ទឹកដោះ​អូន​ថ្លៃ ​ប្រល័យ​ស្នេហ៍​បង

លុយ​ថ្លៃទឹកដោះ​ គឺជា​រឿង​ដ៏​ឈឺក្បាល​មួយ​ នៅ​ក្នុង​ដំណើរការ​ឆ្ពោះទៅ​​កាន់ការ​ព្រមព្រៀង​គ្នា​ រវាង​គ្រួសារ​ខាង​ប្រុស ​និង​ខាង​ស្រី​ដើម្បី​រៀបចំ​អាពាហ៍ពិពាហ៍​មួយ​​ដល់​ពួក​គេ​ ។

វា​មាន​និន្នាការ​មួយ ​ដែល​គ្រួសារ​ខ្មែរ​ចង់​ឱ្យ​​កូនចៅ​​មាន​ពិធី​មង្គលការ​​ដ៏​ធំ​មួយ ​ដើម្បី​មុខមាត់​ខ្លួន​នៅ​ក្នុង​សង្គម​ ។ ដើម្បី​សម្រេច​គោល​បំណង​មួយ​នេះ ការ​ទាមទារ​លុយ​ថ្លៃទឹកដោះ​ពី​គ្រួសារ​ខាង​ប្រុស ​ក៏​កាន់តែ​ខ្ពស់​ សម្រាប់​ការ​រៀបចំ​ពិធី​មង្គលការ​ដ៏​ធំ​ដំ​មួយ​នោះ​។

លុយ​ថ្លៃទឹកដោះ​ សម្រាប់​ការ​រៀប​មង្គលការ​ នៅ​ទីក្រុង​ភ្នំពេញ​មាន​ចាប់តាំងពី​៥០០០ដុល្លារ រហូត​ដល់​រាប់​ម៉ឺន​ដុល្លា​រ ដែល​ពេល​ខ្លះ​ហួស​​ពី​សមត្ថភាព​នៃ​ការ​ទទួល​រ៉ាប់​រង​​របស់​គ្រួសារ​ខាង​​ប្រុស ​។ រឿង​ដ៏​អាក្រក់​ជាង​នេះ មាន​គូ​ស្នេហ៍​ខ្លះ ​ក៏​ត្រូវ​បែក​គ្នា​ ដោយសារ​តែ​ឪពុក​ម្តាយ​ខាង​ស្រី​ ទាមទារ​លុយ​ទឹកដោះ​នេះ​​ថ្លៃ​ពេក​ ហើយ​ខាង​ប្រុស​មិន​មាន​សមត្ថភាព​ ក៏​សម្រេច​ផ្តាច់​មិន​ឱ្យ​​កូនស្រី​​រៀប​ការ​ជាមួយ​​អនាគត​កូន​ក​ម្លោះ​។

មក​ដល់​ត្រឹមនេះ ​ស្នេហ៍​អូន​និង​បង ​ក៏​ត្រូវ​បញ្ចប់​ដោយសារ​តែ​អំណាច​នៃ​លុយ​ដុល្លារ ​។

ជីវិត​អាពាហ៍ពិពាហ៍​របស់​បុរស​ និង​ស្ត្រី​មិនមែន​ចំណុះ​ទៅ​លើ​ពិធី​ធំដុំ​នោះ​ឡើយ ​។ មាន​ពា​ហ៍​ពិពាហ៍​ធំ​គគ្រឹក​គ្រេង​ជា​ច្រើន​ បាន​ត្រឹមតែ​នាំ​ដល់​ការ​ឈ្លោះ​ទាស់ទែង​គ្នា​យ៉ាង​ក្ឌុង​ក្ឌាំង​នៅ​ក្នុង​គ្រួសារ​ ហើយ​ទីបំផុត​ ក៏​មានការ​ចែកផ្លូវ​គ្នា​។

ជីវិត​អាពាហ៍ពិពាហ៍​ដ៏​ល្អ​ផូ​រ​ផង់​មួយ ​មិន​ចំណុះ​ទៅ​លើ​ពិធី​មង្គលការ​ ដែល​មាន​ភ្ញៀវ​ចូលរួម​រាប់​ពាន់​នាក់​នោះ​ឡើយ​ ។ វា​អាស្រ័យ​តែ​ទៅ​លើ​មនុស្ស​២​នាក់​ប៉ុណ្ណោះ​ គឺ​កូន​ក​ម្លោះ​ និង​កូនក្រមុំ​។ កាលបើ​កូន​ក​ម្លោះ​ និង​កូនក្រមុំ​ មានការ​យល់ចិត្ត​គ្នា​ច្បាស់លាស់ ចេះ​ស្រឡាញ់​គ្នា ចេះ​យោគយល់​គ្នា ចេះ​ថែទាំ​គ្នា និងចេះ​អត់អោន​អោយ​គ្នា​នោះ ពួក​គេ​នឹង​មានជីវិត​អាពាហ៍ពិពាហ៍​ដ៏​សុភមង្គល​មួយ​ជាមួយនឹង​ស្នាមញញឹម​ដាក់​គ្នា​រាល់ថ្ងៃ​។

ដូច្នេះ ឪពុក​ម្តាយ​មិន​គួរ​នឹង​យក​បញ្ហា​លុយ​ថ្លៃទឹកដោះ​នេះ ​ធ្វើ​អោយ​ប៉ះពាល់​ដល់​ស្នេហា​របស់​កូនប្រុស​និង​កូនស្រី​ឡើយ​ ។ គូ​ស្នេហ៍​​ដែល​ស្រឡាញ់​គ្នា​ ក៏​ទំនងជា​មិន​ប្រាថ្នា​ដល់​ពិធី​មង្គលការ​ដ៏​គគ្រឹកគគ្រេង​ឡើយ ​។ គេ​ចង់បាន​តែ​ការ​រស់នៅ​ដោយ​ស្រប​ច្បាប់​ជាមួយនឹង​មនុស្ស​ជាទី​ស្រឡាញ់​របស់​ពួក​គេ​ ។

ជំនួស​ឱ្យ​ការ​កំណត់​តម្លៃ​ថ្លៃទឹកដោះ​​ដ៏​ច្រើន​ហួសហេតុ គ្រួសារ​ខាង​ប្រុស ​និង​គ្រួសារ​ខាង​ស្រី ​អាច​រួម​គ្នា​រៀបចំ​អាពាហ៍ពិពាហ៍​មួយ​ដល់​កូនប្រុស​ស្រី​ទៅ​តាម​សមត្ថភាព​របស់​ពួក​គេ​ ។ វា​មិន​ថា​ ជា​អាពាហ៍ពិពាហ៍​​ដែល​មាន​មនុស្ស​ចូលរួម​ត្រឹម​ដប់​ម្ភៃ​នាក់ ​ឬ​រាប់​ពាន់​នាក់​ទេ​ ។ កាលបើ​កូន​ក​ម្លោះ​ និង​កូនក្រមុំ​អាច​រស់នៅ​ជាមួយ​គ្នា​ជា​មិត្ត​១០០​ឆ្នាំ​ហើយ​នោះ ​គឺជា​ការ​សម្រេច​គោលដៅ​នៃ​ជិ​វិត​អាពាហ៍ពិពាហ៍​ហើយ ​។ ការ​កំណត់​តម្លៃ​ទឹកដោះ​ ក៏​ប្រៀប​ដូច​ជា​ជំនួញ​មួយ​ជា​ជាង​អាពាហ៍ពិពាហ៍​មួយ​ ដែល​នឹង​បើកផ្លូវ​អោយ​កូន​ក​ម្លោះ ​និង​កូនក្រមុំ​រស់នៅ​ជាមួយ​គ្នា​ដោយ​ស្របច្បាប់ ​។

ចំណែក​កូន​ក​ម្លោះ ​និង​កូនក្រមុំ​ ក៏​មិន​គួរ​នឹង​ឆាប់​ចាប់ផ្តើម​ជីវិត​អាពាហ៍ពិពាហ៍​ពេក​ដែរ បើសិនជា​ពួក​គេ​មិន​ទាន់​មាន​ល​ទ្ធ​ភាព​រក​ចំណូល​ ដើម្បី​រស់​ដោយ​ខ្លួនឯង ​និង​មាន​លុយកាក់​គ្រប់គ្រាន់​ សម្រាប់​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍​ដ៏​សមរម្យ​មួយ​សម្រាប់​ខ្លួន​ ។ ពួក​គេ​ត្រូវ​រឹង​មាំ​ផ្នែក​សេដ្ឋកិច្ច​ មុន​ពេល​ចាប់ផ្តើម​ជីវិត​អាពាហ៍ពិពាហ៍​ ។ បើ​ពុំនោះ​ទេ​ ស្ថានភាព​សេដ្ឋកិច្ច​គ្រួសារ​​នឹង​អាច​ឈាន​ដល់​ការ​បំផ្លាញ​ស្នេហា​របស់​ពួក​គេ​បាន​។

ដូច្នេះ​ ស្នេហ៍​អូន​និង​បង ​នឹង​កាន់តែ​មាន​ន័យ ​បើសិនជា​អូន​និង​បងអាច​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង​គ្រប់យ៉ាង ​មិន​ថា​ផ្នែក​សេដ្ឋកិច្ច គ្រួសារ ឬ​ស្នេហា​ឡើយ​។

សរុបសេចក្តី​មក គ្រួសារ​ខ្មែរ​គួរតែ​ពិចារណា​ឡើង​វិញ​ អំពី​ផ្នត់គំនិត​លុយ​ថ្លៃទឹកដោះ​នេះ ​។ វា​មិន​ត្រូវជា​ការ​កាត់ថ្លៃ​ដូច​ទំនិញ​នោះ​ឡើយ​។ វា​ត្រូវ​តែ​ជា​ការ​ចូលរួម​គ្នា​ តាម​សមត្ថភាព​របស់​គ្រួសារ​ទាំងប្រុស​និង​ស្រី​ ដើម្បី​ផ្តល់​ការ​រៀបចំ​អាពាហ៍ពិពាហ៍​ដល់​កូនប្រុស​និង​កូនស្រី​។

បើ​ពុំនោះ​ទេ ថ្លៃទឹកដោះ​របស់​អូន​នឹង​អាច​ហួស​សមត្ថភាពរ​បស់បង ​ដែល​បាន​ផ្សង​រស់នៅ​ជាមួយ​អូន​អស់​មួយ​ជីវិត​ ។​ អំណាច​ដុល្លា​រ មិន​ត្រូវ​អនុញ្ញាត​​ឱ្យ​មក​ប្រហារ​ស្នេហា​យើង​​ឡើយ​៕