កន្លងមកទស្សនិកជន និង មិត្តៗយុវវ័យធ្លាប់បាន ឃើញ កញ្ញា មាន សូនីតា បង្ហាញ ពីវិធីសាស្ត្រផាត់មុខ បែបងាយៗ បង្កើនសម្រស់ស្រស់ស្អាត ដោយ នាង តែងតែបង្ហាញ ជាសារធារណៈ ដល់ទស្សនិកជក នៅក្នុងនោះគេសង្កេតឃើញថា រាល់វីដេអូរបស់នាង បង្ហោះម្តងៗគឺ ទទួលបានការចុចមើល និងគាំទ្ររាប់ម៉ឺននាក់។

ខណៈដែល តារាសម្តែងស្រីល្បី ឈ្មោះ ក្នុងរឿង "ស្នេហ៍ ៩" កញ្ញា មាន សូនីតាកំពុងតែទទួលបានការគាំទ្រទៅលើការបង្ហាញឃ្លីបវីដេអូ បង្រៀនពីវិធីសាស្ត្រផាត់មុខនោះ ស្រាប់តែថ្មីៗនេះ ស្រីស្អាតសាច់សកូនកាត់ចិន កញ្ញា គង់ ច័ន្ទស្រីមុំ ក៏បានបង្ហើបប្រាប់អ្នកគាំទ្រ និងទស្សនិកជនថា ខ្លួនក៏មានគម្រោងចង់បង្ហាញវិធីសាស្ត្រផាត់មុខ និងវិធីសាស្ត្រថែរក្សាមុខផងដែរ។

តារាសម្តែងរូបនេះ បានសរសេរបង្ហោះនៅលើ Facebook របស់ខ្លួនបែបទាមទារ ការចាប់អារម្មណ៍ថា « សុំសួរមួយណាចា!! តើបងប្អូននិងមិត្តៗទាំងអស់ ចង់អោយនាងខ្ញុំបង្ហាញនូវវីដេអូ បង្រៀនអំពីវិធីផាត់មុខ និងថែរក្សាស្បែកដែរឫទេ? ព្រោះមានបងប្អូនមួយចំនួន បានសូមសំណូមពរខ្ញុំបង្ហាញនូវ វិធីផាត់មុខនិងថែរក្សាស្បែក មុខប្រចាំថ្ងៃ។ បើសិនជាបងប្អូននិងមិត្តៗទាំងអស់គាំទ្រឲ្យនាងខ្ញុំ Comment ម្នាក់មួយម៉ាតមកណា ដើម្បីជាកំលាំងចិត្ត»។

តាមរយៈការបង្ហាញសារបែបនេះ បានធ្វើអោយទស្សនិកជន គិតថាស្រីស្អាត កញ្ញា គង់ ច័ន្ទស្រីមុំ ទំនងជាចង់ប្រជែងស្នាដៃផាត់មុខជាមួយ មាន សូនីតា ហើយមើលទៅ ព្រោះថាចាប់ តាំងពី សូនីតា បង្ហាញឃ្លីប បង្រៀន ពីការផាត់មុខមកនាង ហាក់ឡើងកូដ និងមានទស្សនិកជន កាន់តែច្រើនស្គាល់នាង ដូច្នេះក្នុងនាមនាង ជាស្រីស្អាតម្នាក់ ដែលបើបង្ហាញឃ្លីបវីដេអូបែបនោះ ប្រាកដជាទទួលបាន ការគាំទ្រមិនចាញ់គ្នាទេ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload