បឹងកេត ឈ្នះម្ចាស់ផ្ទះភ្នំពេញក្រោន ១-០ ទាំងចម្រូងចម្រាស

ភ្នំពេញ៖ ក្រុមបឹងកេតអង្គរ បានឡើងឈរកំពូលតារាងលីគកំពូលកម្ពុជា(MCL-2016) ជាបណ្ដោះអាសន្នហើយ ក្រោយរកបាន ៣ពិន្ទុបន្ថែម តាមរយៈជ័យជម្នះ ទាំងចម្រូងចម្រាស លើក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន ដោយលទ្ធផល ១-០ ក្នុងជំនួបលើទីលានកីឡដ្ឋាន RSN ដែលទើបបញ្ចប់ការប្រកួតមុននេះ ។

គ្រាប់បាល់ជ័យជម្នះរបស់ក្រុមភ្ញៀវ បឹងកេតអង្គរ គឺធ្វើសម្រេចដោយកីឡាករ សុខ សុវណ្ណ នៅនាទីទី៧២ ខណៈតង់ទី១ ក្រុមទាំងពីរ បានបញ្ចប់ការប្រកួតស្មើគ្នា ០-០ ។ ប៉ុន្ដែអ្វីដែលគួរឲ្យចាប់អារម្មណ៍ក្នុងជំនួបដ៏តានតឹងនេះ បន្ទាប់ពីបឹងកេត នាំមុខ ១គ្រាប់នោះ ក្រុមទាំងពីរបានបង្កើនការវាយសម្រុករៀងៗខ្លួន រហូតប៉ះទង្គិចគ្នា ២លើក និងមានករណីវាយតបគ្នានៅលើទីលានទៀតផង ។

ជាមួយនឹងករណីចម្រូងចម្រាសនេះ លើកទី១ ដែលមានការប៉ះទង្គិចគ្នាខ្លាំង អាជ្ញាកណ្ដាលលើទីលានបាន ពិន័យកាតក្រហមកីឡាករ ២នាក់ គឺកីឡាករភ្នំពេញក្រោនម្នាក់ និងកីឡាករបឹងកេតអង្គរម្នាក់ ។ លុះបន្ដការប្រកួតបានបន្ដិចក្រោយមក ក៏មានការប៉ះទង្គិចគ្នាជាថ្មី ដែលភ្លាមនោះអាជ្ញាកណ្ដាល បានពិន័យកាតលឿង ទៅលើកីឡាករ ម្ចាស់ផ្ទះ ។

ប៉ុន្ដែអ្នកចាំទីក្រុមបឹងកេត កីឡាករ ស៊ូ យ៉ាទី មិនសុខចិត្តក៏រត់មកវាយកីឡាករភ្នំពេញក្រោន តែមិនត្រូវប៉ុន្មាននោះទេ ព្រោះមានអាជ្ញាកណ្ដាល និងមិត្តរួមក្រុមជួយ សម្រួលទាន់ពេល ទើបការប្រកួតបន្ដរហូតដល់ចប់ ដែលធ្វើឲ្យក្រុមបឹងកេត យកឈ្នះត្រឹមលទ្ធផល ១-០ ដើម្បីឡើងឈរកំពូលតារាង ដោយមាន ១៥ពិន្ទុក្នុងដៃតែម្ដង ៕

បឹងកេត ឈ្នះម្ចាស់ផ្ទះភ្នំពេញក្រោន ១-០ ទាំងចម្រូងចម្រាស