អ្នក​ចាំទី​ ស៊ូ យ៉ាទី​ ចេញ​មុខ​សុំ​ទោស​រឿង​ទប់​កំហឹង​មិន​បាន​ល្ងាច​មិញ​​

អ្នក​ចាំ​ទី​របស់​បឹងកេត​អង្គរ​​ ស៊ូ យ៉ាទី​បាន​ទទួល​ស្គាល់​កំហុស​របស់​​ខ្លួន​ និង​សុំ​ទោស​​ដល់​អ្នក​គាំទ្រ​ ​បន្ទាប់​ពី​រូប​គេ​ទប់​អារម្មណ៍​មិន​​បាន​​​បណ្តាល​ឲ្យ​ប៉ះ​ទង្គិច​គ្នា​ពេល​បឹងកេត​ឈ្នះ​ភ្នំពេញ​ក្រោន​១-០ កាល​ពី​ល្ងាច​មិញ។

 

អ្នក​ចាំទី​ ស៊ូ យ៉ាទី​ ចេញ​មុខ​សុំ​ទោស​រឿង​ទប់​កំហឹង​មិន​បាន​ល្ងាច​មិញ​​អ្នក​ចាំទី ស៊ូ យ៉ាទី

 

ការ​​ប៉ះ​ទង្គិច​គ្នា​រវាង​កីឡាករ​របស់​ភ្នំពេញ​ក្រោន​ និង​បឹងកេត​អង្គរ​​បាន​កើត​ឡើង​ជា​លើក​ទី​២​ ​បន្ទាប់​ពី​សមាជិក​របស់​ភ្នំពេញ​ក្រោន​ទាត់​ប៉ះ​ជើង​របស់​សមាជិក​បឹងកេត​អង្គរ។ នៅ​ពេល​នោះ​អ្នក​ចាំទី​ ស៊ូ យ៉ាទី​បាន​រត់​ពី​ចម្ងាយ​ទៅ​កន្លែង​ប៉ះ​ទង្គិច​ ប៉ុន្តែ​ត្រូវ​បាន​ខ្សែ​ការពារ​របស់​ភ្នំពេញ​ក្រោន​ Aymard ចាប់​ជាប់។ តាម​រយៈ​ទង្វើ​នេះ​​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មួយ​ចំនួន​បាន​រិះគន់​​ថា​ជា​​ទង្វើ​មិន​សមរម្យ​ ​បន្ទាប់​ពី​ចប់​ការ​ប្រកួត។

 

កាល​ពី​យប់​មិញ​នេះ​ ស៊ូ យ៉ាទី​បាន​ចេញ​មុខ​ទទួល​ស្គាល់​កំហុស​ និង​សុំ​ទោស​​ដល់​អ្នក​គាំទ្រ។ អ្នក​ចាំ​ទី​រូប​នេះ​បាន​សរសេរ​​លើ​ Facebook របស់​ខ្លួន​ថា ៖«ខ្ញុំ​ពិត​ជា​ចង់​សុំទោស​ដល់​អ្នក​គាំទ្រ​បាល់ទាត់​ទាំង​អស់​…​.នូវ​ទង្វើ​ដែល​ខ្ញុំ​បាន​ធ្វើ​ថ្ងៃ​នេះ​ផង​ណា​ …..ប៉ុន្តែ​ខ្ញុំ​ពិត​ជា​ទប់​កំហឹង​ខ្ញុំ​មិន​បាន​មែន​ ….​ព្រោះ​តែ​ឃើញ​គេ​ទាត់​គ្នា​ខ្ញុំ​បែប​នេះ​គឺ​គ្រោះ​ថ្នាក់​ណាស់​ហើយ​ក៏​មិន​មែន​មួយ​ដ​ងឬ​ក៏​ពីរ​ដង​…​ (នេះ​គឺ​មិន​មែន​អចេតនា​ទេ​គឺ​ចេតនា​តែ​ដង)​ដែល​ពួក​គេ​ធ្វើ​បែប​នេះ​…..​ ហើយ​បាន​ជា​ខ្ញុំ​ទប់​កំហឹង​មិន​បាន​…ប៉ុន្តែ​ខ្ញុំ​ដឹង​ថា​ខ្ញុំ​ធ្វើ​នេះ​គឺ​វា​មិន​ល្អ​…​ ខ្ញុំ​ទទួល​ស្គាល់​ថា ខ្ញុំ​ពិត​ជា​ធ្វើ​ខុស​មែន​…ខ្ញុំ​សង្ឃឹម​ថា​អ្នក​ទាំង​អស់​គ្នា​នឹង​លើក​លែង​​ឲ្យ​ខ្ញុំ​នូវ​អី្វ​ដែល​ខ្ញុំ​ធ្វើ​នេះ​…… (ខ្ញុំ​ទទួល​ស្គាល់​ថា​ខ្ញុំ​ឆេវឆាវ​មែន)»។

 

ជំនួប​ដ៏​ក្តៅ​គគុក​​បាន​បញ្ចប់​ទៅ​ដោយ​ បឹងកេត​អង្គរ​យក​ឈ្នះ​ភ្នំពេញ​ក្រោន​ដោយ​លទ្ធផល​ ១-០ ដែល​ខ្សែ​ការពារ​ សុខ សុវណ្ណ​ ជា​អ្នក​ស៊ុត​បាល់​បញ្ចូល​ទី​ ​បន្ទាប់​ពី​ទទួល​បាល់​ពី​ ចាន់ វឌ្ឍនាកា៕

អត្ថបទ៖ ជាន ចាន់រ៉ា