សម្តេចតេជោហ៊ុន សែន​ ​៖ ផឹកទឹកនឹក​ដល់ប្រភព ​​ហូបផ្លែឈើនឹងដល់អ្នកដំា

ខេត្តព្រះសីហនុ ៖​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​បានបញ្ជាក់ជាថ្មីថាផ្លូវរថភ្លើង​ភ្នំពេញខេត្តព្រះសីហនុ​​ត្រូវបាន​កសាង​ឡើងនៅក្នុង​សម័យសង្គមរាស្រ្តនិយម​ ក្រោមស្នាព្រះហស្ថនៃព្រះករុណា ​សម្តេចព្រះនរោត្តមសីហនុ ​(ព្រះបរមរតនកោដ្ឋ) មិនមែន​ជំនាន់​បារំាងនោះទេ​ ​ផឹកទឹកនឹក​ដល់ប្រភព​ ​​ហូបផ្លែឈើនឹង​ដល់អ្នកដំា។

ប្រសាសន៍របស់សម្តេចតេជោ​នាយករដ្ឋមន្រ្តីខាងលើនេះ​ បានធ្វើឡើងនៅព្រឹកថ្ងៃទី០១ ឧសភា​ ២០១៦ ​ក្នុងឱកាសដែលសម្តេច​បាន​អញ្ជើញចូលអបអរសាទរ​ទិវាពលកម្មអន្តរជាតិ០១ឧសភា ​និងសំណេះសំណាលសួរសុខទុក្ខ​កម្មករកម្មការិនី​កំពង់ផែស្វ័យត​ខេត្តព្រះសីហនុ ។

ក្នុងឱកាសនោះដែរ​សម្តេចតេជោ ហ៊ុន សែន ​ក៍បានស្នើឲ្យលោកទេសរដ្ឋមន្រ្តី ​ស៊ុន ចាន់ថុល ​រដ្ឋមន្រ្តីក្រសួង​សាធារណការ​និង​ដឹកជញ្ជូនរៀបចំឲ្យសម្តេច​ចូលគាល់ព្រះមហាក្សត្រយាង​ព្រះអង្គធ្វើដំណើរតាមរថភ្លើង​ ដើម្បីទតដោយផ្ទាល់នូវការ​រីចម្រើនរបស់​ប្រទេស ដែលកើតចេញពីសន្តិភាព ​និងមរតកបិតាព្រះអង្គ ៕