លោក ប្រាក់ សុខុន ៖ កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស គួរ​ព្រួយបារម្ភ​នៅ​តំបន់​អាស៊ី​ទាំងមូល បណ្តាលមកពី​ច​ម្លោះ​អធិបតេយ្យភាព អំពើ​ភេរវកម្ម​ជ្រុលនិយម​

ភ្នំពេញ:
លោក​ទេសរដ្ឋមន្ត្រី​ប្រាក់ សុខុន បាន​ឲ្យ​ដឹងថា “​សន្តិសុខ និង​ការអភិវឌ្ឍ ប្រកបដោយ​ចីរភាព គឺជា​ធាតុ​ពីរ​ដែល​មិនអាច​កាត់ផ្តាច់​ពីគ្នា​បាន​។ សន្តិភាព និង​សន្តិសុខ នឹង​ជួប​ហានិភ័យ ប្រសិនបើ​គ្មាន​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ជាពិសេស​សភាពការណ៍​សន្តិសុខ​ដែល​ប្រែប្រួល​យ៉ាង​ស្មុគស្មាញ និង​គួរ​ព្រួយបារម្ភ​នៅ​តំបន់​អាស៊ី​ទាំងមូល បណ្តាលមកពី​ច​ម្លោះ​អធិបតេយ្យភាព អំពើ​ភេរវកម្ម​ជ្រុលនិយម​ប្រកបដោយ​ហិង្សា ការជួញដូរ​គ្រឿងញៀន​ខុសច្បាប់ និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ផ្សេងទៀត​។​

​តប​តាម​ការអញ្ជើញ​របស់លោក វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន លោក ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​លើក​ទី​៥ នៃ​សន្និសីទ​អន្តរសកម្មភាព និង​វិធាន​ការកសាង​ទំនុកចិត្ត​នៅ​អាស៊ី (CICA)” ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​២៧ ដល់​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៦ នៅ​ទីក្រុង​ប៉េកាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​កិច្ចប្រជុំ បានធ្វើការ​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់​ស្តីពី​សភាពការណ៍​សន្តិសុខ​ដែល​ប្រែប្រួល​យ៉ាង​ស្មុគស្មាញ និង​គួរ​ព្រួយបារម្ភ​នៅ​តំបន់​អាស៊ី​ទាំងមូល បណ្តាលមកពី​ច​ម្លោះ​អធិបតេយ្យភាព អំពើ​ភេរវកម្ម​ជ្រុលនិយម​ប្រកបដោយ​ហិង្សា ការជួញដូរ​គ្រឿងញៀន​ខុសច្បាប់ និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ផ្សេងទៀត​។ អង្គ​ប្រជុំបាន​សម្តែង​នូវ​ការឯកភាព​ខាង​ទស្សនៈ ស្តីពី​ភាពចាំបាច់​ក្នុងការ​កសាង​នូវ​បរិស្ថាន​ជាប់លាប់​មួយ​សម្រាប់​សន្តិភាព និង​សន្តិសុខ​រួម​គ្រប់​ជ្រុងជ្រោយ និង​ស្ថិតស្ថេរ​តាមរយៈ​ការពិគ្រោះ​យោបល់ កិច្ចពិភាក្សា ការចរចា កិច្ចសហប្រតិបត្តិការ និង​ការអនុវត្ត​វិធាន​ការកសាង​ទំនុកចិត្ត​ក្នុង​ក្របខ័ណ្ឌ​នានា​នៃ​សន្និសីទ​អន្តរសកម្មភាព និង​វិធាន​ការកសាង​ទំនុកចិត្ត​នៅ​អាស៊ី​។​

​ក្នុង​បទ​អន្តរាគមន៍​ថ្លែង​ទៅកាន់​កិច្ចប្រជុំ លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់​ជាអាទិ៍​ថា ស៊ីកា (CICA) គឺជា​វេទិកា​ពិភាក្សា​នយោបាយ​មួយ​ដ៏​ល្អ​រវាង​បណ្តា​សមាជិក​ដោយ​ផ្អែកលើ​ការពិគ្រោះ​យោបល់ កិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ និង​មិន​ប្រឈមមុខ​ដាក់គ្នា​។ យើង​គួរតែ​បន្ត​អភិវឌ្ឍន៍​ផ្អែកលើ​អាណត្តិ​របស់​ស៊ីកា ដើម្បី​ដាក់ចេញ និង​អនុវត្តន៍​វិធាន​ការកសាង​ទំនុកចិត្ត​ច្បាស់លាស់​ថែមទៀត ដែល​អាចរួមចំណែក​ដ​ល់​ការរក្សាបាន​នូវ​សន្តិភាព សន្តិសុខ ស្ថិរភាព និង​សំខាន់បំផុត​គឺ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​

​លោក​ទេសរដ្ឋមន្ត្រី​បាន​បន្តទៀតថា “​សន្តិសុខ និង​ការអភិវឌ្ឍ ប្រកបដោយ​ចីរភាព គឺជា​ធាតុ​ពីរ​ដែល​មិនអាច​កាត់ផ្តាច់​ពីគ្នា​បាន​។ សន្តិភាព និង​សន្តិសុខ នឹង​ជួប​ហានិភ័យ ប្រសិនបើ​គ្មាន​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។ នេះ​គឺជា​ការពិត​ដោយ​ផ្អែកលើ​បទពិសោធន៍​ដែល​ប្រទេស​ខ្ញុំ​បាន​ឆ្លងកាត់​បន្ទាប់ពី​កិ​ច្ជ​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ ១៩៩១​។ មាន​សន្តិភាព សន្តិសុខ និង​ស្ថិរភាព​នយោបាយ​កម្ពុជា​សម្រេចបាន​កំណើនសេដ្ឋកិច្ច​លើសពី​៧​ភាគរយ​ក្នុង​រយៈពេល​ជាង​ពីរ​ទស្សវត្សរ៍​កន្លងមក​នេះ​។ ដូចនេះ​យើង​គួរ​សហការគ្នា​បង្កើត​ការប្រឹងប្រែង​រួម និង​មាន​ប្រសិទ្ធភាព ដើម្បី​ជម្នះ​បញ្ហា​ប្រឈម​និង​ភាពខុសគ្នា​ដ៏​ច្រើន ហើយ​ឆ្លៀត​ប្រើប្រាស់​នូវ​កាលានុវត្តភាព​ទាំងឡាយ​ដើម្បី​កសាង​សន្តិភាព​”​។​

​លោក​បន្តទៀតថា “​កម្ពុជា​សូម​ស្វាគមន៍​ការបង្កើត​ទំនាក់ទំនង​រវាង​លេខាធិការដ្ឋាន CICA និង​អាស៊ាន និង​ស្វាគមន៍​សំណើ​របស់​ចិន​ក្នុង​ការទទួល​ធ្វើជា​ម្ចាស់ផ្ទះ សម្រាប់​កិច្ចប្រជុំ​កំពូល​ស៊ីកា​លើក​ទី​៥ ឆ្នាំ​២០១៨ និង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​ស៊ីកា​លើក​ទី​៦ ឆ្នាំ ២០២០”​។​

​លោក បាន​បញ្ជាក់ថា កិច្ចប្រជុំ​បានអនុម័ត​លើ “​សេចក្តីថ្លែងការណ៍​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​លើក​ទី​៥ នៃ​សន្និសីទ​អន្តរសកម្មភាព និង​វិធាន​ការកសាង​ទំនុកចិត្ត​នៅ​អាស៊ី​” ដែល​រួមមាន​ខ្លឹមសារ​សំខាន់ៗ​គឹ​៖ កិច្ច​ប្រជុំបាន​អះអាងថា ពុំមាន​ប្រទេស រឹ​ក្រុម​ប្រទេស​ណា​មូ​យ មាន​សិទ្ធិ​អន្តរាគមន៍​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល ទោះជា​ក្នុង​ហេតុផល​អ្វី​ក៏ដោយ​ចូល​កិច្ចការ​ផ្ទៃក្នុង ឬ​ផ្ទៃក្រៅ​របស់​ប្រទេសមួយ​ផ្សេង​ទៀតឡើយ​។ ឯកឧត្តម​បាន​បន្តទៀតថា កិច្ចប្រជុំ​ក៏បាន​សម្តែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការ​ប្រឈម​ផ្នែក​សន្តិសុខ​នៅ​អាស៊ី និង​នៅ​ទីកន្លែង​ផ្សេងទៀត ដែល​បង្កឡើង​ដោយ​ការកើនឡើង​នូវ​ការគំរាមកំហែង និង​អំពើ​ភេរវកម្ម​។​

​នៅក្នុង​កិច្ចប្រជុំ​នោះបាន​អះអាង​ជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​បង្កើន​កិច្ច​សហប្រតិបត្តិ ការប្រយុទ្ធប្រឆាំង​ការ ប្រឈម​ឆ្លងដែន ដូចជា​ឧក្រិដ្ឋកម្ម​មានការ​ចាត់​តាំង ការរត់ពន្ធ​គ្រឿងញៀន ការជួញដូរ​មនុស្ស និង​ឧក្រិដ្ឋកម្ម​តាម​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មានវិទ្យា ហើយក៏​បាន ស្វាគមន៍​ការបង្កើត​សហគមន៍​អាស៊ាន​នៅ​ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ​២០១៥ និង​ការខិតខំ​របស់​អាស៊ាន​ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​តំបន់ ដើម្បី​លើកស្ទួយ​សន្តិភាព និង​សន្តិសុខ​តំបន់  ដោយ​ជំរុញ​ការបង្កើតឡើង​នូវ​ទំនាក់ទំនង​រវាង​លេខាធិការដ្ឋាន​របស់ CICA និង​របស់​អាស៊ាន​។​

​សន្និសីទ​អន្តរសកម្មភាព និង​វិធាន​ការកសាង​ទំនុកចិត្ត​នៅ​អាស៊ី គឺជា​វេទិកា​អន្តរ​រដ្ឋា​ភិ​-​បាល​សម្រាប់​បង្កើន​កិច្ចសហប្រតិបត្តិការ​ឆ្ពោះទៅ រក​ការជំរុញ​សន្តិភាព សន្តិសុខ និង​ស្ថេរភាព​នៅ​អាស៊ី​។ សន្និសីទ​នេះ ត្រូវបាន​បង្កើតឡើង​នៅ​ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ​១៩៩៩ និង​មាន​រដ្ឋ​សមាជិក​ចំនួន​២៦ រដ្ឋ​សង្កេតការណ៍​ចំនួន​៦ និង​អង្គការ​សង្កេតការណ៍​ចំនួន​៤​។​

​ក្នុងឱកាស​ចូលរួម​កិច្ចប្រជុំ​នេះ លោក​ទេសរដ្ឋមន្ត្រី​ក៏បាន​ជួប​ទ្វេភាគី​មួយចំនួន​។  នៅក្នុង​ជំនួប​ការងារ​ជាមួយ​លោក វ៉ាង យ៉ាន​ហ្សី (WANG Yanzhi) ប្រធាន និង​ជានា​យក​ប្រតិបត្តិ មូលនិធិ​វិថី​សូត្រ របស់​ចិន លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់​ពី​បំណងប្រាថ្នា​របស់​កម្ពុជា ក្នុងការ​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​ចិន ក្នុង​ក្របខ័ណ្ឌ​គំនិត​ផ្តួចផ្តើម ខ្សែក្រវាត់​មួយ វិថី​មួយ របស់លោក​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង​។ លោក ទេសរដ្ឋមន្ត្រី ក៏បាន​លើកឡើង​ពី​តម្រូវការ​របស់​កម្ពុជា​លើ​ផ្នែក​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​គាំទ្រ​ដល់​កិច្ច​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ទេសចរណ៍ ហើយ​ឯកឧត្តម​បាន​ស្នើឱ្យ​មូលនិធិ​វិថី​សូត្រ ជួយ​ជំរុញ​វិនិយោគ​ចិន​លើ​គម្រោង​ទាំងនោះ​។​

​លោក វ៉ាង យ៉ាន​ហ្សី បាន​ជម្រាប​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ថា អាទិភាព​សំខាន់​របស់ «​មូល និ​ធិ​វិថី​សូត្រ​» គឺ​តំបន់​អាស៊ីអាគ្នេយ៍​ក្នុងនោះ​ក៏មាន​កម្ពុជា​ផងដែរ​។ ដូចនេះ មូលនិធិ​នឹង​គាំទ្រ​ដល់​គម្រោង​នានា​ក្នុង​ការតភ្ជាប់​នៅ​កម្ពុជា​។​

​លោក​ទេសរដ្ឋមន្ត្រី និង​លោក​ប្រធាន​មូលនិធិ បាន​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់​គ្នា លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា ពិសេស​គឺ​ការកសាង​អាកាសយានដ្ឋាន​ថ្មី​នៅ​ខេត្តសៀមរាប ការពង្រីក​អាកាសយានដ្ឋាន និង​កំពង់ផែ​នៅ​ខេត្ត​ព្រះសីហនុ ហើយ​និង​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន​ក្នុង​ផ្នែក​ផលិតកម្ម​កសិកម្ម​នៅ​កម្ពុជា​។​

​លោក​បាន​ជួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ថៃ លោក Don Pramudwinai ហើយ​បាន​ពិភាក្សា​អំពី​ការពង្រឹង​និង​ពង្រីក​បន្ថែមទៀត នូវ​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង​តំបន់​។ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ និង​ទទួល​ដោយ​រីករាយ​ចំពោះ​សេចក្តី​អញ្ជើញ​របស់​ឯកឧត្តម Don Pramudwinai  បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​ថៃ​។​

​លោក​ក៏បាន​ជួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​តួ​ក​គី លោក Mevlut Cavusoglu ហើយ​បាន​ពិភាក្សា​អំពី​ការជំរុញ​ទំនាក់ទំនង​ទ្វេភាគី និង​បេក្ខភាព​របស់​តួ​ក​គី ជា​ដៃគូ​សន្ទនា តាម​ផ្នែក​របស់​អាស៊ាន​។ រដ្ឋមន្ត្រីការបរទេស​តួ​ក​គី បាន​អញ្ជើញលោក ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​តួ​ក​គី ក្នុងពេល​វេលា​ដ៏​សមស្រប​មួយ​៕