ប៉េអឹម​ស្វាយរៀង ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ម្នាក់ ជា​មុខសញ្ញា​ជួញដូរ​និង​ចែកចាយ​គ្រឿងញៀន នៅ​ស្រុក​កំពង់រោទ៍

ស្វាយរៀង:
ដោយ​ទទួលបាន​បទបញ្ជា​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សែ វុទ្ធី មេ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត កម្លាំង​មន្ទីរ​យុត្តិធម៌ និង កម្លាំង មន្ទីរ​បច្ចេកទេស​សន្តិ​សុខ សហការ​ជាមួយនិង​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​កំពង់​រោទ៍ បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​មុខសញ្ញា​ជួញដូរ ឬ​ចែកចាយ​សារធាតុ​ញៀន បាន​ម្នាក់ និង​ដកហូត​បាន​វត្ថុតាង​មួយចំនួន នៅ​ថ្ងៃទី​២៩ ខែមេសា​
​ឆ្នាំ​២០១៦ នៅត្រង់ចំណុច​មុខ​កាស៊ីណូ​ឡាក់​គី ស្ថិតក្នុង​ភូមិ​ព្រៃ​វល្លី ឃុំ​ថ្មី ស្រុក​កំពង់​រោទ៍ ខេត្តស្វាយរៀង​

​បើតាម​លោក​អនុសេនីយ៍ត្រី សួន ចន្ថា នាយការិយាល័យ​បទល្មើស​គ្រឿងញៀន នៃ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង បាន​ឲ្យ​ដឹងថា ក្រោយពី​ទទួល​បទបញ្ជា​របស់លោក​មេ​បញ្ជា​កងរាជអាវុធហត្ថ​ខេត្ត​រួចមក កម្លាំង​យើង​បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​មានឈ្មោះ ហ្វៀ​ង  យ៉ាង​ហ្គាំ ភេទ​ប្រុស អាយុ ២១​ឆ្នាំ ជនជាតិ​វៀតណាម មាន​ទីលំនៅ​ភូមិ​សាមី​ជុង សង្កាត់​អាប់​មី​វ៉ា ខេត្ត​ទៀង​យ៉ាង ប្រទេស​វៀតណាម ដែលជា​មុខសញ្ញា​ចែកចាយ​យ៉ាងសកម្ម​។​

​លោក​អនុសេនីយ៍ត្រី សួន ចន្ថា បាន​បន្ត​ឲ្យ​ដឹង​ទៀតថា ក្នុងការ​បង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​នោះ សមត្ថកិច្ច​បាន​រកឃើញ​វត្ថុតាង​មួយ​រួមមាន​៖ ម្សៅ​ក្រាម​រឹង​ពណ៌​ស​ថ្លា ចំនួន​៩​កញ្ចប់​តូច  ទូ​ស័​ព្ឌ ២ គ្រឿង ហើយ​បច្ចុប្បន្ន​ជនសង្ស័យ​រួម​និង​វត្ថុតាង​ត្រូវបាន​ឃាត់ខ្លួន​និង ក្សា​ទុក​នៅ​បញ្ជាការដ្ឋាន​កង​រាជ​អាវុធ​ហ​ត្ត​ខេត្តស្វាយរៀង ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​បន្តទៅ​អយ្យការ​អម​សាលា​ដំ​​បូ​ង​ខេត្តស្វាយរៀង ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​

ប៉េអឹម​ស្វាយរៀង ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ម្នាក់ ជា​មុខសញ្ញា​ជួញដូរ​និង​ចែកចាយ​គ្រឿងញៀន នៅ​ស្រុក​កំពង់រោទ៍